26 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ចាត់ទុក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ជា​ក្រុមហ៊ុន​បោកប្រាស់​តាម​រូបមន្ត Ponzi Scheme

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ចាត់ទុក​សកម្មភាព​របស់​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ របស់​អ្នកស្រី ឡេង ចាន់ណា ជា​សកម្មភាព​បោកប្រាស់​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ តាម​រូបមន្ត Ponzi Scheme ដោយ​លោក​ចាត់តាំង​ប្រធាន​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល ចេញ​មុខ​ការពារ​ប្រជាពលរដ្ឋ និង​ធ្វើ​ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សំណុំរឿង​នេះ។

លោក ហ៊ុន ម៉ាណែត ប្រមុខ​រដ្ឋាភិបាល​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ ឧសភា នេះ​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណូមពរ​របស់​ពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​គម្រោង​របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា លោក​បាន​សម្រេច​ប្រគល់​ភារកិច្ច​ឱ្យ​លោក គី តិច ប្រធាន​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល ចេញ​មុខ​ការពារ​ពលរដ្ឋ និង​ធ្វើ​ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សំណុំរឿង​នេះ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ក្រោយ​ពេល​ដែល​មាន​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​អំពី​ករណី​ទាមទារ​សំណង​របស់​ពលរដ្ឋ​ដែល​បាន​វិនិយោគ​លើ​គម្រោង ប្រ៊ីលាន ស៊ីធី វើលដ៍ លោក​បាន​ប្រគល់​ភារកិច្ច​ជូន​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏ដូចជា​លោក ប្រាក់ សោភ័ណ្ឌ អភិបាល​ខេត្ត​សៀមរាប និង​ក្រុម​ជំនួយការ​ច្បាប់​របស់​លោក ជាដើម ស្រាវជ្រាវ និង​រិះរក​ដំណោះស្រាយ​លើ​ករណី​នេះ​រហូត​មក។

លោក​អះអាង​ថា ក្រោយ​ការ​ស៊ើបអង្កេត បាន​រក​ឃើញ​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ពុំ​មាន​លក្ខណៈ​ដូច​គម្រោង​វិនិយោគ​អចលនទ្រព្យ​ពិតប្រាកដ​ផ្សេង​ទៀត​ដែល​ប្រឈម​នឹង​ឧបសគ្គ​នៃ​ការ​ធ្លាក់​ចុះ​ទីផ្សារ​នោះ​ទេ ប៉ុន្តែ​គម្រោង​នេះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឆបោក​តាម​រូបមន្ត Ponzi Scheme ទៅវិញ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ដោយសារតែ​រក​ឃើញ​បែប​នេះ លោក​ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចាប់​ខ្លួន​ឈ្មោះ ឡេង ចាន់ណា បញ្ជូន​ទៅ​តុលាការ​ភ្លាមៗ។ ជាង​នេះ​ទៀត ទោះបីជា​សំណុំរឿង​នេះ​ស្ថិត​ក្នុង​ដៃ​របស់​តុលាការ​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​នៅតែ​បន្ត​តាមដាន​ជា​ប្រចាំ​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឲ្យ​អស់​លទ្ធភាព​ទៅ​តាម​ផ្លូវច្បាប់។

កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​សិទ្ធិ​ប្រទាន​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៥ ឧសភា នេះ ដើម្បី​ប្រគល់​តួនាទី​ដល់​ប្រធាន​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល​លោក គី តិច ឱ្យ​ធ្វើ​ជា​មេធាវី​តំណាង​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​រងគ្រោះ​ពី​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នា​ពេលនេះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ ឧសភា នេះ​ថា វិធានការ​របស់​លោក ហ៊ុន ម៉ាណែត ជុំវិញ​អំពើ​បោកប្រាស់​របស់​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា នៅ​ពេលនេះ គឺជា​ល្បិចកល​បិទបាំង​ការ​ពាក់ព័ន្ធ​របស់​លោក​នៅ​ក្នុង​គម្រោង​បោក​នេះ​តែប៉ុណ្ណោះ។

លោក គឹម សុខ លើកឡើង​ថា បញ្ហា​នេះ​មិន​ពិបាក​យល់​ទេ ព្រោះ​គន្លឹះ​គឺ​នៅ​ត្រង់​ថា តើ​អ្នកស្រី ឡេង ចាន់ណា ដែល​ជា​បុគ្គល​គ្មាន​ទ្រព្យសម្បត្តិ​ម្នាក់ អាច​ក្លាយ​ជា​ឧកញ៉ា និង​ជា​អ្នកជំនួញ​បោកប្រាស់​ទ្រង់ទ្រាយ​ធំ​ដោយ​របៀប​ណា បើ​លោក ហ៊ុន ម៉ាណែត មិន​បើក​ដៃ​ឲ្យ និង​ធ្វើ​ជា​ខ្នងបង្អែក​ផង​នោះ។

លោក​បន្ថែម​ថា កាន់តែ​ច្បាស់​ទៀត​នោះ គឺ​អ្នកស្រី ឡេង ចាន់ណា ខ្លួនឯង​បាន​អះអាង​ជា​ញឹកញាប់​អំពី​ការ​ជ្រោមជ្រែង​របស់​លោក ហ៊ុន ម៉ាណែត និង​លោក ស៊ាន បូរ៉ាត ជុំវិញ​គម្រោង​ក្រុមហ៊ុន​របស់​គាត់​រហូត​មក។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ពួកគេ​មិន​អាច​ប្រើ​លេស​ថា អ្នកស្រី ឡេង ចាន់ណា ឡប់​សតិ ឬ​មាន​សតិ​មិន​ប្រក្រតី ដើម្បី​ទម្លាក់​ការ​ទទួល​ខុសត្រូវ​ទាំងអស់​លើ​រូប​គាត់ និង​មនុស្ស​ថ្នាក់​ក្រោម​ផ្សេង​ទៀត​បាន​ទេ ដូច្នេះ​រឿង​បោកប្រាស់​ជាប់​ប្រវត្តិសាស្ត្រ​នេះ បើ​មិន​ស៊ើបអង្កេត​ឲ្យ​ហ្មត់ចត់ និង​ដោយ​មាន​តម្លាភាព​លើ​លោក ហ៊ុន ម៉ាណែត និង​លោក ស៊ាន បូរ៉ាត ទេ នោះ​ក៏​មិន​អាច​រក​យុត្តិធម៌​បាន​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​នៅ​មិន​ទាន់​ឃើញ​ថា រដ្ឋាភិបាល និង​ស្ថាប័ន​មាន​សមត្ថកិច្ច ចាត់​វិធានការ​ច្បាប់​បើក​ការ​ស៊ើបអង្កេត​លើ​លោក ស៊ាន បូរ៉ាត ដែល​ជា​សមាជិក​គណៈកម្មការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដែល​រង​នូវ​ការ​សង្ស័យ​ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​បោកប្រាស់​របស់​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ នេះ​នៅឡើយ​ទេ​រហូត​ដល់​ពេល​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ពលរដ្ឋ​ដែល​ចាញ់បោក​ក្រុមហ៊ុន​ឯកជន មិនមែន​មាន​តែ​ក្នុង​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ នេះ​ទេ សូម្បី​ក្រុមហ៊ុន​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​បាន​បោកប្រាស់​ពលរដ្ឋ​ដែរ ដូច្នេះ​ក្នុង​នាម​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី ត្រូវ​អនុវត្ត​ច្បាប់​ការពារ​ផល​ប្រយោជន៍​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ដូចៗ​គ្នា។

ជាក់ស្តែង កន្លង​មក អតិថិជន​រងគ្រោះ​ពី​ការ​ទិញ​ដី​ឡូត៍ និង​ផ្ទះល្វែង​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​លើកឡើង​ជា​បន្តបន្ទាប់​នូវ​ការ​គេចវេះ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ពី​ការ​សាងសង់​ផ្ទះ និង​ការ​ចេញ​បណ្ណ​សម្គាល់​កម្មសិទ្ធិ​លើ​ដី​ឡូត៍​ដែល​ពួកគេ​បាន​ទិញ។

ជាក់ស្តែង កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ ដែល​ជា​អ្នក​សិល្បការិនី​ល្បី​ក្នុង​ស្រុក​ខ្មែរ​មួយ​រូប បាន​រៀបរាប់​ថា ក្រោយពី​ខិតខំ​រក​ពីរ​នាក់​ស្វាមី​ទាំង​ការងារ​សិល្បៈ និង​ការ​រកស៊ី អ្នកស្រី​បាន​បង់​លុយ​ផ្តាច់​ទិញ​ផ្ទះ​ពី​បុរី ឡេង ណាវ៉ាត្រា ជិត ៣​ឆ្នាំ​ហើយ ប៉ុន្តែ​រហូត​ដល់​ពេលនេះ អ្នកស្រី​នៅតែ​មិន​ទាន់​ទទួល​បាន​ផ្ទះ​នៅឡើយ​ទេ គឺ​ឃើញ​តែ​ពណ៌​ឥដ្ឋ​ក្រហម​ដែល​រៀប​បាន​ពាក់កណ្តាល​ទុក​ចោល​ប៉ុណ្ណោះ។

តារា​កំប្លែង​រូប​នេះ​បញ្ជាក់​ថា អ្នកស្រី​ពិបាក​ចិត្ត​រាល់​ថ្ងៃ ចំណែក​ម្ចាស់​បុរី​ដើរ​ធ្វើ​បុណ្យ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង​សោះ​រាល់​ថ្ងៃ​នេះ។ អ្នកស្រី សុខ ច័ន្ទធីតា បន្ត​ថា អ្នកស្រី​អាច​មាន​លទ្ធភាព​ខ្លះ​មិន​ជួប​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ ចុះ​ប្រជាពលរដ្ឋ​ដែល​ខ្ចី​លុយ​ពី​ធនាគារ​ទៅ​ទិញ​ផ្ទះ​ទាំងនោះ ហើយ​បែរ​ជា​មិន​ទទួល​បាន​ផ្ទះ​បែប​នេះ តើ​ពួកគេ​នឹង​ទៅ​ជា​យ៉ាងណា​ទៅ។

យ៉ាងណា​ក៏ដោយ រហូត​មក​ដល់​ពេលនេះ អតិថិជន​រងគ្រោះ​ពី​ការ​ទិញ​ផ្ទះល្វែង​ក្នុង​គម្រោង​អចលនទ្រព្យ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ត្រូវ​បាន​រដ្ឋាភិបាល ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​មួយ​រក​យុត្តិធម៌​ឱ្យ​នៅ​ឡើយ​ទេ ខណៈ​ឧកញ៉ា ឡេង ណាវ៉ាត្រា នៅតែ​មាន​សេរីភាព​ធ្វើ​អាជីវកម្ម​លក់ដូរ​ក្នុង​វិស័យ​អចលនទ្រព្យ​ដដែល​សព្វថ្ងៃ​នេះ ចំណែក​ពលរដ្ឋ​រងគ្រោះ​ក៏​មិន​ដឹង​ទៅ​ពឹង​ស្ថាប័ន​ណា​ឱ្យ​រក​យុត្តិធម៌​ឱ្យ​ពួកគេ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស