មេដឹកនាំគណបក្សកាន់អំណាចលោក ហ៊ុន សែន បដិសេធយ៉ាងដាច់អហង្ការថា ព្រែកជីកហ្វូណន មិនមែនជាគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន ឡើយ ហើយគម្រោងព្រែកជីកនេះជាគំនិតរបស់កម្ពុជាបង្កើតឡើងក្នុងគោលបំណងបម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិ មិនមែនដើម្បីបម្រើផលប្រយោជន៍ឱ្យចិន នោះទេ។
លោក ហ៊ុន សែន ក៏បានស្នើទៅរាជរដ្ឋាភិបាលកូនប្រុសរបស់លោក ឱ្យបើកការដ្ឋានសាងសង់ឱ្យបានកាន់តែឆាប់ កាន់តែល្អ។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានផ្សាយផ្ទាល់ពិសេសលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦ ឧសភា នេះថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមតែមួយគត់ចេញពីកម្ពុជាសុទ្ធសាធ ហើយលោកក៏ជំទាស់យ៉ាងដាច់ខាតដែរចំពោះក្រុមប្រឆាំងដែលបានលើកឡើងថា គម្រោងព្រែកជីកនេះជាគំនិតផ្ដួចផ្ដើមរបស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់កងទ័ពរបស់ចិន នោះ។
លោក ហ៊ុន សែន លើកឡើងថា គម្រោងព្រែកជីកហ្វូណន មិនបង្កក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកង្វល់របស់វៀតណាម ពាក់ព័ន្ធព្រែកជីកហ្វូណននេះ ក៏មិនមានភាពចាំបាច់ត្រូវបកស្រាយឡើយ។
លោក ហ៊ុន សែន បានស្នើសុំឱ្យបញ្ឈប់នយោបាយប្រឆាំងចិន ដោយភ្ជាប់បញ្ហាព្រែកជីកនេះជាមួយនឹងសន្តិសុខរបស់វៀតណាម បន្តទៀតទៅ។
មេដឹកនាំបក្សកាន់អំណាចរូបនេះអះអាងងថា ព្រែកជីកហ្វូណននឹងធ្វើឱ្យចំណេញផ្នែកសេដ្ឋកិច្ចកម្ពុជាធំណាស់ ដូចជា ជួយឱ្យមានប្រព័ន្ធស្រោចស្រពនៅភាគនិរតីរបស់កម្ពុជា និងជួយបង្កើនឧត្តមភាពនៃការប្រកួតប្រជែងទីផ្សារផលិតផលរបស់កម្ពុជា ជាដើម។
លោកថា ជាងនេះទៀត ក៏ជួយបង្កើនផលត្រីក្នុងទន្លេ ជួយការចិញ្ចឹមត្រីរបស់ពលរដ្ឋ ជួយដល់វិស័យទេសចរណ៍ ក្នុងនោះក៏រាប់ទាំងការជួយឱ្យកម្ពុជាចំណេញចម្ងាយផ្លូវជិត ២០០គីឡូម៉ែត្រ (១៦៩គីឡូម៉ែត្រ) លើការដឹកជញ្ជូនផងដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន ហើយលោកក៏បានស្នើទៅលោក ហ៊ុន ម៉ាណែត ឱ្យបើកការដ្ឋានសាងសង់ព្រែកនេះឱ្យបានកាន់តែឆាប់ដែរ ព្រោះមិនមានអ្វីត្រូវរង់ចាំទៀតនោះទេ។
មេដឹកនាំខ្មែររូបនេះគូសបញ្ជាក់ថា បើតាមច្បាប់ មិនតម្រូវឱ្យកម្ពុជាពិគ្រោះយោបល់ជាមួយវៀតណាម ទេ ប៉ុន្តែជាការគួរសម ទាំងរូបលោកផ្ទាល់ និងលោក ហ៊ុន ម៉ាណែត បានជូនដំណឹងដល់ភាគីវៀតណាម រួចអស់ហើយអំពីព្រែកជីកនេះ។
