30 C
Phnom Penh

អ្នក​វិភាគ​ថា​ការ​កាត់ទោស​លោក កឹម សុខា ហាក់​បង្ហាញ​ថា​រដ្ឋាភិបាល​បំផ្លាញ​នីតិរដ្ឋ​និង​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ព្រមាន​ថា ការ​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ ហាក់​បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​លើក​តម្កើង​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ ប៉ុន្តែ​ការពិត គឺ​អំពើ​បំផ្លាញ​នីតិរដ្ឋ បំផ្លាញ​ប្រជាធិបតេយ្យ ជាន់​ពន្លិច​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​តែប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ ឧសភា នេះ​ថា ការ​ចោទប្រកាន់​លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ចំណុច​ចាប់ផ្តើម​ធំ​បំផុត​របស់​លោក ហ៊ុន សែន ក្នុង​ការ​អនុវត្ត​ផែនការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​ថា​បើ​មាន​វត្តមាន​បក្ស​ប្រឆាំង នោះ​ផែនការ​បន្ត​អំណាច​ត្រកូល​ហ៊ុន នឹង​ត្រូវ​បរាជ័យ​ទាំងស្រុង។

លោក គឹម សុខ លើកឡើង​ថា ចាប់​តាំងពី​លោក កឹម សុខា ត្រូវ​ចាប់​ឃុំ​ខ្លួន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ពី​ការ​ដឹកនាំ​បែប​ពហុបក្ស មក​ជា​ឯក​បក្ស ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។ លោក​បន្ថែម​ថា ការ​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កន្លង​មក គឺជា​ទង្វើ​រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​មិន​អាច​ប្រកែក​បាន​ឡើយ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា វិបត្តិ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​លេច​ចេញ​គ្រប់​ទម្រង់ និង​គ្រប់​រូបភាព គឺ​ដោយសារ​អវត្តមាន​បក្ស​ប្រឆាំង ក្នុង​នោះ លោក ហ៊ុន សែន ក៏​អាច​អនុវត្ត​ផែនការ​ក្តោប​ក្តាប់​អំណាច​បន្ត​ពូជ​តាម​អំពើ​ចិត្ត​របស់​គាត់​ដែរ ដូចជា ការ​កែ​ច្បាប់​ផ្សេងៗ ការ​កែ​រដ្ឋធម្មនុញ្ញ និង​ការ​តែងតាំង​កូនប្រុស​របស់​គាត់​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ខ្លួន​គាត់ ជាដើម។

លោក គឹម សុខ បញ្ជាក់​ថា ពិត​មែន​តែ​ផែនការ​កម្ចាត់​បក្ស​ប្រឆាំង និង​ផែនការ​រក្សា​អំណាច​បន្ត​ពូជ​ត្រកូល​របស់​គាត់​បាន​សម្រេច ប៉ុន្តែ​ផល​ប្រយោជន៍​របស់​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ បាន​បាត់បង់​ទាំងស្រុង។ ជាក់ស្តែង ដូចជា ការ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប និង​អាមេរិក ការ​កំណត់​ព្រំដែន​ដែល​គ្មាន​បក្ស​ប្រឆាំង​ចូលរួម និង​ការ​ខ្ចី​បុល​ពី​ប្រទេស​ចិន ដោយ​គ្មាន​តម្លាភាព ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចុះ​ទាំង​ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច​ដូច​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៤ សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើក​ទី​៩ លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ក្នុង​នោះ​តុលាការ​បាន​ច្រានចោល​សំណើ​របស់​សហ​មេធាវី​របស់​លោក ដែល​ស្នើសុំ​ឱ្យ​មាន​ការ​កោះហៅ​មន្ត្រី​នគរបាល​មក​បំភ្លឺ​ជុំវិញ​ការ​ចាប់​ខ្លួន​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ។

សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា គឺ​អ្នកស្រី ម៉េង សុភារី អះអាង​ក្រោយ​បញ្ចប់​សវនាការ​ភ្លាមៗ​ថា រឿង​សំខាន់​ក្នុង​សវនាការ​នេះ គឺ​ការ​ចាក់​សំឡេង​លោក កឹម សុខា ដោយ​កាត់​ជា​កំណាត់ៗ​ដែល​ធ្វើ​ឱ្យ​បាត់​ខ្លឹមសារ​ដើម។

មេធាវី​រូប​នេះ​អះអាង​ថា ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​សំឡេង​កាត់ត​នោះ​បង្កើត​ទៅ​ជា​អត្ថន័យ​ផ្សេង​ទៅ​វិញ ដូចជា ការ​កាត់​សំឡេង​លោក កឹម សុខា ទាំងអស់ ហើយ​ទុក​តែ​ពាក្យ​ដែល​និយាយ​ថា យុទ្ធសាស្ត្រ និង​យក​ទៅ​ភ្ជាប់​ជាមួយ​ពាក្យ យូហ្គោស្លាវី ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ថា លោក កឹម សុខា ប្រើ​យុទ្ធសាស្ត្រ​យូហ្គោស្លាវី ជាដើម។

ចំណែក​សហ​មេធាវី​មួយ​រូប​ទៀត គឺ​លោក ផែង ហេង ក៏​បាន​លើក​ឡើង​ដែរ​ថា លោក កឹម សុខា នៅតែ​ប្រកាន់​ជំហរ​ដដែល​ថា គាត់​មិន​បាន​ក្បត់​ជាតិ នាំ​បរទេស​មក​ឈ្លានពាន​ទឹកដី​កម្ពុជា ឬ​កាត់​ទឹកដី​ឱ្យ​បរទេស ឬ​ផ្តល់​មធ្យោបាយ​ជា​សព្វាវុធ និង​ព័ត៌មាន​ចារកម្ម​ណា​មួយ​ឱ្យ​ដល់​រដ្ឋ​បរទេស​ណា​មួយ​ឡើយ។

ដោយឡែក​នាយក​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​នា​ពេល​នោះ​ដែរ​ថា ក្នុង​សវនាការ​នេះ តុលាការ​បាន​ត្រឹម​តែ​អាន​កំណត់​ដ៏​វែង​អន្លាយ និង​បដិសេធ​សំណើ​របស់​សហ​មេធាវី​របស់​លោក កឹម សុខា ចំពោះ​ការ​ស្នើ​ឱ្យ​កោះហៅ​មន្ត្រី​នគរបាល​យុត្តិធម៌​មក​បំភ្លឺ​ពាក់ព័ន្ធ​ការ​ចាប់​ខ្លួន​លោក កឹម សុខា កាលពី ៧​ឆ្នាំ​មុន​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ តារាវុទ្ធី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ថា ពិត​ជា​អយុត្តិធម៌​ខ្លាំង​ណាស់​ចំពោះ​បុគ្គល​ស្អាតស្អំ និង​ស្លូតត្រង់​ដូចជា​លោក កឹម សុខា។

ប្រភព​ដដែល​លើកឡើង​ថា មេដឹកនាំ​នយោបាយ អ្នក​ប្រជាធិបតេយ្យ​កម្ពុជា​អហិង្សា​និយម បែរ​ជា​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​ទៅវិញ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា បើ​ការ​ចោទប្រកាន់​នេះ​ពិត​ជា​ត្រឹមត្រូវ និង​យុត្តិធម៌​មែន នោះ​តុលាការ​មិន​ត្រូវ​បដិសេធ​សំណើ​សុំ​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​បាន​ចាប់​ខ្លួន​លោក កឹម សុខា ចូលរួម​ក្នុង​ដំណើរការ​ស៊ើបអង្កេត​នេះ​ទេ ដើម្បី​តទល់​គ្នា​ចំពោះ​មុខ​ច្បាប់។

ក្នុង​សវនាការ​លើក​ទី​១ លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ បាន​សម្រេច​ថា នឹង​បើក​សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា ត្រឹម​តែ​ចំនួន ៩​ដង​ប៉ុណ្ណោះ គឺ​ត្រូវ​ធ្វើ​ឡើង ២​ដង​ក្នុង ១​ខែ នៅ​រៀងរាល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

យ៉ាងណា​ក៏ដោយ សវនាការ​នៅ​ថ្ងៃទី​២៣ ខែ​ឧសភា នេះ គឺជា​សវនាការ​លើក​ទី​៩ ហើយ ប៉ុន្តែ​តុលាការ​ថ្នាក់​កណ្តាល​មួយ​នេះ​មិន​បាន​បញ្ចប់​ត្រឹម​នេះ​ទេ ប៉ុន្តែ​បែរ​ជា​សម្រេច​បន្ត​បើក​សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា ទៅ​សវនាការ​លើក​ទី​១០ នៅ​ដើម​ខែ​មិថុនា បន្ត​ទៀត​ទៅ​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស