30 C
Phnom Penh

គម្រោង​ព្រែកជីក​ហ្វូណន៖ អស់ពី​ការ​រិះគន់​ទាំង​ខ្មែរ ទាំង​វៀតណាម ដល់​ការ​បង្ខំ​ឱ្យ​គាំទ្រ​ម្ដង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល ត្អូញត្អែរ​ថា ពួកគេ​រង​នូវ​ការ​គាប​សង្កត់​ពី​ថ្នាក់លើ​ឱ្យ​ចេញ​មុខ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​គ្រប់ៗ​គ្នា ដើម្បី​ឱ្យ​ថ្នាក់​ដឹកនាំ​ខាងលើ​យក​រូបថត​ដែល​ដាក់​តាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទៅ​ផ្សព្វផ្សាយ​ដល់​មហាជន​ក្នុង​បំណង​បំផុស​ឱ្យ​មាន​ការ​គាំទ្រ​គម្រោង​ព្រែកជីក​នេះ​ឱ្យ​កាន់តែ​ខ្លាំង​ឡើង។

មន្ត្រី​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២២ ឧសភា នេះ​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នេះ មិនមែន​សុទ្ធតែ​មាន​ការ​គាំទ្រ​ពី​មន្ត្រី​រដ្ឋាភិបាល​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ក្នុង​នោះ​ក៏​មាន​អ្នក​ដែល​មិន​ឯកភាព​នឹង​ការ​សាងសង់​ព្រែកជីក​នេះ​ដែរ។ នេះ​ជា​ទម្រង់​នៃ​របៀប​គ្រប់គ្រង​ប្រជាធិបតេយ្យ​ក្លែងក្លាយ​មួយ គឺ​បង្ខំ​ពលរដ្ឋ​ឲ្យ​ធ្វើ​តាម​បំណង​រដ្ឋាភិបាល។

ប្រភព​ដដែល​បន្ត​ថា ទោះបីជា​ពួកគេ​មិន​ហ៊ាន​ជំទាស់​ទៅ​នឹង​ដំណើរការ​នៃ​ការ​សាងសង់​ព្រែកជីក​នេះ​ក៏ដោយ ក៏​ពួកគេ​មិន​បង្ហាញ​ការ​ជំទាស់​ដែរ គឺ​ពួកគេ​បាន​ត្រឹម​រក្សា​ការ​ស្ងៀមស្ងាត់​ប៉ុណ្ណោះ ប៉ុន្តែ​ដើម្បី​បង្ខំ​អ្នក​ទាំងនោះ​ឱ្យ​បង្ហាញ​ពី​ការ​គាំទ្រ​ព្រែកជីក​នេះ ថ្នាក់លើ​តាម​អង្គភាព​នីមួយៗ បាន​តម្រូវ​ឱ្យ​ពួកគេ​ប្តូរ​រូប​គាំទ្រ​ព្រែក​នេះ​ដាក់​តាំង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឱ្យ​បាន​គ្រប់ៗ​គ្នា។

មន្ត្រី​ទាំងនោះ​អះអាង​ថា ថ្នាក់លើ​របស់​ពួកគេ​បញ្ជាក់​ថា ពេល​ដែល​មន្ត្រី​ក្នុង​អង្គភាព​ប្តូរ​រូប​គាំទ្រ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រួច​ហើយ អង្គភាព​នីមួយៗ​ត្រូវ​ប្រមូល​រូប​ទាំងនោះ​យក​ទៅ​ផ្សព្វផ្សាយ​ដើម្បី​បង្កើត​ទៅ​ជា​ចលនា​ជាតិ​និយម​មួយ ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ឱ្យ​មាន​ការ​សាងសង់​ព្រែកជីក​នេះ។

ប្រភព​គួរ​ឱ្យ​ទុកចិត្ត​ដដែល​នេះ​បញ្ជាក់​ថា បញ្ហា​ដែល​ពួកគេ​មិន​គាំទ្រ​ព្រែកជីក​នេះ គឺ​នៅ​ត្រង់​ថា កម្ពុជា​មាន​ព្រែក​មែន ប៉ុន្តែ​ព្រែក​នេះ​មិនមែន​របស់​កម្ពុជា​ទេ ហើយ​កប៉ាល់​ដឹក​ទំនិញ​ក៏​មិនមែន​របស់​កម្ពុជា​ដែរ ចំណែក​ទំនិញ​ទៀតសោត​ក៏​ជា​របស់​ចិន​ទៀត ដូច្នេះ​កម្ពុជា​មាន​តែ​ដី​ឱ្យ​គេ​ប្រើ ដើម្បី​ឱ្យ​ខ្លួនឯង​អាច​លួច​កិបកេង​លុយ​ពី​គម្រោង​ជីក​ព្រែក​នេះ​យក​មក​ចិញ្ចឹម​រដ្ឋាភិបាល​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​រូបថត​របស់​មន្ត្រី​រដ្ឋាភិបាល​តាម​ស្ថាប័ន និង​អង្គភាព​នានា​ដែល​បង្ហាញ​ពី​ការ​គាំទ្រ​លើ​ការ​សាងសង់​ព្រែកជីក​ហ្វូណន​ជា​បន្តបន្ទាប់​នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ខ្លះ​ទៀត​ក៏​បាន​រៀបរាប់​ឱ្យ​សារព័ត៌មាន The Cambodia Daily ដឹង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​ថា ក្រុមហ៊ុន​ចិន បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ជាង​ក្រុមហ៊ុន​ប្រទេស​ណាៗ​ទាំងអស់ ហើយ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ក៏​បាន​សហការ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ​ដែរ ដូច្នេះ​បើ​គិត​ពី​ផល​ប្រយោជន៍ គឺ​ចិន និង​មន្ត្រី​មាន​អំណាច​ខ្មែរ​ខ្លះ​ទទួល​បាន​ផល​ប្រយោជន៍​ដ៏​ច្រើន​ពី​ព្រែក​នេះ មិនមែន​ពលរដ្ឋ​ខ្មែរ​ទេ។

ប្រភព​មន្ត្រី​ផ្ទៃក្នុង​ទាំងនោះ​រៀបរាប់​ថា ក្រុមហ៊ុន​ចិន​បាន​មក​រកស៊ី​នៅ​កម្ពុជា ដូច្នេះ​ពួកគេ​ត្រូវតែ​មាន​ផ្លូវ​ដឹកជញ្ជូន​ផ្ទាល់ខ្លួន ដើម្បី​ធានា​នូវ​ការ​នាំចេញ ទាំង​ផ្លូវគោក ដូចជា​ផ្លូវ​ល្បឿន​លឿន ផ្លូវ​អាកាស​ដូចជា​វាល​យន្តហោះ ទាំង​ផ្លូវទឹក ដូចជា​ព្រែកជីក​នេះ ជាដើម ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ឬ​ទៅ​កាន់​ប្រទេស​របស់​ពួកគេ ដែល​ពួកគេ​នឹង​ប្រមូល​លុយ​គ្រប់​ច្រក​ទាំងអស់​ពី​ប្រទេស​កម្ពុជា​វិញ។

មន្ត្រី​រដ្ឋាភិបាល​ទាំងនេះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ ចិន​បាន​ដាក់​ក្រុមហ៊ុន​មក​វិនិយោគ​នៅ​កម្ពុជា មិនមែន​ត្រឹមតែ​រោងចក្រ​ឧស្សាហកម្ម​ទេ សូម្បី​វិស័យ​កសិកម្ម ក៏​ក្រុមហ៊ុន​ចិន​បាន​រៀបចំ​ស្ទើរតែ​គ្រប់​កន្លែង​ដែរ ដូច្នេះ​ដើម្បី​ចៀស​ផុត​ពី​ការ​ដឹកជញ្ជូន​ដែល​រាំង​ស្ទះ​ពី​ការ​ឆ្លងកាត់​ប្រទេស​វៀតណាម ការ​កសាង​ផ្លូវ​គមនាគមន៍​ដោយ​ខ្លួនឯង គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ចិន ក្នុង​ការ​នាំចេញ​ពី​ប្រទេស​កម្ពុជា។

ប្រភព​ដដែល​គូស​បញ្ជាក់​ថា គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ពី​ព្រែកជីក​នេះ​ក្នុង​កម្រិត​ណា​នោះ​ទេ ក្រៅពី​បញ្ចៀស​ការ​ខាត​លុយ​ដែល​បង់​ថ្លៃ​នាំចេញ​ឱ្យ​ប្រទេស​វៀតណាម ឬ​គ្រាន់តែ​បញ្ចៀស​ពី​ការ​បង់​ថ្លៃ​ឱ្យ​វៀតណាម ដោយ​ប្តូរ​មក​បង់​ថ្លៃ​ឱ្យ​ចិន លើ​ទឹកដី​របស់​ខ្លួន​ដែល​មាន​តម្លៃ​លើស​មុន ឬ​យ៉ាង​ណា​នោះ​ទេ ពេល​ដែល​ព្រែក​នេះ​មិនមែន​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​រយៈពេល ៥០​ឆ្នាំ​នោះ។

រយៈពេល​ចុងក្រោយ​នេះ បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម​នៃ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​បង្ហោះ​រូប​ដាក់​តាំង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ព្រែកជីក​ហ្វូណន​ជា​បន្តបន្ទាប់ ដែល​បាន​ចងក្រង​ពី​ស្ថាប័ន និង​អង្គភាព​នានា ដូចជា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ស្នងការដ្ឋាន​នគរបាល​តាម​បណ្តា​ខេត្ត នាយកដ្ឋាន​ទាក់ទង​អន្តជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ក្រសួង​ស្ថាប័ន​ជាច្រើន​ទៀត។

ជុំវិញ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​នេះ ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ជាពិសេស​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន កំពុង​ធ្វើ​យុទ្ធនាការ​ជំរុញ​ឱ្យ​ក្លាយ​ជា​ចលនា​ជាតិ​និយម​គាំទ្រ​ឱ្យ​សាងសង់​ព្រែកជីក​នេះ ដើម្បី​ប្រឆាំង​នឹង​ការ​ជំទាស់​ពី​ប្រទេស​វៀតណាម ផង និង​ប្រឆាំង​ចំពោះ​ការ​រិះគន់​ពី​ក្រុម​ប្រឆាំង​ផង​ដែរ។

ការ​សាងសង់​ព្រែកជីក​ហ្វូណន គឺជា​បណ្ដាញ​ផ្លូវទឹក​មួយ​ខ្សែ​ទៀត​ដែល​ក្រុមហ៊ុន​ចិន China Road and Bridge Corporation (CRBC) ឬ “សាជីវកម្ម​ថ្នល់ និង​ស្ពាន​ចិន” ទទួល​សាងសង់​ក្នុង​កិច្ច​សហការ​ជា​ទម្រង់ BOT ស្រប​ពេល​ដែល​ក្រុមហ៊ុន​នេះ​ក៏​បាន​សាងសង់​ផ្លូវគោក​ល្បឿន​លឿន អាកាសយានដ្ឋាន​ជាច្រើន​ដែរ​នៅ​ប្រទេស​កម្ពុជា ក្នុង​កិច្ចសន្យា​ប្រើប្រាស់​រាប់​សិប​ឆ្នាំ មុន​នឹង​ផ្ទេរ​ឲ្យ​ខ្មែរ​ម្ចាស់​ប្រទេស​កាន់កាប់​នោះ។

គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ត្រូវ​សាងសង់​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុម​ឯកជន​ចិន China Road and Bridge Corporation (CRBC) ឬ “សាជីវកម្ម​ថ្នល់ និង​ស្ពាន​ចិន” ជា​ទម្រង់ BOT ក្នុង​ទំហំ​ទឹកប្រាក់ ១៧០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​ទទួល​ទុន​ឧបត្ថម្ភ​រដ្ឋាភិបាល​ចិន តាមរយៈ​សហគ្រាស​រដ្ឋ​ចិន​ឈ្មោះ Chinese Communications Construction Company (CCCC)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស