30 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ចោទ​ប្រធាន​បក្ស​កម្លាំង​ជាតិ​ថា​ផ្សាយ​បំភ្លៃ​ពី​កម្មវិធី​ជាតិ​ជំនួយ​សង្គម​និង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចោទ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ថា​បាន​ផ្សាយ​បំភ្លៃ​ពី​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​លើ​កម្មវិធី​ជាតិ​ជំនួយ​សង្គម ដូច្នេះ​ការ​អនុវត្ត​ច្បាប់​ចំពោះ​លោក ស៊ុន ចន្ធី គឺ​ដើម្បី​ការពារ​ភាព​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី​មួយ​នៅ​សណ្ឋាគារ រេស៊ីដង់ សុខា​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ឧសភា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ពេញ​ទំហឹង ប៉ុន្តែ​រដ្ឋាភិបាល​ក៏​ត្រូវ​អនុវត្ត​ច្បាប់​ចំពោះ​ការ​បំភ្លៃ ចោទប្រកាន់ និង​ការ​បង្កើត​ចលាចល​ក្នុង​សង្គម​ដែរ ព្រោះ​ការ​លើកឡើង​ថា​គោលនយោបាយ​ជាតិ​ជំនួយ​សង្គម​មាន​ការ​រើសអើង និង​ការ​អភិវឌ្ឍ​នានា​របស់​រដ្ឋាភិបាល ដោយសារ​តែ​មាន​បក្ស​ប្រឆាំង គឺជា​ការ​បំភ្លៃ​ខុសពី​ការពិត​សុទ្ធសាធ។

នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​លើកឡើង​ថា ពលរដ្ឋ ៤​លាន ៧​សែន​នាក់ ដែល​ទទួល​ផល​ពី​កម្មវិធី​ជាតិ​ជំនួយ​សង្គម ត្រូវ​បាន​អនុវត្ត​ដោយ​តម្លាភាព មិនមែន​អនុវត្ត​សម្រាប់​តែ​បក្ខពួក ឬ​សាច់ញាតិ​ដូច​ការ​មួលបង្កាច់​របស់​លោក ស៊ុន ចន្ធី នោះ​ឡើយ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការ​លើកឡើង​របស់​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ជុំវិញ​គោលនយោបាយ​ជាតិ​ជំនួស​សង្គម ថា​មាន​ការ​រើសអើង និង​ការ​អភិវឌ្ឍ​នានា​របស់​រដ្ឋាភិបាល​ដោយសារ​តែ​មាន​បក្ស​ប្រឆាំង មិនមែន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ទេ ប៉ុន្តែ​ជា​ទង្វើ​បោកប្រាស់ និង​ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដើម្បី​ចំណេញ​នយោបាយ​ដោយ​ចេតនា​ប៉ុណ្ណោះ ដូច្នេះ​បុគ្គល​រូប​នោះ​ត្រូវតែ​ប្រឈមមុខ​ជាមួយ​ផ្លូវច្បាប់​ជាដាច់ខាត។

កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៤ ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី បាន​លើកឡើង​ថា សមិទ្ធផល​ជាតិ​សំខាន់ៗ​មួយ​ចំនួន​នៅ​កម្ពុជា គឺ​កើត​ឡើង​ដោយសារ​តែ​មាន​បក្ស​ប្រឆាំង​ប៉ុណ្ណោះ ក្នុង​នោះ​ការ​ចែក​បណ្ណ​ក្រីក្រ​ដល់​ពលរដ្ឋ​ក៏​មាន​ការ​រើសអើង​ដែរ។

លោក​បន្ថែម​ថា ការ​ចែក​បណ្ណ​នេះ​ទាល់តែ​សែស្រឡាយ​មេឃុំ និង​សែស្រឡាយ​ចៅហ្វាយ​ស្រុក ជាដើម ទើប​គេ​ចែក​ឱ្យ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ គេ​មិន​ចែក​ឱ្យ​នោះ​ទេ។

យ៉ាងណាក៏ដោយ បន្ទាប់ពី​ការ​លើកឡើង​នេះ នៅ​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ លោក ស៊ុន ចន្ធី ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​តែម្តង ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ចែក​បណ្ណ​ក្រីក្រ ឬ​បណ្ណ​សមធម៌​ក្រោម​គោលនយោបាយ​ជាតិ​ជំនួយ​សង្គម​របស់​រដ្ឋាភិបាល នៅតែ​ត្រូវ​បាន​រក​ឃើញ​ថា ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព​តាំងពី​ដើម​រហូត​មក។ ជាក់ស្តែង អំឡុង​ពេល​មាន​ជំងឺ​កូវីដ-១៩ រាតត្បាត​ពេញ​ប្រទេស ក៏​គេ​បាន​រក​ឃើញ​ពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ជុំវិញ​ការ​ចែក​បណ្ណ​ក្រីក្រ​នេះ​ដែរ។

កាលពី​ចុង​ឆ្នាំ​២០២០ អំឡុង​ពេល​ជំងឺ​កូវីដ-១៩ រាតត្បាត​ពេញ​បន្ទុក ក្រសួង​ផែនការ បាន​រក​ឃើញ​ថា ពលរដ្ឋ​ដែល​មាន​ជីវភាព​ធូរធារ​ជាង ៤​ពាន់​គ្រួសារ បាន​បន្លំ​ធ្វើ​ជា​ពលរដ្ឋ​ក្រីក្រ ដើម្បី​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ដែល​ត្រូវ​គេ​ដឹង​ថា អ្នក​ទាំងនោះ​គឺ​សុទ្ធតែ​ជា​សាច់ញាតិ​របស់​មេភូមិ មេឃុំ និង​សែស្រឡាយ​របស់​អភិបាល​ស្រុក ជាដើម។

ដោយសារតែ​បញ្ហា​នេះ លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ បាន​គំរាម​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ថា ប្រសិនបើ​លោក​រក​ឃើញ​ថា​នៅ​ភូមិ ឃុំ សង្កាត់​ណា​មួយ​មាន​ការ​រើសអើង​ក្នុង​ការ​ចែក​បណ្ណ​សមធម៌ លោក​នឹង​ចាត់​វិធានការ​ច្បាប់​គ្មាន​ករណី​លើកលែង​ដាច់ខាត។

យ៉ាងណាក៏ដោយ គេ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​ចាត់​វិធានការ​ច្បាប់​លើ​មន្ត្រី​មូលដ្ឋាន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ទាំងនោះ​ទេ សូម្បី​តែ​មួយ​ករណី ទោះបីជា​មន្ត្រី​ជំនាញ​អះអាង​ថា ពួកគេ​បាន​រក​ឃើញ និង​ដកហូត​បណ្ណ​ក្រីក្រ​ពី​ពលរដ្ឋ​ដែល​មាន​ជីវភាព​ធូរធារ​ប្រមាណ​ជាង ៣​ពាន់​គ្រួសារ ដែល​ពួកគេ​ទទួល​បាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ។

ជាង​នេះ​ទៀត កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ត្អូញត្អែរ​ថា ការ​ចែក​បណ្ណ​សមធម៌​នៅ​ក្នុង​ឃុំ​របស់​ពួកគេ ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព ពីព្រោះ​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​ខ្លះ​មិន​បាន​ទទួល​បណ្ណ​ក្រីក្រ​នេះ​ឡើយ ប៉ុន្តែ​បណ្ណ​នេះ​ចែក​ឱ្យ​តែ​អ្នក​ដែល​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ទោះ​អ្នក​ទាំងនោះ​មាន​ជីវភាព​ធូរធារ​យ៉ាងណា​ក៏ដោយ។

ការ​លើកឡើង​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សង្គមកិច្ច កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៤ បាន​ធ្វើ​បទ​បង្ហាញ​មួយ​ជុំវិញ​ការ​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​ជំនួយ​សង្គម​ទៅ​ដល់​ពលរដ្ឋ​ក្រីក្រ​រាប់​សែន​គ្រួសារ ក្នុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ គ្រោះ​ទឹកជំនន់ និង​ក្នុង​ពេល​រង​នូវ​សម្ពាធ​សេដ្ឋកិច្ច​សកល​ជា​បន្តបន្ទាប់​មក​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ធ្លាប់​បាន​លើកឡើង​ជុំវិញ​ការ​ចែក​បណ្ណ​ក្រីក្រ​នេះ​ថា ពលរដ្ឋ​ក្រីក្រ ដូចជា​អតីត​យោធិន និង​ជន​ងាយ​រងគ្រោះ​ភាគច្រើន​មិន​ទទួល​បាន​ការ​គាំពារ​ពី​រដ្ឋាភិបាល​ប្រកប​ដោយ​តម្លាភាព​នោះ​ទេ។

លោក ម៉ែន ណាត បញ្ជាក់​ថា បញ្ហា​នេះ​គឺ​បណ្តាល​មកពី​កត្តា​មួយ​ចំនួន ដូចជា ការ​ប្រព្រឹត្ត​អំពើពុករលួយ ការ​រើសអើង​នយោបាយ និង​ដោយសារ​តែ​រដ្ឋាភិបាល​គ្មាន​យន្តការ​ត្រួតពិនិត្យ ឬ​ហ៊ាន​ដាក់​ពិន័យ​ទៅ​លើ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ការ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស