32 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ការ​កោះហៅ​ទូត​វៀតណាម​មក​សួរនាំ​ពាក់ព័ន្ធ​រឿង​ជេរប្រមាថ​លោក ហ៊ុន សែន គឺ​ត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​កោះហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ង្វៀង ហ៊ុយតាំង (Nguyễn Huy Tăng) មក​សួរនាំ​ជុំវិញ​ការ​ជេរ​ប្រមាថ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តាម​បណ្ដាញ​សង្គម​តិកតុក (TikTok) ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វូណន កាលពី​ពេល​ថ្មីៗ​នេះ គឺជា​វិធានការ​ត្រឹមត្រូវ​ដែល​កម្ពុជា​ត្រូវ​តែ​ធ្វើ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ ឧសភា នេះ​ថា ការ​កោះហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម មក​សួរនាំ​បែប​នេះ មិនមែន​មាន​ន័យ​ថា កម្ពុជា​បាន​ចោទប្រកាន់​លើ​វៀតណាម ទេ ប៉ុន្តែ​ការ​ប្រើ​គណនី​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ច្បាស់លាស់​បែប​នេះ ក៏​គួរ​តែ​មាន​ការ​បកស្រាយ​ពី​ភាគី​វៀតណាម ដែរ។

លោក សេក សុជាតិ គូស​បញ្ជាក់​ថា ទាំង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ជូនដំណឹង​ដល់​រដ្ឋាភិបាល​វៀតណាម ជា​បន្តបន្ទាប់​ក្នុង​នាម​ជា​ប្រទេស​ជិតខាង ខណៈ​សេចក្តី​រាយការណ៍​ស្ដីពី​ការ​សាងសង់​ព្រែកជីក​ហ្វូណន រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ត្រៀម​បញ្ជូន​ទៅ​គណៈកម្មាធិការ​ទន្លេមេគង្គ​រួចរាល់​ដែរ បើ​មាន​ការ​ទាមទារ​សុំ​ការ​បំភ្លឺ​ណា​មួយ​នោះ។

លោក សេក សុជាតិ លើកឡើង​ថា ក្នុង​នាម​កម្ពុជា និង​វៀតណាម ជា​អ្នក​ជិតខាង​ល្អ​ដែល​មាន​ទំនាក់ទំនង​ជា​ប្រពៃណី និង​មាន​មិត្តភាព​យូរ​អង្វែង ភាគី​វៀតណាម​ក៏​គួរ​ចូលរួម​សហការ​ទប់ស្កាត់​ការ​ជេរ​ប្រមាថ​លើ​ថ្នាក់​ដឹកនាំ​របស់​កម្ពុជា​ដែរ ព្រោះ​ថា​បើ​បណ្តែតបណ្តោយ​ឱ្យ​កើត​មាន​អំពើ​បែប​នេះ​ចេះ​តែ​បន្ត​ទៀត គឺជា​ហេតុ​នាំ​ឱ្យ​មាន​ទំនាស់​រវាង​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​បាន​ត្រឹមត្រូវ​ហើយ​ជាមួយ​នឹង​ប្រទេស​ជិតខាង ទាំង​ខាង​ផ្លូវច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាង​ទន្លេ និង​ទំនាក់ទំនង​ការទូត ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម។

កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក សុខ ចិន្តាសោភា បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ង្វៀង ហ៊ុយតាំង (Nguyễn Huy Tăng) មក​សួរនាំ​ជុំវិញ​រឿង​ខ្លឹមសារ​ជេរ​ប្រមាថ​លោក ហ៊ុន សែន នៅ​លើ​បណ្ដាញ​សង្គម​តិកតុក (TikTok) ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វូណន។

ក្នុង​ជំនួប​នោះ លោក សុខ ចិន្តាសោភា បាន​ស្នើ​ឱ្យ​ភាគី​វៀតណាម សហការ​ស្រាវជ្រាវ​រក​មុខ​អ្នក​ដែល​បាន​បង្ហោះ​ខ្លឹមសារ​ជេរប្រមាថ​លោក ហ៊ុន សែន នេះ ប៉ុន្តែ​ក្រសួង​ការបរទេស​កម្ពុជា មិន​បាន​បញ្ជាក់​ថា​ភាគី​វៀតណាម នឹង​សហការ ឬ​ក៏​អត់​នោះ​ទេ។

រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​បញ្ជាក់​ថា ការ​បង្ហោះ​ខ្លឹមសារ​ជេរប្រមាថ​នេះ បង្ក​ឱ្យ​មាន​អារម្មណ៍​មិន​ល្អ​ក្នុង​រង្វង់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​អ្នក​បង្ហោះ​សារ​ទាំងនោះ​មាន​គោលដៅ​ចង់​បំផ្លាញ​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​យ៉ាង​ពិតប្រាកដ។

ការ​កោះហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម មក​សួរនាំ​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៩ ឧសភា ដោយ​ស្នើ​ឱ្យ​សមត្ថកិច្ច​កម្ពុជា​សហការ​ជាមួយ​សមត្ថកិច្ច​វៀតណាម ស្រាវជ្រាវ​រក​ម្ចាស់​គណនី​ដែល​បាន​ជេរប្រមាថ​រូបលោក​ទាក់ទិន​នឹង​ព្រែកជីក​ហ្វូណន។

លោក ហ៊ុន សែន លើកឡើង​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​ដែល​ឃើញ​សារ​ជេរប្រមាថ​ទាំងនេះ តែ​លោក​មិន​ប្រាកដ​ថា​សារ​ទាំងនេះ​បង្ហោះ​ដោយ​ជនជាតិ​វៀតណាម​ក្នុង​ប្រទេស​វៀតណាម ឬ​នៅ​ក្រៅ​ប្រទេស ឬ​ជា​អាណិកជន​វៀតណាម​នៅ​កម្ពុជា​នោះ​ទេ។

ខ្លឹមសារ​ជា​ភាសា​វៀតណាម​ទាំងនោះ​សរសេរ​ថា វៀតណាម​បាន​ពលី​ឈាម​ស្រស់​ដើម្បី​ប្តូរ​ឱ្យ​កម្ពុជា​មាន​សន្តិភាព ចំណែក​សារ​ផ្សេង​ទៀត​សរសេរ​ថា កុំ​ភ្លេច​ថា​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​រាប់​ម៉ឺន​នាក់​បាន​ស្លាប់​នៅ​កម្ពុជា ដូច្នេះ​កុំ​រមិលគុណ ហើយ​ក្លាយ​ជា​អាយ៉ង​របស់​ចិន និង​ជា​ជន​ក្បត់ ជាដើម ខណៈ​សារ​ទាំងនេះ លោក ហ៊ុន សែន បាន​យក​មក​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គាត់​ទាំងអស់។

ជុំវិញ​ការ​បង្ហោះ​សារ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន ផ្សាយ​ផ្ទាល់​ពិសេស​កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា កន្លង​ទៅ ដែល​លោក ហ៊ុន សែន បាន​បញ្ជាក់​ថា គម្រោង​ព្រែកជីក​ហ្វូណន មិន​បង្ក​ក្ដី​បារម្ភ​ណា​មួយ​ចំពោះ​បញ្ហា​បរិស្ថាន និង​សង្គម​នោះ​ទេ។ លោក​បន្ថែម​ថា រាល់​កង្វល់​ទាំងឡាយ​ពី​ខាង​វៀតណាម ពាក់ព័ន្ធ​ព្រែកជីក​ហ្វូណន​នេះ ក៏​មិន​មាន​ភាព​ចាំបាច់​ត្រូវ​បកស្រាយ​ដែរ។ បន្ថែម​លើ​នេះ​ទៀត ការ​យក​បញ្ហា​ព្រែកជីក​ហ្វូណន​ទៅ​ភ្ជាប់​នឹង​សន្តិសុខ​វៀតណាម ក៏​ល្មម​ដល់​ពេល​បញ្ឈប់​ហើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ វិទ្យាស្ថាន​អភិវឌ្ឍន៍​ការ​ស្រាវជ្រាវ​បូព៌ា​របស់​ប្រទេស​វៀតណាម បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន មិន​ត្រឹមតែ​ជា​គម្រោង​ដែល​បម្រើ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ព្រែកជីក​នេះ​ក៏​មាន​តម្លៃ​ចម្បង​ក្នុង​ការ​បម្រើ​វិស័យ​យោធា​របស់​ចិន​ដែរ។

យ៉ាងណាក៏ដោយ គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថា​គម្រោង​នេះ​គឺជា​គម្រោង​ដែល​មាន​ការ​គាំទ្រ​ពី​ចលនា​ជាតិ​និយម​ប្រឆាំង​នឹង​ការ​ជំទាស់​របស់​វៀតណាម​ដាច់ខាត ខណៈ​ពលរដ្ឋ​ខ្មែរ​ក៏​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ឱ្យ​មាន​ការ​សាងសង់​ព្រែកជីក​នេះ​ដែរ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស