តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លើកឡើងថា អ្នកដែលប្រើមធ្យោបាយដណ្តើមអំណាចមិនប្រជាធិបតេយ្យ គឺមានតែមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន តែម្នាក់គត់នៅកម្ពុជា តាមរយៈការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៩៧ និងការដណ្ដើមអំណាចមិនប្រជាធិបតេយ្យម្តងទៀតនៅឆ្នាំ២០១៨ ដោយការរំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៧។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោក អ៊ុំ សំអាន ឆ្លើយតបទៅកាន់ការលើកឡើងរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី២២ ខែឧសភា នេះថា លោក ហ៊ុន សែន គឺជាបុគ្គលតែម្នាក់គត់ដែលដណ្តើមអំណាចដោយការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៩៧ និងការដណ្តើមអំណាចមិនប្រជាធិបតេយ្យម្តងទៀតនៅឆ្នាំ២០១៨ ដោយការរំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៧។
លោក អ៊ុំ សំអាន បញ្ជាក់ថា ការធ្វើរដ្ឋប្រហារឆ្នាំ១៩៩៧ ព្រោះតែដណ្តើមអំណាចគ្រប់គ្រងប្រទេសដោយការបង្ហូរឈាមកងទ័ពដែលចុះចាញ់រាប់រយនាក់ និងសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើនទៀត។
លោកបន្តថា ចំណែកឯការរំលាយគណបក្សសង្គ្រោះជាតិ ក៏ចាត់ទុកជាការដណ្តើមអំណាចមិនប្រជាធិបតេយ្យដែរ ព្រោះគណបក្សប្រជាជនកម្ពុជា បានចូលរួមបោះឆ្នោតតែម្នាក់ឯង ឈ្នះតែម្នាក់ឯង ដែលសហគមន៍អន្តរជាតិថ្កោលទោសគ្រប់ទិសទីរហូតមកទល់ពេលនេះ។
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានលើកឡើងនៅក្នុងកម្មវិធីបិទសន្និសីទស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ថា លោកនឹងមិនអនុញ្ញាតឱ្យមានការធ្វើរដ្ឋប្រហារផ្ដួលរំលំដើម្បីដណ្តើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យនោះឡើយ។
លោក ហ៊ុន សែន បញ្ជាក់ថា ការធ្វើរដ្ឋប្រហារផ្ដួលរំលំដើម្បីដណ្តើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ គឺជាឫសគល់នៃសង្គ្រាម ហើយក៏ជាឫសគល់នៃអំពើប្រល័យពូជសាសន៍ដែរ។
យ៉ាងណាក៏ដោយ គេចាំមិនភ្លេចទេកាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ កម្ពុជាបានផ្ទុះឡើងនូវព្រឹត្តិការណ៍បង្ហូរឈាមមួយ ដែលត្រូវគេចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមដែលមិនអាចបំភ្លេចបាន។
រដ្ឋប្រហារដ៏ឃោរឃៅនេះ ត្រូវគេដឹងថា លោក ហ៊ុន សែន គឺជាមេខ្លោងក្នុងការបញ្ជាកម្លាំងកងទ័ពរបស់គាត់ ឱ្យធ្វើទារុណកម្ម និងសម្លាប់ឈ្លើយសឹកដែលបានសារភាពចុះចាញ់គ្មានអាវុធក្នុងដៃយ៉ាងព្រៃផ្សៃ ហើយទង្វើនេះបានរំលោភបំពានលើអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីអំពីច្បាប់សង្គ្រាមយ៉ាងធ្ងន់ធ្ងរ។
ក្នុងព្រឹត្តិការណ៍ដ៏ព្រៃផ្សៃនេះ គេបានរកឃើញសាកសពកងទ័ពរាជានិយមដែលត្រូវគេសម្លាប់ និងយកទៅកប់ក្នុងដីរាក់ៗទាំងដៃសងខាងជាប់ចំណង ខណៈភ្នែកទាំងគូត្រូវគេខ្វេះ និងដងខ្លួនពោរពេញដោយស្នាមជាំគ្រប់កន្លែង ដែលបង្ហាញពីការធ្វើទារុណកម្មសួរចម្លើយ មុននឹងត្រូវគេសម្លាប់។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន តែងបដិសេធថា នោះមិនមែនជាការធ្វើរដ្ឋប្រហាររបស់គណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែវាជាហេតុការណ៍មួយដើម្បីទប់ទល់សភាពការណ៍ពីកម្លាំងគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានប៉ះទង្គិចគ្នានៅពេលនោះប៉ុណ្ណោះ។
ទោះជាបែបនេះក្តី អតីតតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក ថូម៉ាស ហាំម៉ាប៊ឺក និងអតីតនាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ប្រ៊ែដ អាដាមស៍ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរបាយការណ៍របស់ពួកគេទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែតុលា ឆ្នាំ១៩៩៧ ថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា គឺជា “អំពើរដ្ឋប្រហារ” ដែលធ្វើឡើងដោយលោក ហ៊ុន សែន។
លោក ប្រ៊ែដ អាដាមស៍ បានអះអាងថា បើផ្អែកតាមអង្គហេតុដែលប្រមូលបានទាក់ទងនឹងការសម្លាប់ឈ្លើយសឹកនៃមន្ត្រីយោធា និងប៉ូលិសរបស់គណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងព្រឹត្តិការណ៍បង្ហូរឈាមនោះ អាចបញ្ជាក់បានថា លោក ហ៊ុន សែន គឺជាអ្នកដែលត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះអំពើឃាតកម្មដ៏ឃោរឃៅក្រៅប្រព័ន្ធច្បាប់នេះ។
ក្រៅពីការធ្វើរដ្ឋប្រហារផ្តួលរំលំដោយការបង្ហូរឈាមនឹងកាំភ្លើង គេកត់សម្គាល់ឃើញថា លោក ហ៊ុន សែន ក៏បានដណ្តើមអំណាចធ្វើជានាយករដ្ឋមន្ត្រីមិនប្រជាធិបតេយ្យបន្តទៀតដែរ នៅអំឡុងឆ្នាំ២០១៧ ដោយការប្រើអំណាចបញ្ជាតុលាការឱ្យរំលាយគណបក្សសង្គ្រោះជាតិ និងចាប់មេបក្សប្រឆាំងលោក កឹម សុខា ដាក់គុកទាំងអយុត្តិធម៌។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគឯករាជ្យលោក គឹម សុខ លើកឡើងថា មេដឹកនាំខ្មែរបាតដៃប្រឡាក់ឈាម លោក ហ៊ុន សែន បានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មធំៗទាំងអស់ដែលកើតមាននៅក្នុងប្រទេសកម្ពុជា ដូចជា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មឈ្លានពាន និងឧក្រិដ្ឋកម្មបែបភេរវកម្មរដ្ឋ ឬឧក្រិដ្ឋកម្មបែបបណ្ដាញ ហើយដែលភស្តុតាងនៃឧក្រិដ្ឋកម្មទាំងនោះគឺសុទ្ធតែមានក្នុងដៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទាំងអស់។
លោក គឹម សុខ បញ្ជាក់ថា លោក ហ៊ុន សែន គឺជាមនុស្សតែម្នាក់គត់ដែលបានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមអំឡុងពេលធ្វើរដ្ឋប្រហារឆ្នាំ១៩៩៧ ដោយសារតែកងកម្លាំងប្រដាប់អាវុធដែលស្ថិតក្រោមការបញ្ជារបស់គាត់ បានសម្លាប់ឈ្លើយសឹកដែលបានសារភាពចុះចាញ់រាប់រយនាក់ ហើយនេះក៏ជាប្រវត្តិដ៏ជូរចត់នៃការដណ្តើមអំណាចមិនប្រជាធិបតេយ្យនៅកម្ពុជាដែលមិនអាចបំភ្លេចបានដែរ៕