លោក ហ៊ុន សែន សង្កត់ធ្ងន់ថា ការសាងសង់ព្រែកជីកនេះមិនត្រឹមតែបន្សល់ទុកឱ្យកម្ពុជានូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនោះទេ តែថែមទាំងធ្វើឱ្យកម្ពុជាឯករាជ្យខាងនយោបាយលើវិស័យដឹកជញ្ជូនផ្លូវទឹកយូរអង្វែងទៅថ្ងៃមុខថែមទៀត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីមន្ត្រីបក្សប្រឆាំងជាបន្តបន្ទាប់ពីការសាងសង់ព្រែកជីកហ្វូណន ក្រោមហេតុផលថា ព្រែកជីកនេះជាផែនការបម្រើឱ្យកងទ័ពជើងទឹករបស់ចិន ទៅថ្ងៃអនាគត។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ព្រែកជីកហ្វូណនជាផ្នែកមួយនៃយុទ្ធសាស្ត្រចិនកុម្មុយនីស្ត ដើម្បីគ្រប់គ្រងពិភពលោកទាំងមូល។
លោកបន្ថែមថា អត្ថន័យនៃការជីកព្រែកហ្វូណននេះ គឺជាមានលក្ខណៈអាថ៌កំបាំង និងស៊ីជម្រៅ ដែលមិនមែនត្រឹមតែដើម្បីសេដ្ឋកិច្ចរបស់កម្ពុជានោះទេ ប៉ុន្តែព្រែកជីកនេះ នឹងប្រើជាមធ្យោបាយដឹកជញ្ជូនសម្ភារៈកងទ័ពសម្រាប់ផ្គត់ផ្គង់ឱ្យកងទ័ពចិន ដែលមានមូលដ្ឋាននៅកំពង់ផែរាមរបស់ខ្មែរយ៉ាងពិតប្រាកដ។
លោក សម រង្ស៊ី បញ្ជាក់ថា ព្រែកជីកនេះក៏ជាប្រធានបទមួយទៀតដែរ ដែលអាចឲ្យលោក ហ៊ុន សែន ធ្វើប្រជាភិថុតិដោយការបោកបញ្ឆោតប្រជារាស្ត្រខ្មែរ ឲ្យគាំទ្ររបបផ្ដាច់ការតពូជរបស់គាត់ ដែលគាត់ចង់បង្វែរកំហឹងរបស់ប្រជារាស្ត្រខ្មែរចំពោះគ្រួសារគាត់ ឲ្យទៅខឹងប្រទេសវៀតណាម វិញ ដើម្បីឲ្យត្រកូលក្បត់ជាតិរបស់គាត់រួចខ្លួនពីអំពើក្បត់របស់ពួកគេដែលបានធ្វើកន្លងមក។
យ៉ាងណាក៏ដោយ កាលពីដើមខែឧសភា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលកម្ពុជានឹងចុះកិច្ចព្រមព្រៀងឥណទានជាមួយក្រុមហ៊ុនឯកជនចិន ដើម្បីសាងសង់ព្រែកជីកហ្វូណនក្នុងអំឡុងខែកក្កដា ឬខែសីហា ខាងមុខនេះ។
ទោះជាបែបនេះក្តី អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី លើកជាសំណួរកាលពីពេលថ្មីៗនេះថា តើការសាងសង់ព្រែកជីកហ្វូណន គ្រាន់តែដើម្បីបញ្ឈប់ការពឹងច្រមុះវៀតណាម មកជាការពឹងច្រមុះចិន ដើម្បីដកដង្ហើមសេដ្ឋកិច្ចកម្ពុជា ឬយ៉ាងណា ព្រោះកម្ពុជានឹងជាប់កិច្ចសន្យាប្រគល់ព្រែកនេះឱ្យចិន គ្រប់គ្រងរហូតដល់ជាង ៥០ឆ្នាំឯណោះតទៅថ្ងៃមុខ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា អ្នកនយោបាយគួរចេះចាប់ឱកាសដើម្បីពង្រឹងសាមគ្គីភាព និងឯកភាពជាតិ ដើម្បីប្រយោជន៍វែងឆ្ងាយរបស់ជាតិ ព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យសេរី បក្សប្រឆាំងមានតួនាទីសំខាន់ដើម្បីធ្វើឱ្យមានការត្រួតពិនិត្យ និងតុល្យភាពនៃអំណាច ប៉ុន្តែមិនមែនប្រឆាំងបែបអវិជ្ជមានឡើយ។
គម្រោងព្រែកជីកហ្វូណនតេជោដែលគ្រោងចំណាយទឹកប្រាក់ប្រមាណ ១៧០០លានដុល្លារអាមេរិក ត្រូវសាងសង់ឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឯកជនចិន ក្នុងទម្រង់ BOT ដែលមានន័យថា ចិននឹងគ្រប់គ្រងមុន ខណៈរដ្ឋាភិបាលកម្ពុជានឹងគ្រប់គ្រងតាមក្រោយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

