30 C
Phnom Penh

បរិនាយក ហ៊ុន សែន បញ្ជា​ឱ្យ​បង្កើត​ច្បាប់​ហាម​មិន​ឱ្យ​ខ្មែរ​និយាយ​ថា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឪ​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ដាក់​ទោស​លើ​អ្នក​ដែល​និយាយ​ថា កម្ពុជា​គ្មាន​របប​ប្រល័យ​ពូជសាសន៍ ជាពិសេស​អ្នក​នយោបាយ ដើម្បី​ចៀសវាង​ការ​បន្លប់​ប្រវត្តិសាស្ត្រ​ពី​ជន​អគតិ​មួយ​ចំនួន​ដែល​មាន​ចេតនា​បំបិទ​នូវ​ប្រវត្តិសាស្ត្រ​ពិត។

សាស្ត្រាចារ្យ​អាមេរិកាំង​ផ្នែក​សេដ្ឋសាស្ត្រ Jeffrey Sachs និយាយ​ថា ប្រវត្តិសាស្ត្រ​សរសេរ (ចងក្រង) ដោយ​ពួក​អ្នក​មាន ដូច្នេះ​ហើយ​ពួក​អ្នក​ក្រ​រង​ការ​បន្ទោស​គ្រប់​រឿង​គ្រប់​យ៉ាង។

លោក ហ៊ុន សែន ដែល​អស់​មុខនាទី​ជា​នាយករដ្ឋមន្ត្រី ថ្លែង​ក្នុង​ពិធី​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ នៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ ដោយ​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ដាក់​ទោស​លើ​អ្នក​ដែល​និយាយ​ថា កម្ពុជា​គ្មាន​របប​ប្រល័យ​ពូជសាសន៍ ជាពិសេស​គឺ​ដាក់​ទោស​លើ​អ្នក​នយោបាយ។ លោក​ថា អ្នក​នយោបាយ​ខ្មែរ​គឺ​អាក្រក់​ណាស់ ព្រោះ​ពួកគេ​តែង​មាន​បំណង​បំបិទ​ចោល​នូវ​អតីតកាល​ដ៏​ខ្មៅ​ងងឹត​នេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា ការ​បង្កើត​ច្បាប់​ដាក់​ទោស​លើ​អ្នក​ដែល​និយាយ​ថា កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ ក៏​ដើម្បី​ធានា​នូវ​ការ​អប់រំ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ដឹង​កាន់តែ​ច្បាស់​ពី​របប​ឃោរឃៅ ដែល​ធ្លាប់​កើត​មាន​នៅ​កម្ពុជា​ដែរ ក្នុង​គោលដៅ​ចៀសវាង​ការ​បន្លប់​ប្រវត្តិសាស្ត្រ​ពី​ជន​អគតិ​មួយ​ចំនួន ដែល​មាន​ចេតនា​បំបិទ​នូវ​ប្រវត្តិសាស្ត្រ​ពិត​មួយ​នេះ។

លោក ហ៊ុន សែន លើកឡើង​ថា ប្រទេស​ខ្លះ​បាន​ដាក់​ទោស​លើ​របប ប៉ុល ពត ហើយ​ក៏​បាន​ដាក់​ទោស​លើ​ចលនា​ដឹកនាំ​ផ្តួល​រំលំ​របប ប៉ុល ពត ដែរ ដែល​ទង្វើ​នេះ​គឺជា​ការ​ផ្ដល់​ភាព​អយុត្តិធម៌​យ៉ាង​ខ្លាំង​ចំពោះ​ចលនា​តស៊ូ​ដែល​ដឹកនាំ​ដោយ​រូបលោក ក្នុង​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​មួយ​នេះ។

កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​កំណត់​យក​ថ្ងៃទី​២០ ខែ​ឧសភា ជា​រៀង​រាល់​ឆ្នាំ ជា «ទិវា​ជាតិ​នៃ​ការ​ចងចាំ» ដែល​ជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ​នៃ​ប្រទេស​កម្ពុជា ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ការ​ប៉ះប៉ូវ​នូវ​ការ​ឈឺចាប់​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​ជនរងគ្រោះ រួម​ទាំង​ក្រុម​គ្រួសារ​របស់​ពួកគេ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ក៏​បាន​លើកឡើង​ក្នុង​សន្និសីទ​ស្ដីពី «អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍» កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤ ដោយ​រំលឹក​ឱ្យ​កូន​ខ្មែរ​ចងចាំ​របប​ប្រល័យ​ពូជសាសន៍ និង​ត្រូវ​ទប់ស្កាត់​របប​នេះ​កុំ​ឱ្យ​វិលត្រឡប់​មក​វិញ។

ប្រទេស​កម្ពុជា​បាន​ហែល​ឆ្លង​អំពើ​ប្រល័យ​ពូជសាសន៍ ចាប់ពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ដើម​ឆ្នាំ​១៩៧៩ ដែល​របប​ខ្មែរក្រហម​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​យ៉ាងហោចណាស់​ជាង ២​លាន​នាក់ ដោយ​ការ​ធ្វើ​ទារុណកម្ម បង្អត់​អាហារ ការ​ជម្លៀស​ចេញពី​លំនៅឋាន ការ​បង្ខំ​ឱ្យ​ធ្វើការ​ហួស​កម្លាំង និង​អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត​យ៉ាង​សាហាវ​ឃោរឃៅ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ ឧសភា នេះ​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ គេ​ធ្វើ​ច្បាប់​ប្រឆាំង​អ្នក​ប្រព្រឹត្ត​កំហុស ឬ​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម និង​ប្រឆាំង​អ្នក​ដែល​មាន​ផែនការ​ធ្វើ​ឧក្រិដ្ឋកម្ម​នានា ប៉ុន្តែ​គេ​មិន​ធ្វើ​ច្បាប់​ប្រឆាំង​អ្នក​ដែល​បញ្ចេញមតិ​ទេ។

លោក គឹម សុខ លើកឡើង​ថា បើ​ធ្វើ​ច្បាប់​ប្រឆាំង​អ្នក​បញ្ចេញមតិ មាន​តែ​មនុស្ស​គ​ប៉ុណ្ណោះ​ដែល​រួច​ផុត​ពី​ច្បាប់​នេះ ប៉ុន្តែ​បើ​ច្បាប់​ត្រូវ​បាន​បង្កើត​ឡើង​មែន អ្នក​ដែល​ត្រូវ​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​មុន​គេ គឺ​លោក ហ៊ុន សែន តែម្តង ព្រោះ​គាត់​បាន​អនុវត្ត​នយោបាយ «ក​៥» របស់​វៀតណាម រហូត​បណ្ដាល​ឲ្យ​បុរស​ខ្មែរ​ពេញ​កម្លាំង​ជាង ២០​ម៉ឺន​នាក់​ស្លាប់ កាលពី​អំឡុង​ទសវត្សរ៍​១៩៨០ នោះ។

លោក​បន្ថែម​ថា ផែនការ «ក​៥» បាន​ធ្វើ​ឲ្យ​ខ្មែរ​បាត់​កម្លាំង​ការពារ​ជាតិ និង​បាត់​កម្លាំង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឱ្យ​ខ្មែរ​ខ្សោយ និង​ជា​មូលហេតុ​ក្នុង​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​វៀតណាម ឈ្លានពាន​ទឹកដី​ខ្មែរ​ដើម្បី​បំបាត់​ពូជសាសន៍​ខ្មែរ​ដែរ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​អះអាង​ថា ផែនការ «ក​៥» មាន​គោលដៅ​បំផ្លាញ​ពូជសាសន៍​ខ្មែរ​តែ​មួយ​គត់ ដូច្នេះ​លោក ហ៊ុន សែន ត្រូវតែ​ទទួល​ខុសត្រូវ​លើ​ជីវិត​មនុស្ស​ដែល​បាន​ស្លាប់​ក្នុង​ផែនការ​នេះ រួម​ទាំង​ការ​សម្លាប់​ផ្សេងៗ​ទៀត​ចាប់តាំងពី​គាត់​ត្រូវ​បាន​វៀតណាម លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​អំឡុង​ទសវត្សរ៍​១៩៨០ មក។

លោក គឹម សុខ បញ្ជាក់​ថា អំពើ​ឧក្រិដ្ឋ​នានា​របស់​លោក ហ៊ុន សែន ដែល​ប្រព្រឹត្ត​កន្លង​មក ទោះ​មិន​អាច​ចាត់ទុក​ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ក៏ដោយ ប៉ុន្តែ​គឺជា​ឧក្រិដ្ឋកម្ម​ដែល​មាន​ចរិត​ធ្វើ​ឲ្យ​ខ្មែរ​បាត់​ប្រជាធិបតេយ្យ​ស្រប​តាម​ផែនការ​នៃ​មហិច្ឆតា​វៀតណាម ក្នុង​បំណង​ឈ្លានពាន​កម្ពុជា និង​បំបាត់​ពូជសាសន៍​ខ្មែរ​ទៅ​ថ្ងៃ​មុខ ដូច្នេះ​លោក ហ៊ុន សែន គឺ​មនុស្ស​ដែល​ត្រូវ​ស៊ើបអង្កេត​មុន​អ្នក​ណាៗ​ទាំងអស់។

ក្រុម​អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍន៍​សង្គម បាន​រក​ឃើញ​ថា ការ​អនុវត្ត​ការ​ដឹកនាំ​របស់​របប​ខ្មែរក្រហម និង​ការ​ដឹកនាំ​សម័យ​លោក ហ៊ុន សែន បន្ត​មក​លោក ហ៊ុន ម៉ាណែត គឺ​ដូច​គ្នា​ស្ទើរតែ​ទាំងស្រុង ប៉ុន្តែ​ចំណុច​ខុស​គ្នា​គឺ​នៅ​ត្រង់​ថា របប ប៉ុល ពត បាន​ប្រកាស​យក​របប​កុម្មុយនីស្ត​ដោយ​បើក​ចំហ។ ចំណែក​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ប្រើ​រូបភាព​ប្រជាធិបតេយ្យ ប៉ុន្តែ​បំបិទ​សិទ្ធិ​សេរីភាព រំលោភ​ច្បាប់ និង​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់ ក្រោម​ច្បាប់​ដែល​ពួកគេ​បាន​រៀបចំ​ដូច​របប ប៉ុល ពត ដែរ ដើម្បី​ចោទប្រកាន់​ក្រុម​ប្រឆាំង​នឹង​អំពើ​យង់ឃ្នង​របស់​ខ្លួន​ពី​បទ​ផ្សេងៗ ដូចជា ចោទ​ពី​បទ​ញុះញង់ ឬ​ពី​បទ ក្បត់​ជាតិ ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា ចរិត​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ គឺ​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ភាព​ព្រៃផ្សៃ​ដូច​ដែល​គាត់​នៅ​ជា​កម្មាភិបាល​នៃ​របប​ខ្មែរក្រហម​ដដែល បើ​ទោះបីជា​គាត់​អះអាង​ពី​ការ​ផ្តួល​រំលំ​របប​ខ្មៅ​ងងឹត​នេះ​ហើយ​ក៏ដោយ។

ជាក់ស្តែង កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​គំរាម​សម្លាប់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដោយ​ចោទ​ថា​ពួកគេ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។ ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន ក៏​បាន​គំរាម​សម្លាប់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​លោក សុខ សុគន្ធ ដែរ។

អ្នកនិពន្ធ​ប្រលោមលោក​ជនជាតិ​បារាំង នា​សតវត្ស​ទី​១៩ អន័រ៉េ ដឺ បាល់ហ្សាក់ (Honoré de Balzac) ពោល​ថា “ច្បាប់​គ្រប់​យ៉ាង គឺ (ប្រៀប​បាន​នឹង) សំណាញ់​ពីងពាង​ជុំ​ទិស ដែល​សត្វ​រុយ​ធំៗ​ហើរ​រំលង រីឯ​សត្វ​រុយ​តូចៗ​ហើរ​ចូល​ជាប់​រពុយ។”៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស