32 C
Phnom Penh

លោក សម រង្ស៊ី ថា​ផែ​សមុទ្រ​រាម និង​ព្រែកជីក​ហ្វូណន​ជា​យុទ្ធសាស្ត្រ​វាតទី​និយម​របស់​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​របស់​លោក ហ៊ុន ម៉ាណែត អាច​នាំ​គ្រោះថ្នាក់​ឲ្យ​ប្រទេស​កម្ពុជា​ដូច​កាលពី​សម័យ ប៉ុល ពត ដោយសារតែ​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​កំពង់ផែ​រាម ក្នុង​ខេត្ត​ព្រះសីហនុ និង​ព្រែកជីក​ហ្វូណន ដែល​លាតសន្ធឹង​តាម​ខេត្ត​ទាំង ៤ នៅ​ប្រទេស​កម្ពុជា គឺជា​ផែនការ​យុទ្ធសាស្ត្រ​របស់​ចិន​កុម្មុយនីស្ត ដើម្បី​វាតទី​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ី។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ ឧសភា នេះ​ថា គម្រោង​ជីក​ព្រែក​ហ្វូណន​ដែល​ត​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​សមុទ្រ មិន​ត្រឹមតែ​អាច​នាំ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ តែ​ថែម​ទាំង​ជា​ទីតាំង​បម្រើ​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​របស់​ចិន​កុម្មុយនីស្ត ដែល​ត្រូវការ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ឱ្យ​ដល់​ឈូង​សមុទ្រ​ថៃ ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា ថែម​ទៀត ខណៈ​ដែល​កម្ពុជា​ជា​ប្រទេស​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន​ទៅ​ហើយ​នោះ។

ប្រភព​ដដែល​បាន​អះអាង​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត អាច​នាំ​គ្រោះថ្នាក់​ឲ្យ​ប្រទេស​កម្ពុជា​ដូច​កាលពី​សម័យ ប៉ុល ពត ដែរ ដែល​ទៅ​អែប​ប្រទេស​ចិន ដើម្បី​ឲ្យ​រដ្ឋាភិបាល​កុម្មុយនីស្ត​មួយ​នេះ​ជួយ​ការពារ​អំណាច​ផ្ដាច់ការ​ក្នុង​វង្ស​ត្រកូល​របស់​ពួកគេ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា មូលដ្ឋាន​សឹក​របស់​ចិន នៅ​កំពង់ផែ​រាម និង​ព្រែកជីក​ហ្វូណន សុទ្ធតែ​ជា​ឈ្នាន់​ដើម្បី​បម្រើ​នយោបាយ​វាតទី​និយម​របស់​ចិន​ដូច​គ្នា ខណៈ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​សម្រេច​ធ្វើ​តាម​សំណើ​ចិន​កុម្មុយនីស្ត​គ្រប់​យ៉ាង​ដែល​គ្មាន​ស្មារតី​ទទួល​ខុសត្រូវ​ពី​ផល​ប៉ះពាល់​លើ​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បដិសេធ​ដាច់អហង្ការ​ថា ព្រែកជីក​ហ្វូណន មិនមែន​ជា​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​ដាច់ខាត ហើយ​ព្រែក​នេះ​ក៏​មិន​មាន​ការ​ផ្ដួចផ្ដើម​ពី​រដ្ឋាភិបាល​ចិន​ដែរ ខណៈ​ការ​ចោទប្រកាន់​ថា​ព្រែក​នេះ​បម្រើ​ឱ្យ​កងទ័ព​ជើងទឹក​ចិន គឺជា​រឿង​មិន​ពិត​ទាំងអស់។

លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​ត្រូវតែ​អនុវត្ត​គម្រោង​ព្រែកជីក​នេះ​ឱ្យខាងតែ​បាន ហើយ​លោក​ក៏​បាន​ស្នើ​ទៅ​រាជរដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​បើក​ការដ្ឋាន​សាងសង់​ព្រែក​នេះ​ឱ្យ​បាន​កាន់តែ​ឆាប់​ដែរ ព្រោះ​កម្ពុជា​មិន​មាន​អ្វី​ត្រូវ​រង់ចាំ​ទៀត​នោះ​ទេ។

ទោះជា​យ៉ាងណាក៏ដោយ ជុំវិញ​ការ​សាងសង់​ព្រែកជីក​ហ្វូណន​នេះ គេ​មិន​ទាន់​ឃើញ​រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញ​អំពី​ផែនការ​សាងសង់​តម្លាភាព​ស្រប​តាម​ច្បាប់​ណា​មួយ​នៅឡើយ​ទេ រហូត​ដល់​ពេលនេះ ដូចជា ការ​ដាក់​ឱ្យ​ដេញថ្លៃ ការ​ជ្រើសរើស​ក្រុមហ៊ុន​វាយតម្លៃ និង​ការ​កំណត់​តម្លៃ​សាងសង់ ជាដើម។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា បាន​លើកឡើង​កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ពឹង​ផ្អែក​ទាំងស្រុង​លើ​រដ្ឋាភិបាល​ចិន ចំពោះ​ការ​សាងសង់​ព្រែក​ហ្វូណន​នេះ។

ប្រភព​ដដែល​លើកឡើង​ថា ការ​សម្រេច​ដោយ​ស្ងាត់ៗ​ពី​រាជរដ្ឋាភិបាល​ខ្មែរ​កន្លង​មក ដូចជា ការ​ជ្រើស​យក China Road and Bridge Corporation (CRBC) ឬ “សាជីវកម្ម​ថ្នល់ និង​ស្ពាន​ចិន” ក្នុង​កិច្ចសហការ​ទម្រង់ BOT ចំពោះ​ការ​សាងសង់​ព្រែក​នេះ ជាដើម សុទ្ធសឹងតែ​ជា​ដើមចម​នាំ​ទៅ​ដល់​ការ​សង្ស័យ​ទាក់ទិន​នឹង​ការ​បម្រើ​ផល​ប្រយោជន៍​ឱ្យ​កងទ័ព​ចិន​ទាំងអស់ ព្រោះ​ថា​វត្តមាន​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដែល​ជា​ផ្នែក​នៃ​កម្មវិធី​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​រដ្ឋាភិបាល​ចិន ជា​ភស្តុតាង​មួយ​យ៉ាង​ច្បាស់​ដែល​អាច​នាំ​ទៅ​រក​ការ​ផ្សារភ្ជាប់​គ្នា​ជាមួយ​គម្រោង​ព្រែកជីក​នេះ។

កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន ដើម្បី​សាងសង់​ព្រែក​ជីក​ហ្វូណន​ក្នុង​អំឡុង​ខែ​កក្កដា ឬ​ខែ​សីហា ខាងមុខ​នេះ។

ទុន​វិនិយោគ​ដែល​គ្រោង​ចំណាយ​លើ​ការ​សាងសង់​ព្រែកជីក​ហ្វូណន គឺ​មាន​ចំនួន​ប្រមាណ​ជា ១៧០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ក្រុមហ៊ុន​ចិន នឹង​គ្រប់គ្រង​ព្រែកជីក​ហ្វូណន​ប្រមាណ​ជា ៥០​ឆ្នាំ​ដូច​គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ និង​គម្រោង​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប ដែរ ព្រោះ​គម្រោង​ទាំងនេះ​គឺ​ស្ថិត​ក្នុង​ទម្រង់ BOT ដូច​គ្នា។

គួរ​រំឭក​ទៀត​ថា ក្រុមហ៊ុន​ចិន​ធំៗ​មិនមែន​ជា​ក្រុមហ៊ុន​ឯកជន​សុទ្ធសាធ ១០០% នោះ​ឡើយ។ ក្រុមហ៊ុន China Road and Bridge Corporation (CRBC) យក​ទុន​ឧបត្ថម្ភ​ដោយ​សហគ្រាស​រដ្ឋ​ដ៏​ធំ​មួយ​ឈ្មោះ Chinese Communications Construction Company (CCCC)។

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​លោក សុខ សុគន្ធ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​សង់​ព្រែកជីក​ហ្វូណន មិនមែន​គ្រាន់តែ​ដើម្បី​បញ្ឈប់​ការ​ពឹង​ច្រមុះ​វៀតណាម ដក​ដង្ហើម​ទេ ប៉ុន្តែ​គឺជា​ការ​ងាក​ទៅ​រក​ការ​ពឹង​ច្រមុះ​ចិន ដើម្បី​ដក​ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា​វិញ​ប៉ុណ្ណោះ ហើយ​បំពង់​ខ្យល់​ដង្ហើម​ដែល​កម្ពុជា​ខ្ចី​ពី​ចិន ទំនង​ជា​ច្រើន​ជាង​ខ្ចី​ពី​វៀតណាម ទៅ​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស