40.8 C
Phnom Penh

ក្រុមហ៊ុន CIC Partner បាត់​លុយ តើ​បាត់​ទៅ​ឯណា អ្នក​ណា​ទទួល​ខុសត្រូវ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន Cambodian Investor Capital Partner ដែល​ហៅ​កាត់​ថា CIC Partner ច្រានចោល​ការ​លើកឡើង​របស់​ម្ចាស់​ទំព័រ​ហ្វេសប៊ុក ឌឹ កន្និដ្ឋា សូ (The Kanitha Show) ជុំវិញ​ការ​សង្ស័យ​ពី​ការ​ធ្វើ​ឱ្យ​បាត់​លុយ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ជិត ១០០​លាន​ដុល្លារ​អាមេរិក​កន្លង​មក (៩៦​លាន​ដុល្លារ) ថា​ជា​ទង្វើ​ឆបោក ជាពិសេស​គឺ​ស្ថាបនិក​វិទ្យាស្ថាន LSI Business School លោក ឃីម សុខហេង ដែល​រង​នូវ​ការ​សង្ស័យ​ពី​ការ​លើកឡើង​នេះ។

ក្រុមហ៊ុន Cambodian Investor Capital Partner (ខេមបូឌាន អិនសស្ទ័រ ឃែភីថល ផាតនើរ ម.ក) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា ក្រុមហ៊ុន​មិន​ដែល​បាន​ប្រកាស​ក្ស័យធន និង​មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​ត្រូវ​ប្រកាស​ក្ស័យធន​ដូច​ការ​លើកឡើង​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​របស់​ម្ចាស់​ទំព័រ​ហ្វេសប៊ុក The Kanitha Show ឡើយ។

ប្រភព​ដដែល​លើកឡើង​ថា បន្ទាប់ពី​ទទួល​បាន​គោលការណ៍​មិន​ជំទាស់​ពី​និយតករ​មូលបត្រ​កម្ពុជា (ន.ម.ក) ក្រុមប្រឹក្សាភិបាល និង​គណៈ​គ្រប់គ្រង​ទាំងអស់​របស់​ក្រុមហ៊ុន ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណៈកម្មការ​ស្ដារ​ក្រុមហ៊ុន និង​មូលនិធិ​ទាំងស្រុង ដែល​មាន​បេសកកម្ម​ចម្បង​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ការប្រាក់​ដែល​ក្រុមហ៊ុន​មិន​បាន​បង់​ឱ្យ​ម្ចាស់​ភាគហ៊ុន​កន្លងមក ដោយ​តម្កល់​ផល​ប្រយោជន៍​របស់​វិនិយោគិន​ជា​អាទិភាព និង​បន្ត​ដំណើរការ​ក្រុមហ៊ុន​ជា​ប្រក្រតី​មក​វិញ។

ជាង​នេះ​ទៀត ក្រុមហ៊ុន​ក៏​កំពុង​ដំណើរការ​កាត់កង​ទ្រព្យសម្បត្តិ​ពី​ក្រុម​សហគ្រាស​ដែល​បាន​ប្រើប្រាស់​ប្រាក់​មូលនិធិ​បាន​ប្រមាណ ៩០​ភាគរយ​នៃ​ទំហំ​ប្រាក់​វិនិយោគ​សរុប​របស់​វិនិយោគិន​ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ចំណែក​តួនាទី​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ក្រុមហ៊ុន ក៏​បាន​រៀបចំ​ថ្មី​ឡើងវិញ​ដែរ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ជា​គោលការណ៍​ពី​និយតករ​មូលបត្រ​កម្ពុជា ក្នុង​នោះ​រួម​មាន សមាសភាព​ក្រុមប្រឹក្សាភិបាល​ថ្មី និង​អគ្គនាយក​ថ្មី គឺ​លោក ថន វណ្ឌុង ជាដើម។

ក្រុមហ៊ុន CIC Partner បញ្ជាក់​ថា សមាសភាព​ថ្មី​នឹង​បន្ត​ដឹកនាំ​ស្ដារ អភិវឌ្ឍ​ក្រុមហ៊ុន ក៏ដូចជា​រៀបចំ​ការងារ​ធ្វើ​និយតកម្ម​ទ្រព្យសកម្ម​ដែល​ប្រមូល​បាន ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​តាម​យន្តការ​របស់​និយតករ​មូលបត្រ​កម្ពុជា ដោយឡែក​លោក ឃីម សុខហេង មិន​មាន​តួនាទី​នៅ​ក្នុង​រចនាសម្ព័ន្ធ​ក្រុមប្រឹក្សាភិបាល ឬ​ភាគហ៊ុន​ចាស់​នៃ​ក្រុមហ៊ុន CIC Partner ដែល​មាន​បញ្ហា​នោះ​ទេ តែ​លោក​គឺជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ដែល​ជា​វិនិយោគិន​ស្ថាប័ន​ធំ​ជាងគេ​នៅ​ក្នុង​មូលនិធិ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន CIC Partner ប៉ុណ្ណោះ ហើយ​លោក​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ទំនុកបម្រុង ស្ដារ និង​អភិវឌ្ឍ​ក្រុមហ៊ុន​ដែរ។

កាលពី​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៤ ម្ចាស់​ទំព័រ​ហ្វេសប៊ុក The Kanitha Show បាន​លើកឡើង​ពី​ការ​ទាមទារ​ការប្រាក់​របស់​ម្ចាស់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន CIC Partner ដោយ​សំដៅ​ទៅ​កាន់​ឈ្មោះ​លោក ឃីម សុខហេង ថា​បើ​ក្រុមហ៊ុន​នេះ​ប្រមូល​លុយ​ពី​ម្ចាស់​ភាគហ៊ុន​ហើយ តែ​បែរជា​ប្រកាស​ក្ស័យធន នោះ​ទង្វើ​នេះ​អាច​ជា​ទង្វើ​បោកប្រាស់ ព្រោះ​ក្រុមហ៊ុន​បាន​ប្រកាស​ក្ស័យធន​បន្ទាប់ពី​បញ្ឈប់​បង់​ការប្រាក់​ទៅ​ឱ្យ​ម្ចាស់​ភាគហ៊ុន​នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ។

ប្រភព​ដដែល​លើកឡើង​ថា លុយ​ដែល​ក្រុមហ៊ុន CIC Partner ប្រមូល​ពី​ម្ចាស់​ភាគហ៊ុន​ទៅ​ផ្តល់​កម្ចី​ឱ្យ​អាជីវកម្ម​តូចៗ​មាន​ចំនួន​រហូត​ដល់​ទៅ ៩៦​លាន​ដុល្លារ​អាមេរិក ដើម្បី​យក​ប្រាក់​ពី​អាជីវកម្ម​តូចៗ​ទាំងនោះ​ទៅ​បែងចែក​ជា​ការប្រាក់​ឱ្យ​ទៅ​ម្ចាស់​ភាគហ៊ុន​ដែល​បាន​ដាក់​លុយ​វិនិយោគ​ជាមួយ​នឹង​ក្រុមហ៊ុន​វិញ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​ដាក់​ការ​សង្ស័យ​ថា បើ​ក្រុមហ៊ុន CIC Partner ប្រើ​ល្បិច​បង្កើត​អាជីវកម្ម​តូចៗ រួច​ហើយ​យក​លុយ​ទាំងនោះ​ទៅ​បណ្ដាក់ទុន បន្ទាប់​មក​ក៏​ប្រកាស​ក្ស័យធន ដោយ​សំអាង​ថា​ម្ចាស់​អាជីវកម្ម​តូចៗ​ដែល​ខ្លួន​បាន​ផ្តល់​កម្ចី​ទាំងនោះ​មិន​បាន​បង់​ការប្រាក់​ឱ្យ​ខ្លួន នោះ​គឺជា​ទង្វើ​បោកប្រាស់​ទាំងស្រុង ហើយ​ក៏​ជា​ការ​លួច​លុយ​របស់​ក្រុមហ៊ុន CIC Partner នេះ​យ៉ាង​ងាយ​ដែរ។

ប្រភព​ខាងលើ​បញ្ជាក់​ថា ជា​រឿង​ចម្លែក​ខ្លាំង​ជាទីបំផុត​ដែល​ម្ចាស់​អាជីវកម្ម​តូចៗ​ជាង ៦០​ភាគរយ​មិន​បង់​ការប្រាក់​ឱ្យ​ក្រុមហ៊ុន CIC Partner ក្នុង​ពេល​ដំណាល​គ្នា ដែល​បញ្ហា​គឺ​នៅ​ត្រង់​ថា ជា​រឿង​ដែល​មិន​គួរ​ឱ្យ​ថា​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​នេះ​បាន​ផ្តល់​លុយ​កម្ចី​ទៅ​ឱ្យ​ម្ចាស់​អាជីវកម្ម​ដែល​គ្មាន​លទ្ធភាព​សង​ឱ្យ​ក្រុមហ៊ុន​ដល់​ទៅ ៦០​ភាគរយ ក្នុង​នាម​ជា​មនុស្ស​កំពូលៗ​ក្នុង​ក្រុមហ៊ុន​អាជីវកម្ម​ដ៏​ធំ​មួយ​នេះ។

ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន CIC Partner

ម្ចាស់​ទំព័រ​ហ្វេសប៊ុក The Kanitha Show លើកឡើង​ដោយ​ការ​ប្រៀបធៀប​ជាមួយ​នឹង​ការ​បោកប្រាស់​តាម​ទម្រង់​ខ្ចី​លុយ​ខាងលើ​នៅ​ប្រទេស​វៀតណាម ថា មហាសេដ្ឋី​ជនជាតិ​វៀតណាម ឈ្មោះ ត្រូង មីលែន បាន​ប្រើ​ល្បិច​លួច​លុយ​ពី​ធនាគារ​វៀតណាម ចំនួន ១២,៥​ពាន់​លាន​ដុល្លារ​អាមេរិក តាមរយៈ​នៃ​ការ​ទិញ​ភាគហ៊ុន​ធនាគារ Saigon Commercial Bank (SCB) ប៉ុន្តែ​ជំហាន​បន្ទាប់ មហាសេដ្ឋី​រូប​នេះ​បាន​ជួល​មនុស្ស​ឱ្យ​បង្កើត​ក្រុមហ៊ុន​ក្លែងក្លាយ​ទៅ​ខ្ចី​លុយ​ពី​ធនាគារ​នេះ​រហូត​ធ្វើ​ឱ្យ​ធនាគារ Saigon Commercial Bank ប្រកាស​ក្ស័យធន​តែម្តង ដោយសារតែ​បំណុល​ក្លែង​បន្លំ​នេះ បន្ទាប់ពី​ក្រុមហ៊ុន​ក្លែងក្លាយ​ទាំងនោះ​បាន​ប្រកាស​ក្ស័យធន​ម្តង​មួយៗ​ជា​បន្តបន្ទាប់។

ដំណាល​គ្នា​នេះ ស្ថាបនិក​វិទ្យាស្ថាន LSI Business School លោក ឃីម សុខហេង បាន​បង្ហោះ​វីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ប្រវែង​ជា ៦​នាទី​កាលពី​ថ្ងៃទី​២១ មីនា នេះ​ថា ការ​លើកឡើង​របស់​ម្ចាស់​ទំព័រ​ហ្វេសប៊ុក The Kanitha Show ពី​រូបលោក​ក្នុង​ក្រុមហ៊ុន​នេះ និង​ការ​ប្រកាស​ក្ស័យធន​របស់​ក្រុមហ៊ុន គឺជា​រឿង​មិន​ពិត ព្រោះ​ជា​ក្រុមហ៊ុន​សហគមន៍ មិនមែន​ជា​ក្រុមហ៊ុន​របស់​លោក​នោះ​ទេ ហើយ​ក្រុមហ៊ុន​នេះ​នៅ​មាន​ដំណើរការ​នៅឡើយ មិន​ក្ស័យធន​ដូច​គេ​រាយការណ៍​នោះ​ទេ។ ទោះជា​យ៉ាងណាក៏ដោយ លោក​ជា​សមាជិក​មួយ​មាន​មុខនាទី​ក្នុង​ក្រុមហ៊ុន​នោះ​ដែរ។

លោក ឃីម សុខហេង បញ្ជាក់​ថា ក្រុមហ៊ុន CIC Partner បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ខ្លះ វា​ជា​រឿង​ពិត ប៉ុន្តែ​មិនមែន​ក្ស័យធន​ទេ ក្នុង​នោះ កូនបំណុល​ដែល​ជា​ម្ចាស់​អាជីវកម្ម​ក្នុង​ក្រុមហ៊ុន CIC Partner ក៏​នៅតែ​បន្ត​បង់​ការប្រាក់​មក​ដល់​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​ដែរ ចំណែក​រូបលោក​ក៏​មិន​ប្រកប​មុខរបរ​ទុច្ចរិត​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤ ក្រុមហ៊ុន ស៊ី.អាយ.ស៊ី ឃែភីថល ផាតនើរ បាន​ជូនដំណឹង​អំពី​ស្ថានភាព និង​ដំណើរការ​របស់​ក្រុមហ៊ុន​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ផ្អាក​បង់​ការប្រាក់​ឱ្យ​ម្ចាស់​ភាគហ៊ុន​របស់​ខ្លួន។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ផ្អែក​តាម​ល្បិច​ឆបោក​របស់​មហាសេដ្ឋី​ជនជាតិ​វៀតណាម ត្រូង មីលែន ដែល​បាន​ប្រើ​ល្បិច​លួច​លុយ​ពី​ធនាគារ​វៀតណាម ចំនួន ១២,៥​ពាន់​លាន​ដុល្លារ​អាមេរិក តាមរយៈ​នៃ​ការ​ទិញ​ភាគហ៊ុន​ធនាគារ Saigon Commercial Bank (SCB) គឺ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​នឹង​ទម្រង់​នៃ​ការ​ផ្តល់​កម្ចី​របស់​ក្រុមហ៊ុន CIC Partner ដែល​បាន​ផ្តល់​កម្ចី​ទៅ​ដល់​ម្ចាស់​អាជីវកម្ម​តូចៗ​ដែល​មិន​បង់​ការប្រាក់​ទៅ​ឱ្យ​ក្រុមហ៊ុន​វិញ រហូត​ក្រុមហ៊ុន​គ្មាន​លុយ​បង់​ការប្រាក់​ឱ្យ​ម្ចាស់​ភាគហ៊ុន​របស់​ខ្លួន​នៅ​ពេលនេះ។

ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា មហា​សេដ្ឋីនី​ជនជាតិ​វៀតណាម ត្រូង មីលែន ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម ចាប់​ខ្លួន​ហើយ ខណៈ​នាយក​គ្រប់គ្រង​ធនាគារ Saigon Commercial Bank (SCB) ក៏​ត្រូវ​កាត់ទោស​ឱ្យ​ជាប់​គុក​មួយ​ជីវិត​ដែរ ប៉ុន្តែ​ក្រុមប្រឹក្សាភិបាល​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន CIC Partner ដូចជា​លោក គុយ វ៉ាត ជាដើម នៅតែ​អាច​រស់នៅ​ដោយ​សេរី​ក្រៅ​ច្បាប់ ដោយ​គ្មាន​ការ​ស៊ើបអង្កេត​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​នៅឡើយ។

លោក គុយ វ៉ាត ម្ចាស់​ហាង Park Café លោក សោម សម្បត្តិ និង​លោក គីម សុខហេង

សារព័ត៌មាន The Cambodia Daily បាន​រក​ឃើញ​ថា គ្រាន់តែ​ក្រុមហ៊ុន CIC Partner បាន​ចុះបញ្ជី​ភាគហ៊ុន​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​ចំនួន ៤​លើក គឺ​មាន​ទំហំ​ទឹកប្រាក់​ជិត ៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (៤៩៤០០០០០​ដុល្លារ) ឯណោះ ក្នុង​នោះ លោក ឃីម សុខហេង បាន​ចុះបញ្ជី​ភាគហ៊ុន​ចំនួន ២​លើក គឺ​លើក​ទី​១ នៅ​អំឡុង​ឆ្នាំ​២០១៥ ក្នុង​ទំហំ​ទឹកប្រាក់ ៧៦៩២៣​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​ស្មើ​នឹង ៧៦៩២៣​ភាគហ៊ុន​ដែរ ហើយ​លើក​ទី​២ នៅ​អំឡុង​ឆ្នាំ​២០២៣ លោក ឃីម សុខហេង ចុះបញ្ជី​ភាគហ៊ុន​បន្ថែម ១​លាន ៩​សែន ៥​ម៉ឺន ៣០០០​ដុល្លារ​សហរដ្ឋ​អាមេរិក (១៩៥៣០០០​ដុល្លារ) ទៀត ដែល​ស្មើ​នឹង ១៩៥៣០០០​ភាគហ៊ុន​ដែរ។

ប៉ុន្តែ​ជនរងគ្រោះ​ក្នុង​របរ​ខ្ចី​ទុន​ដាក់​ទុន​នេះ បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក ឃីម សុខហេង បាន​ប្រមូល​លុយ​ពី​អ្នក​ចូលរួម​វិនិយោគ​ដល់​ទៅ​ជាង ៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ។

សារព័ត៌មាន The Cambodia Daily បាន​រក​ឃើញ​ថា ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​ដើម​ឆ្នាំ​២០២២ ក្រុមហ៊ុន CIC Partner បាន​ទទួល​លុយ​ពី​ម្ចាស់​វិនិយោគ​ដើម្បី​ទទួល​បាន​ការប្រាក់​ជាង ៦០០​នាក់​ដែល​ម្នាក់​បាន​ដាក់​លុយ​តិច​បំផុត​ចំនួន ១​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

បណ្ឌិត ឃីម សុខហេង ជា​បុគ្គលិក​អប់រំ​ផ្នែក​អាជីវកម្ម​នៃ​វិទ្យាស្ថាន រៀនសូត្រ​សម្រាប់​ជោគជ័យ Learning for Success Institute (LSI) Business School និង​ជា​ទីប្រឹក្សា​ឲ្យ​ក្រសួង​ការងារ និង​ហ្វឹកហ្វឺន​វិជ្ជាជីវៈ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស