30 C
Phnom Penh

បរិនាយក ហ៊ុន សែន ប្រកាស​ថា​នឹង​មិន​ចរចា​ជាមួយ​ក្រុម​ខ្មែរ​ប្រឆាំង​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​មាន​ការ​បង្ខំ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​មិន​អនុវត្ត​វប្បធម៌​សន្ទនា​ជាមួយ​ក្រុម​អ្នក​នយោបាយ​ក្បត់​ជាតិ ដែល​បាន​វាយប្រហារ​លើ​រូបលោក និង​ក្រុម​គ្រួសារ​របស់​លោក​ដាច់ខាត ព្រោះ​ទង្វើ​ទាំងនោះ​គឺជា​អំពើ​ជ្រុល​និយម។

លោក ហ៊ុន សែន ដែល​មាន​មុខនាទី​ជា​បរិនាយក និង​ដឹកនាំ​ប្រទេស​តាម​សំណល់​នយោបាយ ប៉ុល ពត លើកឡើង​ក្នុង​កម្មវិធី​បិទ​សន្និសីទ​ស្ដីពី​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ នៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា អ្នក​នយោបាយ​ប្រឆាំង​នៅតែ​ចិញ្ចឹម​ចិត្ត​កម្ចាត់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​រហូត​មក ហើយ​ពួកគេ​បាន​ប្រកាន់ខ្ជាប់​នូវ​មនោគមវិជ្ជា និង​វប្បធម៌​នយោបាយ​ជ្រុល​និយម និង​ហិង្សា​និយម ដូច​គ្នា​នឹង​មនោគមវិជ្ជា​ហិង្សា​បង្ហូរ​ឈាម​ពី​អតីតកាល​ដែរ។

អ្នក​សង្កេតការណ៍​ខ្លះ​មើល​ឃើញ​របៀប​ដឹកនាំ​ស្រុក​ខ្មែរ​ពី​សម័យ​មុន​បង្ហូរ​ឈាម ប៉ុន្តែ​សម័យ​នេះ​សម្រក់​ឈាម។

លោក ហ៊ុន សែន លើកឡើង​ថា ការ​បង្កើត​វប្បធម៌​សន្ទនា គឺជា​ការ​ស្រុះស្រួល​គ្នា​ជាមួយ​គ្នា និង​ការ​បង្កើត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដោយ​គោរព​គោលការណ៍​នីតិរដ្ឋ មិនមែន​ជា​ការ​ប្រើ​នយោបាយ​ទុច្ចរិត​នោះ​ទេ។ មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ អំពើ​ហិង្សា​នានា​បាន​រលាយ​សាបសូន្យ​ពី​ឆាក​នយោបាយ​កម្ពុជា បន្ទាប់ពី​ការ​សម្រេច​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ដែល​នេះ​ក៏​បង្ហាញ​ពី​ភាព​ចាស់ទុំ និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។

មាន​សំណួរ​ថា តើ​លោក ហ៊ុន សែន ស្គាល់​របៀប​របប​លទ្ធិប្រជាធិបតេយ្យ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ឬ បាន​ជា​គាត់​ចាត់ទុក​របប​នេះ​ថា​ប្រជាធិបតេយ្យ?

ការ​អះអាង​នេះ ធ្វើឡើង​ផ្ទុយ​ស្រឡះ​ពី​វត្ថុ​បំណង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ដែល​មើល​ឃើញ​ថា ការ​ផ្សះផ្សា​នយោបាយ​នៅ​ប្រទេស​កម្ពុជា ទើប​ជា​វិធី​បញ្ចប់​បញ្ហា​គ្រប់​យ៉ាង​កំពុង​កើតមាន​ក្នុង​ប្រទេស​សព្វថ្ងៃ​នេះ។

វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​ប្រទេស​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ដើរ​ដល់​ផ្លូវ​ទាល់​ដោះស្រាយ​មិន​ចេញ ខណៈ​មេដឹកនាំ​នយោបាយ​ធំៗ​នៅតែ​បន្ត​ឈ្លោះ​គ្នា បើ​ទោះបីជា​សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​លោក​សេរី​ជាច្រើន ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​ទៅ​រក​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ជាង​ផល​ប្រយោជន៍​បុគ្គល ឬ​បក្ស​របស់​ខ្លួន​ក៏ដោយ។

ចាប់តាំងពី​ឆ្នាំ​១៩៩១ មក បើ​ទោះបីជា​កម្ពុជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​របស់​ខ្លួន​ក៏ដោយ ក៏​ជម្លោះ​រវាង​អ្នក​នយោបាយ​ខ្មែរ​នៅតែ​បន្ត​កើតមាន​រហូត​ដល់​សព្វថ្ងៃ​នេះ​ដែរ ហើយ​ជម្លោះ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​ទាញ​ទម្លាក់​កម្ពុជា​ឱ្យ​ធ្លាក់​ជ្រោះ​ដែល​ពិបាក​នឹង​ស្រោចស្រង់។

មក​ទល់​ពេលនេះ ពន្លឺ​នៃ​កិច្ចចរចា​នយោបាយ​នៅ​កម្ពុជា នៅ​មិនទាន់​មាន​សង្ឃឹម​នៅឡើយ​ទេ ខណៈ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត នៅតែ​ប្រកាស​តាម​កម្ទេច​ក្រុម​ប្រឆាំង​កាន់តែ​ខ្លាំង​ឡើងៗ​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា អ្នក​នយោបាយ​ដែល​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ពិតប្រាកដ ត្រូវតែ​មាន​គំនិត​ដោះស្រាយ​បញ្ហា និង​កសាង​ប្រទេស​ជាតិ​ឱ្យ​បាន​រីកចម្រើន មិនមែន​ដឹកនាំ​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​ហែកហួរ​គ្នា​នោះ​ទេ។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា បេសកកម្ម​របស់​អ្នក​នយោបាយ​ដើម្បី​ជាតិ និង​ប្រជាជន គឺ​ត្រូវតែ​លើក​យក​បញ្ហា​សង្គម​ជាតិ​មក​ជជែក​វែកញែក​ដោះស្រាយ​ដោយ​ប្រកាន់​គោលការណ៍​ក្រមសីលធម៌ ចៀសវាង​ការ​វាយប្រហារ​រឿង​បុគ្គល​ផ្ទាល់ខ្លួន ដែល​គ្រាន់តែ​ដើម្បី​ឈ្នះ​ចាញ់​គ្នា និង​បង្ក​ជា​វិបត្តិ​ដល់​ប្រទេស​ជាតិ​កាន់តែ​ធ្ងន់ធ្ងរ​នោះ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ក្នុង​នាម​ជា​អ្នក​នយោបាយ ត្រូវ​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​កសាង​រៀបចំ​សង្គម​ឲ្យ​មាន​សុភមង្គល ដើម្បី​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ មិនមែន​ព្រោះ​តែ​អំណាច ឬ​សេចក្តី​សុខ​ផ្ទាល់ខ្លួន​នោះ​ទេ។

ចំណែក​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ជម្លោះ​រវាង​បក្ស​កាន់​អំណាច និង​ក្រុម​បក្ស​ប្រឆាំង បាន​ធ្វើ​ឱ្យ​ការ​បែកបាក់​សាមគ្គី​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​មូលហេតុ​នាំ​ឱ្យ​មាន​ការ​បែកបាក់​សាមគ្គី​របស់​ពលរដ្ឋ​ដែរ ព្រោះតែ​ការ​ប្រកាន់​និន្នាការ​នយោបាយ ហើយ​លទ្ធផល​ចុងក្រោយ​គឺ​មាន​តែ​ភាព​វិនាស​ហិនហោច​អន្តរាយ​ដល់​ជាតិ​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បើ​លោក ហ៊ុន សែន ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​នៅ​ពេលនេះ គាត់​នឹង​ទទួល​បាន​ទាំង​អំណាច និង​កិត្តិយស​ដោយ​ថ្លៃថ្នូរ​ពី​ប្រជាជាតិ​ខ្មែរ​ទូទាំង​ប្រទេស។

លោក​បន្ថែម​ថា សូម្បី​នយោបាយ «ឈ្នះ​ឈ្នះ» របស់​គាត់ ក៏​នឹង​ត្រូវ​ខ្មែរ​គ្រប់​ភាគី​លើក​តម្កើង​ជា​មតិ​រួម​ជាតិ​ដែរ ប៉ុន្តែ​ផ្ទុយទៅវិញ បើ​គាត់​មិន​ផ្សះផ្សា​ជាតិ​ទេ នោះ​គ្រួសារ និង​ខ្លួន​គាត់​ផ្ទាល់ បាន​តែ​អំណាច​មិន​ស្រប​ច្បាប់​ប៉ុណ្ណោះ។

ចំណែក​ឯ​មជ្ឈដ្ឋាន​ខ្មែរ​ខ្លះ​ទៀត ចោទ​សួរ​ថា បើ​ឧបមា​ថា​គណបក្ស​ប្រជាជន​កម្ពុជា រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​ក្នុង​សម័យ​បោះឆ្នោត​អាណត្តិ​ណា​មួយ​ដោយសារ​ខ្មែរ​ឆ្អែត លែង​គាំទ្រ តើ​លោក ហ៊ុន សែន និង​គ្រួសារ បក្ខពួក ចោទ​ថា​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ដែរ​ឬ បើ​លោក​យល់​ថា​របៀប​ដឹកនាំ​សព្វថ្ងៃ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​នោះ?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស