31 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​ចាប់​ខ្លួន​ប្រធាន​បក្ស​កម្លាំង​ជាតិ​មិន​បញ្ជាក់​ពី​ការ​លើក​កម្ពស់​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​កម្លាំង​ជាតិ ទាក់ទង​ទៅ​នឹង​ការ​និយាយ​អំពី​បញ្ហា​ចែក​ប័ណ្ណ​សមធម៌​ដែល​ខ្វះ​ឯកសារ​ជា​ភស្តុតាង ឬ​សាក្សី ស្រប​តាម​មូលដ្ឋាន​ច្បាប់ មិន​គួរ​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ ឧសភា នេះ​ថា បើ​ទោះបីជា​លោក​យល់ឃើញ​ថា​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី នៅ​ពេលនេះ​មាន​ទំនោរ​ទៅ​និន្នាការ​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ក៏ដោយ ក៏​លោក​នៅតែ​លើក​ទឹកចិត្ត​ឱ្យ​មេដឹកនាំ​បក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់ បញ្ចេញ​សារ​នយោបាយ​ដែល​មាន​មូលដ្ឋាន​ជាក់លាក់​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​លំហ​សេរីភាព​បញ្ចេញមតិ​រង​នូវ​ការ​រឹតត្បិត ឬ​មាន​លំហ​ទូលំទូលាយ​ក៏ដោយ ក៏​ការ​បញ្ចេញមតិ​ដែល​មាន​ភស្តុតាង និង​មូលដ្ឋាន​ត្រឹមត្រូវ នៅតែ​ជា​រឿង​ចាំបាច់ ហើយ​ការ​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី នៅ​ពេលនេះ ក៏​អាច​ចាត់ទុក​ជា​បទពិសោធន៍​មួយ​សម្រាប់​អ្នក​នយោបាយ​ប្រឆាំង​ដែរ មុន​នឹង​ដាក់​ចេញ​នូវ​គោលនយោបាយ ឬ​សារ​នយោបាយ​ណា​មួយ​របស់​ខ្លួន​ទៅ​កាន់​អ្នកគាំទ្រ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ បើ​ទោះបីជា​មជ្ឈដ្ឋាន​នានា​មាន​ពលរដ្ឋ សង្គម​ស៊ីវិល និង​បណ្តា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​មួយ​ចំនួន​គឺ​ជា​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​ក៏ដោយ ក៏​អ្នក​នយោបាយ​ប្រឆាំង​មិន​ត្រូវ​ផ្អែក​ទៅ​លើ​រឿង​នេះ ហើយ​បញ្ចេញ​សារ​នយោបាយ​ដោយ​គ្មាន​ភស្តុតាង​ដែល​ជា​មូលដ្ឋាន​ច្បាប់​នោះ​ដែរ។

លោក សេក សុជាតិ គូស​បញ្ជាក់​ថា ការ​លើកឡើង​ខ្លះ​អាច​ជា​ការពិត​ប្រាកដ​មែន ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​នយោបាយ មិន​ត្រូវ​លើកឡើង​ដោយ​គ្រាន់តែ​ឮ​ពី​ការ​និយាយ​តៗ​គ្នា​នោះ​ទេ គឺ​ត្រូវ​ប្រមូល​ឯកសារ និង​ភស្តុតាង​នានា​ឱ្យ​បាន​រឹងមាំ មុន​នឹង​ខ្លួន​និយាយ នោះ​ទើប​អាច​ការពារ​ខ្លួន​ពី​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​មក​លើ​ខ្លួន​បាន។

កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៤ ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី បាន​លើកឡើង​អំឡុង​ពេល​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ប្រទេស​ជប៉ុន ថា សមិទ្ធផល​ជាតិ​សំខាន់ៗ​មួយ​ចំនួន​គឺ​កើតឡើង​ដោយសារតែ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា បើ​គ្មាន​បក្ស​ប្រឆាំង រដ្ឋាភិបាល​ក៏​មិន​ប្រឹង​អភិវឌ្ឍ​ប្រទេស​ដែរ។

លោក ស៊ុន ចន្ធី លើកឡើង​ថា នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ កំពុង​ពេញនិយម​រឿង​ប័ណ្ណ​ក្រីក្រ ឬ​ប័ណ្ណ​សមធម៌​ខ្លាំង​ណាស់ ប៉ុន្តែ​ការ​ចែក​ប័ណ្ណ​ក្រីក្រ​នេះ​មាន​ការ​រើសអើង​បំផុត។ លោក​ថា ការ​ចែក​ប័ណ្ណ​នេះ​ទាល់តែ​សែស្រឡាយ​មេឃុំ និង​សែស្រឡាយ​ចៅហ្វាយ​ស្រុក ទើប​គេ​ចែក​ឱ្យ សម្រាប់​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ គេ​មិន​ចែក​ឱ្យ​នោះ​ទេ។

លោក​បន្ត​ថា នៅ​ពេល​ដែល​ពលរដ្ឋ​ក្រីក្រ​ទាំងនោះ​ចូល​បក្ស​ប្រឆាំង ទើប​អាជ្ញាធរ​ចែក​ឱ្យ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ចូល​បក្ស​កាន់​អំណាច​វិញ។

បន្ទាប់ពី​ការ​លើកឡើង​បែប​នេះ នៅ​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ក៏​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍ចិនតុង អំឡុង​ពេល​ដែល​លោក​កំពុង​ចាកចេញ​ពី​មាត់ទ្វារ​យន្តហោះ​តែម្តង។

ក្រោយ​ការ​ចាប់​ខ្លួន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា លោក ស៊ុន ចន្ធី បាន​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ដោយ​បាន​ទម្លាក់​កំហុស​ទៅ​លើ​រាជរដ្ឋាភិបាល​ថា​ចែក​ប័ណ្ណ​ក្រីក្រ​ជូន​ពលរដ្ឋ​ដោយ​មាន​ការ​លម្អៀង និង​រើសអើង។

អ្នក​នាំពាក្យ​ចាត់ទុក​ពាក្យ​សម្ដី​ប្រធាន​បក្ស​កម្លាំង​ជាតិ ថា​បាន​មួលបង្កាច់​អំពី​ការ​អភិវឌ្ឍ​ប្រទេស​របស់​រាជរដ្ឋាភិបាល ក្នុង​ចេតនា​ញុះញង់​បំភ្លៃ​ព័ត៌មាន នាំ​ឱ្យ​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ ដែល​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ។

យ៉ាងណា​ក៏ដោយ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​លុប​ចោល​មាត្រា​ខ្លះ​នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ចែង​អំពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដោយសារ​មាត្រា​នេះ​មាន​ខ្លឹមសារ​ផ្ទុយ​ទៅ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​យ៉ាង​ពេញ​និយម​ដើម្បី​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​លើ​អ្នក​នយោបាយ​ប្រឆាំង ដូចជា​ការ​ចោទ​ថា ពួកគេ​មាន​ផែនការ​ធ្វើ​បដិវត្ត​ពណ៌​ដើម្បី​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ជាដើម។

អ្នកវិភាគ​នយោបាយ​បញ្ជាក់​ថា មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​កំណត់​ព្រំដែន​ក្នុង​ការ​ចាត់​វិធានការ​ទៅ​លើ​ការ​រឹតត្បិត​សេរីភាព ការ​ហាមឃាត់​នូវ​ការ​ប្រើប្រាស់​សិទ្ធិ និង​ការ​បង្ក្រាប​ដោយ​ការ​ដាក់​ទោស​ទណ្ឌ​ដែល​ប្រាសចាក​ពី​ការ​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​ដទៃ​ទៀត​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស