30 C
Phnom Penh

ពលរដ្ឋ​តាម​បណ្តា​ខេត្ត​ថា​បញ្ហា​ក្មេង​ទំនើង​កើត​ឡើង​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​មិន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ​តាម​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​តាម​បណ្តា​ខេត្ត អំពាវនាវ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ចាត់​វិធានការ​តឹងរ៉ឹង​លើ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ក្មេង​ទំនើង​ឱ្យ​បាន​ម៉ឺងម៉ាត់ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ស្ថាប័ន​អយ្យការ និង​ស្ថាប័ន​តុលាការ ចាត់​វិធានការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ចាត់ការ​លើ​សំណុំរឿង​ក្មេង​ទំនើង។

ពលរដ្ឋ​មួយ​ចំនួន​មកពី​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង និង​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ បាន​នាំគ្នា​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២៤ ឧសភា នេះ​ថា ក្មេង​ទំនើង​ដែល​បង្ក​អសន្តិសុខ​ក្នុង​ភូមិ-ឃុំ​រាល់​ថ្ងៃ គឺ​ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន​បើក​ដៃ​ឱ្យ​ពួកគេ​បង្ក​ចលាចល​ប៉ុណ្ណោះ។

ប្រភព​ដដែល​លើកឡើង​ថា សព្វថ្ងៃ​នេះ ពលរដ្ឋ​មិន​ហ៊ាន​រាយការណ៍​ទៅ​អាជ្ញាធរ​ទេ ពីព្រោះ​ពួកគេ​ដឹង​ថា​ក្មេង​ទំនើង​ទាំងនោះ​សុទ្ធសឹងតែ​ជា​បណ្ដាញ​លក់​គ្រឿងញៀន​ដែល​មាន​ការ​បើក​ដៃ​ពី​មេ​ប៉ុស្តិ៍ និង​កម្លាំង​កងរាជអាវុធហត្ថ​នៅ​តាម​ឃុំ-សង្កាត់ ហើយ​មាន​ក្មេង​ទំនើង​ខ្លះ​ទៀត​គឺជា​បងប្អូន សាច់ញាតិ និង​ជា​កូន​របស់​មេ​ប៉ុស្តិ៍​តែម្តង ដូច្នេះ​បើ​ពួកគេ​ប្តឹង​ទៅ​អាជ្ញាធរ គឺ​មាន​តែ​នាំ​ទុក្ខ​ដាក់​ខ្លួនឯង​វិញ​ប៉ុណ្ណោះ។

ពលរដ្ឋ​ទាំងនោះ​អះអាង​ថា អាជ្ញាធរ​ក៏​បាន​ចាប់​ក្មេង​ទំនើង​ទាំងនោះ​ដែរ បន្ទាប់ពី​មាន​ការ​រាយការណ៍​ថា​ពួកគេ​បាន​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ ជាដើម ប៉ុន្តែ​ក្រោយ​ការ​ចាប់​ខ្លួន​បាន ២ ទៅ ៣​ថ្ងៃ ពួកគេ​ក៏​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព និង​បង្ក​ភាព​ចលាចល​នៅ​ក្នុង​ភូមិ​ដូច​មុន​ដដែល។

ប្រភព​ដដែល​បញ្ជាក់​ថា អ្វី​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យ​ខ្លាច​បំផុត​នោះ គឺ​នៅ​ពេល​ដែល​ពួកគេ​រួច​ផុត​ពី​ការ​ឃាត់​ខ្លួន ក្មេង​ទំនើង​ទាំងនោះ​បាន​គំរាម​អ្នក​ភូមិ​ថា ពួកគេ​នឹង​មិន​ឱ្យ​អ្នក​ដែល​បាន​ប្តឹង​ពួកគេ​រួច​ខ្លួន​ឡើយ។

កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៤ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ប្ដេជ្ញា​ចាត់​គ្រប់​វិធានការ​ជំនាញ និង​វិធានការ​ច្បាប់ ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​សកម្មភាព​ក្មេង​ទំនើង​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បញ្ជាក់​ថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​កត់សម្គាល់​ឃើញ​ថា សកម្មភាព​ក្មេង​ទំនើង​បាន​កើត​មាន​ឡើង​ជា​ញឹកញាប់ និង​មាន​ចរិត​កាច​សាហាវ​គួរ​ឱ្យ​ព្រួយបារម្ភ ដែល​ធ្វើ​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សង្គម និង​បង្ក​ឱ្យ​មាន​ការ​ភ័យ​ខ្លាច ព្រមទាំង​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​យ៉ាង​ធ្ងន់ធ្ងរ​បច្ចុប្បន្ន​នេះ។

ការ​ចេញ​វិធានការ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​កាលពី​ថ្ងៃទី​២៣ ឧសភា នេះ​ថា លោក​បាន​សង្កេត​ឃើញ​មាន​ការ​កើត​ឡើង​ជា​ញឹកញាប់​នូវ​សកម្មភាព​ក្រុម​ក្មេង​ទំនើង ដែល​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ សន្តិសុខ​សង្គម។

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ស្ថាប័ន​អយ្យការ និង​ស្ថាប័ន​តុលាការ ចាត់​វិធានការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ក្នុង​ការ​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង​ប្រកប​ដោយ​ការ​យកចិត្ត​ទុកដាក់ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ និង​ដើម្បី​ការពារ​សង្គម​ជាតិ ព្រមទាំង​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​ផង​ដែរ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រយៈពេល ៥​ខែ​ចុងក្រោយ​នេះ សមត្ថកិច្ច​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បាន​ជាង ៣០០​ករណី (៣៣៧) និង​ឃាត់​ខ្លួន​ជិត ៨០០​នាក់ (៧៨៨​នាក់) ហើយ​បាន​បញ្ជូន​ទៅ​តុលាការ​ជាង ២០០​ករណី (២៤១)។ នៅ​ក្នុង​សំណុំរឿង​ក្មេង​ទំនើង​ទាំងនោះ ភាគច្រើន​ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា ចោរកម្ម និង​បង្ហោះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។

អ្នក​សង្កេតការណ៍​និយាយ​ថា បញ្ហា​អសន្តិសុខ​សង្គម​នៅ​មូលដ្ឋាន​មិនមែន​មាន​តែ​បញ្ហា​ក្មេង​ទំនើង​ទេ ប៉ុន្តែ​ក៏​បណ្តាល​មកពី​ការ​បើក​ដៃ​ឱ្យ​មាន​ល្បែង​ភ្នាល់​ផ្សេងៗ ដូចជា ល្បែង​ជល់​មាន់ ល្បែង​បៀ និង​ល្បែង​ចាក់​អាប៉ោង ជាដើម ពី​អាជ្ញាធរ​មូលដ្ឋាន​ដែរ។

ក្នុង​ចំណោម​អ្នក​លេង​ល្បែង​ភ្នាល់​ទាំងនេះ ក៏​មាន​ជា​សាច់ញាតិ ឬ​បងប្អូន​របស់​ប៉ូលិស​ប៉ុស្តិ៍ អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក​ដែរ ដែល​ពួកគេ​តែងតែ​រួម​តុ​ផឹក​ស៊ី​ជាមួយ​គ្នា ដូច្នេះ​នៅ​ពេល​ដែល​មាន​កម្លាំង​បង្ក្រាប​ចុះ​ទៅ​ពី​ថ្នាក់​ខេត្ត​ទៅ អាជ្ញាធរ​ទាំងនោះ​បាន​ផ្តល់​ដំណឹង​ដល់​បងប្អូន​របស់​ពួកគេ​ដែល​ជា​អ្នក​លេង​ល្បែង​ភ្នាល់​ទាំងនោះ​ឱ្យ​ដឹង​មុន​ជានិច្ច។

ដោយសារតែ​មាន​ការ​គប់គិត​គ្នា​ជា​ប្រព័ន្ធ​បែប​នេះ​ហើយ ទើប​រាល់​ការ​បង្ក្រាប​ក្មេង​ទំនើង ឬ​ការ​បង្ក្រាប​ទីតាំង​ល្បែង​ភ្នាល់​ខ្លះ មិន​ដែល​មាន​ប្រសិទ្ធភាព​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បាត់បង់​នូវ​ព័ត៌មាន​ពិត​ពី​សកម្មភាព​របស់​ក្មេង​ទំនើង និង​ការ​ប្រព្រឹត្ត​ល្បែង​ភ្នាល់​ទាំងនេះ។

ប្រភព​ពី​ម្ចាស់​ទីតាំង​ល្បែង​ខ្លះ​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ម្ចាស់​សង្វៀន​មាន់​ជល់ ម្ចាស់​ទីតាំង​ល្បែង​ចាក់​អាប៉ោង ម្ចាស់​ទីតាំង​ល្បែង​បៀ និង​ការ​ចែកចាយ​ថ្នាំញៀន​ពី​សំណាក់​ក្មេង​ទំនើង​នៅ​មូលដ្ឋាន ដែល​អាច​ដំណើរការ​ទៅ​បាន គឺ​ដោយសារ​មាន​ការ​សូកប៉ាន់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជា​ប្រចាំ ហើយ​អាជ្ញាធរ​ទាំងនោះ​ក៏​ធ្វើ​ជា​ភ្នែក​ជា​ច្រមុះ​ឱ្យ​ពួកគេ​រាល់​ពេល​មាន​ការ​បង្ក្រាប​ពី​ថ្នាក់​ជាតិ​ចុះ​ទៅ​មូលដ្ឋាន​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស