30 C
Phnom Penh

ក្រសួង​មហាផ្ទៃ​ដាក់​មន្ត្រី​សវនកម្ម​ចំនួន ៧​នាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​បន្ទាប់ពី​ពួកគេ​ទទួល​កំហុស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ បាន​ដាក់​មន្ត្រី​សវនកម្ម​ចំនួន ៧​នាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត បន្ទាប់ពី​ពួកគេ​ព្រម​ទទួលស្គាល់​កំហុស​ថា ខ្លួន​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ធ្វើ​សវនកម្ម​នៅ​តាម​បណ្តា​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ស្ពឺ ពិតប្រាកដ​មែន។

ហ្វេសប៊ុក​របស់​ក្រសួង​មហាផ្ទៃ កាលពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ​បាន​អញ្ជើញ​លោក កែវ សារ៉ាវុធ ដែល​មាន​តួនាទី​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​របស់​ក្រសួង​មហាផ្ទៃ ចូល​មក​បំភ្លឺ​ក្នុង​អគ្គនាយកដ្ឋាន​កាលពី​ថ្ងៃទី​២១ ខែ​ឧសភា កន្លង​ទៅ​នេះ ហើយ​លោក​ព្រម​ទទួលស្គាល់​កំហុស​ថា លោក​ពិត​ជា​បាន​ដឹកនាំ​ក្រុម​ការងារ ៧​រូប ធ្វើ​សវនកម្ម​នៅ​ខេត្ត​កំពង់ស្ពឺ ចាប់ពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ ដោយ​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ផ្ទាល់ខ្លួន​ចំនួន ២​គ្រឿង ហើយ​ទើប​តែ​ធ្វើ​សវនកម្ម​បាន​ចំនួន ៤​ស្រុក​ប៉ុណ្ណោះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ កើត​ឡើង​ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បំពេញ​ការងារ​របស់​មន្ត្រី​ទាំង ៧​នាក់​នោះ ដោយ​បាន​ដក​យក​ប្រាក់​ពី​សាលាឃុំ​ក្នុង​មួយ​ឃុំ​ចំនួន ១​លាន​រៀល ក្នុង​ពេល​ដែល​ក្រុម​ការងារ​របស់​លោក កែវ សារ៉ាវុធ ចុះ​ធ្វើ​សវនកម្ម​នៅ​ការិយាល័យ​សាលាឃុំ​ចំនួន​១០។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បច្ចុប្បន្ន​ដំណើរ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត និង​សិក្សា​ស្រាវជ្រាវ​បន្ត ព្រោះ​សមាសភាព​ក្រុម​ការងារ​របស់​លោក កែវ សារ៉ាវុធ មាន​ច្រើន​នាក់។

ប្រភព​ដដែល​បន្ត​ថា ពួកគេ​បាន​ទទួល​ស្គាល់​កំហុស​ថា បាន​ទទួល​យក​លុយ​នោះ​មែន ហើយ​លុយ​ដែល​ទទួល​បាន​ពី​បណ្តា​ឃុំ​ទាំងនោះ គឺជា​ទឹកចិត្ត និង​ការ​រាប់អាន​គ្នា មិនមែន​ជា​ថ្នូរ ឬ​ការ​គាបសង្កត់ ឬ​ក៏​ការ​ដាក់​សម្ពាធ​នោះ​ទេ។

លោក​ថា នេះ​គ្រាន់តែ​ជា​ការ​អះអាង​របស់​ក្រុម​មន្ត្រី​ទាំងនោះ​ប៉ុណ្ណោះ ហើយ​អ្វី​ដែល​អាច​នឹង​ធ្វើ​ឱ្យ​ដឹង​ច្បាស់​ជាង​នេះ គឺ​ការ​ស៊ើបអង្កេត​បន្ថែម​របស់​ក្រសួង​ដែល​កំពុង​ខិតខំ​ស្រាវជ្រាវ​រក​មូលហេតុ​ឱ្យ​ពិតប្រាកដ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

ក្រសួង​មហាផ្ទៃ អំពាវនាវ​ជូន​សាធារណជន​ថា ដើម្បី​ប្រសិទ្ធភាព​នៃ​ការងារ​កំណែ​ទម្រង់​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រដ្ឋាភិបាល និង​ទស្សនៈ​ដឹកនាំ «សម្អាត​ផ្ទះ​យើង» របស់​លោក ហ៊ុន ម៉ាណែត ការ​ចូលរួម​ចំណែក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សាធារណមតិ ពិត​ជា​មាន​សារសំខាន់​ណាស់។ ក្រសួង​មហាផ្ទៃ លើក​ទឹកចិត្ត និង​ទទួល​យក​ដោយ​ការ​ពិចារណា​ខ្ពស់​នូវ​ព័ត៌មាន​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​នគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ​គ្រប់​ថ្នាក់ ក៏ដូចជា​សំណើ សំណូមពរ និង​មតិយោបល់​របស់​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​លើកឡើង​ថា ការ​កិបកេង​ថវិកា​របស់​រដ្ឋ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ដែល​ជា​បញ្ហា​ដ៏​ធំ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​គួរតែ​ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ​ទៅ​លើ​បញ្ហា​ទាំងអស់​នេះ ហើយ​ដាក់​ចេញ​គោលការណ៍​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌ ព្រមទាំង​ស៊ើបអង្កេត​ទៅ​លើ​បញ្ហា​ផ្សេងៗ​ជុំវិញ​កិច្ចការ​សវនកម្ម​ស្ថាប័ន​រដ្ឋ ដើម្បី​កុំ​ឱ្យ​រឿង​ស្រដៀង​នឹង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ខេត្ត​កំពង់ស្ពឺ នោះ អាច​កើត​ឡើង​ជា​ថ្មី​ទៀត។

យោង​តាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ស្តីអំពី​ស្ថានភាព​អំពើពុករលួយ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ ត្រូវ​គេ​រក​ឃើញ​ថា បាន​ធ្លាក់​ចុះ ៨​លេខ បើ​ធៀប​នឹង​ឆ្នាំ​២០២២ កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​សន្ទស្សន៍​ស្ដីពី​អំពើពុករលួយ​ឆ្នាំ​២០២៣ ជាប់​ចំណាត់ថ្នាក់​លេខ​១៥៨ ក្នុង​ចំណោម​ប្រទេស ១៨០ លើ​ពិភពលោក និង​នៅ​ក្នុង​តំបន់​អាស៊ាន។

បើ​ធៀប​ជាមួយ​ប្រទេស​ខ្លះ​ក្នុង​តំបន់​អាស៊ាន កម្ពុជា​នៅតែ​ស្ថិត​ជិត​បាត​តារាង ពោល​នៅ​ពី​លើ​តែ​ប្រទេស​ភូមា មួយ​គត់​ដែល​ទទួល​បាន​ពិន្ទុ ២០។ ចំណែក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក វិញ កម្ពុជា​មាន​លេខ​រៀង​ទាប​បំផុត​ជាងគេ​ទី​៤ ដោយ​នាំ​មុខ​តែ​ប្រទេស​អាហ្វហ្គានីស្ថាន ភូមា និង​កូរ៉េខាងជើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស