ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងស្វាគមន៍លោក ពូទីន ដែលទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា ក្នុងសប្ដាហ៍នេះដែលជាទស្សនកិច្ចលើកទី២ របស់មេដឹកនាំវិមានក្រឹមឡាំង រូបនេះ ធ្វើឡើងមិនដល់មួយឆ្នាំនោះទេ។
លោក ពូទីន ផ្ដើមទស្សនកិច្ចនៅក្រៅដ៏កម្រនេះ បន្ទាប់ពីលោកចូលកាន់តំណែងអាណត្តិទី៥ របស់លោករយៈពេល ៦ឆ្នាំទៀត ឋានៈជាប្រធានាធិបតីជាប់ឆ្នោតនៅក្នុងការបោះឆ្នោតនាថ្ងៃទី១៧ ខែមីនា ដែលសឹងតែគ្មានគូប្រកួត ព្រោះគូប្រជែងដែលមានថាមពល និងប្រជាប្រិយភាពខ្លាំងត្រូវចាប់ដាក់គុករហូតស្លាប់ក្នុងគុក និងខ្លះទៀតរត់ចោលប្រទេស។
លោក ពូទីន ទៅចិន លើកនេះ ក៏ចំពេលរុស្ស៊ី បើកវាយលុកទ្រង់ទ្រាយចូលទៅទឹកដីអ៊ុយក្រែន ហើយចំពេលក្រុងមូស្គូ ប្រឈមមុខគ្នាខ្លាំងជាមួយកម្លាំងសម្ពន្ធភាពណាតូ ដែលព្រមានថាលើកទ័ពចូលជួយប្រទេសអ៊ុយក្រែន បើខ្សែការពារជួរមុខត្រូវទ័ពរុស្ស៊ី វាយបំបែក។
គេថារបៀបវារៈដែលមេដឹកនាំក្រុងប៉េកាំង និងក្រុងមូស្គូ នឹងពិភាក្សាគ្នាមានជាច្រើន ប៉ុន្តែសង្គ្រាមនៅអ៊ុយក្រែន ជាអាទិភាពជាងគេ ព្រោះប្រទេសស្វីស នឹងបើកវេទិកាពិភពលោកស្ដីពីការស្វែងរកសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នៅខែក្រោយនេះ។
វេទិកានេះនឹងប្រព្រឹត្តទៅនៅរវាងថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ នេះ។ គេថាលោក ពូទីន ទៅក្រុងប៉េកាំង ជាថ្មីនេះ បន្ទាប់ពីលោក ស៊ី ដែលទៅដល់អឺរ៉ុបហើយកាលពីថ្ងៃទី៥ បែរជាមិនហួសទៅក្រុងមូស្គូ ហើយវិលទៅក្រុងប៉េកាំង វិញ ប៉ុន្តែអ្វីជាចំណោទនោះ គេនិយាយថា លោក ពូទីន អាចនឹងស្នើឱ្យចិន ធ្វើអ្វីមួយដើម្បីរុស្ស៊ី ធ្វើសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន គឺដូចក្រសួងការបរទេសរុស្ស៊ី ប្រកាសថា រុស្ស៊ីពិតណាស់គាំទ្រសំណើសន្តិភាពរបស់ចិន ដែលចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងការបរទេសរុស្ស៊ី ប្រកាសដូចនេះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា នេះថា លោកផ្ទាល់គាំទ្រផែនការសន្តិភាពរបស់ចិនសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ដ្បិតចិនបានយល់យ៉ាងច្បាស់ពីមូលហេតុនៅពីក្រោយវិបត្តិអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ មុននឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ក្នុងសប្ដាហ៍នេះ លោក ពូទីន បានបញ្ជាក់ឡើងវិញថាលោកនៅតែបើកចំហចំពោះកិច្ចចរចាដើម្បីដោះស្រាយបញ្ចប់សង្គ្រាមដែលបានអូសបន្លាយរយៈពេល ២ឆ្នាំជិត ៣ខែមកនេះ។
តាមលោក ពូទីន ផែនការសន្តិភាពរបស់ប្រធានាធិបតី ស៊ី ជីនពីង បានបង្ហាញពីការយល់ដឹងយ៉ាងច្បាស់ពីមូលហេតុនៃជម្លោះនៅអ៊ុយក្រែន។
លោក ពូទីន បញ្ជាក់ទៀតថា លោកមានគំនិតវិជ្ជមានលើការវាយតម្លៃលើផែនការសន្តិភាពរបស់ចិន ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ហើយ ថ្នាក់ដឹកនាំចិនបានយល់យ៉ាងច្បាស់ពីមូលហេតុ និងនិយមន័យភូមិសាស្ត្រនយោបាយសកល។
ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសចិន ក៏ធ្វើឡើងនៅមុន ៦ខែទៀតដែលសហរដ្ឋអាមេរិកនឹងបោះឆ្នោតប្រធានាធិបតី ដោយមានបេក្ខជនពីរ គឺលោក ចូ បៃដិន ប្រធានាធិបតីកាន់អំណាចមកពីប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ បេក្ខជនចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ មកពីបក្សសាធារណរដ្ឋ។
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក អាចជាប្រធានបទមួយដែរនៅចំពោះមុខមេដឹកនាំមហាអំណាចពីរនេះជួបគ្នានៅក្រុងប៉េកាំង។
បេក្ខជនសហរដ្ឋអាមេរិកពីររូបនេះ គឺលោក ដូណាល់ ត្រាំ ជាអ្នកនយោបាយមួយដែលលោក ពូទីន ចង់ឱ្យជាប់ឆ្នោត តែលោក ស៊ី មើលទៅទាំងលោក បៃដិន និងលោក ដូណាល់ ត្រាំ មិនដឹងជាគាំទ្រមួយណាទេ ព្រោះអ្នកនយោបាយពីររូបនេះសុទ្ធតែចាត់ទុកចិន ជាដៃគូដែលអាចធ្វើឱ្យសហរដ្ឋអាមេរិកជួបផលវិបាកធ្ងន់ធ្ងរ។
យ៉ាងណា ការដែលលោក ពូទីន លើកឡើងអំពីផែនការសន្តិភាពរបស់ចិន សម្រាប់ប្រទេសអ៊ុយក្រែន នេះ អាចនឹងលោក ពូទីន ចាត់ទុកជាល្បែងអុករបស់លោករុញឱ្យលោក ស៊ី ដែលគេថាលោក ស៊ី អាចនឹងមានវត្តមាននៅក្នុងវេទិកានៅប្រទេសស្វីស នៅពាក់កណ្ដាលខែក្រោយនេះអាចនឹងត្រូវលោក ពូទីន ស្នើឱ្យលោក ស៊ី ព្យាយាមបង្ហាញផែនការសន្តិភាពរបស់ក្រុងប៉េកាំង ហើយទាត់ចោលផែនការសន្តិភាពរបស់លោកប្រធានាធិបតីអ៊ុយក្រែន ដែលនិយាយយោងដល់ការដកទ័ពរុស្ស៊ី ចេញពីប្រទេសអ៊ុយក្រែន តែចំពោះសន្តិភាពរបស់ចិន មិនបានលើកឡើងត្រង់ឃ្លាប្រយោគនេះទេ។
ករណីនេះក៏អាចជារបៀបវារៈដែលលោក ពូទីន លើកឡើងចំពោះមុខលោក ស៊ី ពេលលោកជួបលោក ស៊ី នៅថ្ងៃទី១៦ ឧសភា នេះ។
ក្រសួងការបរទេសចិន និយាយថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះមានរយៈពេល ២ថ្ងៃ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
លោក ពូទីន បានធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង កាលពីខែតុលា ឆ្នាំមុន ដើម្បីចូលរួមនៅក្នុងវេទិកាគំនិតផ្ដួចផ្ដើមក្រវាត់ផ្លូវពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ស៊ី ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគតាមរយៈការលើកកម្ពស់បណ្ដាញដឹកជញ្ជូនរបស់ចិន ជាមួយប្រទេសនានាក្នុងពិភពលោក។
ចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន ករណីឧក្រិដ្ឋកម្មសង្គ្រាមនៅប្រទេសអ៊ុយក្រែន កាលពីខែមីនា ឆ្នាំ២០២៣ មក លោក ពូទីន កម្រចាកចេញពីប្រទេស។ លោក ពូទីន មិនបានទៅចូលរួមវេទិកាអន្តរជាតិធំជាច្រើនហើយ ដែលធ្វើឡើងនៅលើទឹកដីដែលមានកិច្ចព្រមព្រៀងជាមួយតុលាការអន្តរជាតិនេះ។
លោក ពូទីន ប្រឈមមុខនឹងការចាប់ខ្លួនដោយរដ្ឋអាជ្ញា ICC សហការជាមួយប៉ូលិស Interpol និងប្រទេសសាមីខ្លួន។ ចំពោះចិន ពុំមែនជាសមាជិករបស់ ICC នោះទេ៕