មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ថ្លែងនៅមុខឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា លោក Wang Wentian ដែលត្រូវបញ្ចប់អាណត្តិរបស់ខ្លួនថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង បានរីកចម្រើនរហូតដល់កម្រិតដែលមិនអាចបំបែកបាន ទោះជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មីក៏ដោយ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ ឧសភា នេះបន្ទាប់ពីបានជួបជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា មុននឹងលោកត្រូវចប់អាណត្តិរបស់ខ្លួនថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន គឺមានភាពស័ក្តិសមនឹងមានគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសគឺទំនុកចិត្តខាងនយោបាយ ត្បិតជំនួយពីប្រទេសចិន ដល់ប្រទេសកម្ពុជារហូតមក មិនត្រឹមតែជួយអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជភាពខាងនយោបាយនៃកម្ពុជាទៀតផង។
លោក ហ៊ុន សែន លើកឡើងថា លោក Wang Wentian បានចាត់ទុកថាទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ខណៈចិន បានចាត់ទុកប្រទេសកម្ពុជាជាប្រទេសអាទិភាពក្នុងកិច្ចសហប្រតិបត្តិការឱ្យមានការរីកចម្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលផងដែរ ដែលរក្សាជំហរយុត្តិធម៌ស្ដីពីសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីនជាំង ដើម្បីការពារផលប្រយោជន៍ចិន-កម្ពុជា និងផលប្រយោជន៍អាស៊ាន-ចិន ដែលក្នុងន័យនេះ គឺបង្ហាញថា ទោះបីជាស្ថានការណ៍ពិភពលោកប្រែប្រួលក៏ដោយ ក៏ទំនាក់ទំនងរវាងចិន និងកម្ពុជា មិនប្រែប្រួលដែរ។
ទាក់ទិននឹងបញ្ហានេះ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ធ្លាប់បញ្ជាក់ជំហររបស់ខ្លួនជារឿយៗទៅកាន់ប្រទេសក្នុងតំបន់អាស៊ី និងមហាអំណាចពិភពលោកនានាកាលពីពេលកន្លងទៅថា ដោយសារតែបានមិត្តចិន ទើបកម្ពុជាមានស្ពានឆ្លងទន្លេ មានផ្លូវខ្វាត់ខ្វែងដូចសព្វថ្ងៃនេះ ដូច្នេះបើមិនឱ្យកម្ពុជាពឹងចិន តើឱ្យកម្ពុជាទៅពឹងអ្នកណា?
ចាប់តាំងពីដើមឆ្នាំ២០២០ ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយជោគវាសនារួមគ្នាជាមួយចិន និងបានប្រកាសយកចិន ជាមិត្តស្រោបដែក ឬ «ដែកថែប» មក គេសង្កេតឃើញថា ប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់ជាមួយចិន ចាប់តាំងពីចុងឆ្នាំ២០២០ មក ខណៈការខ្ចីបុលរបស់ចិន ក៏ចេះតែកើនឡើងរហូតដល់ជាង ១ម៉ឺនលានដុល្លារសហរដ្ឋអាមេរិកដែរនៅពេលនេះ។ ចំពោះកិច្ចព្រមព្រៀងមួយចំនួនវិញ គេសង្កេតឃើញថា មានកិច្ចព្រមព្រៀងខ្លះធ្វើឡើងជារបៀបសម្ងាត់ មិនឲ្យសាធារណជនខ្មែរបានឃើញ ដឹងឮឡើយ ហើយមានខ្លះជាកិច្ចព្រមព្រៀងយោធាទៀតផង។
ក្រៅពីការខ្ចីបុលចិន និងការធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍនានា ដូចជាការកសាងផ្លូវល្បឿនលឿន ការសាងសង់ផ្លូវអាកាស និងការប្រកាសពីការសាងសង់ផ្លូវទឹកព្រែកជីកហ្វូណនតេជោនៅពេលនេះ ជាដើម ក៏សុទ្ធសឹងតែជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន ដែរ ក្រោមកិច្ចសហប្រតិបត្តិការទម្រង់ BOT ដែលកម្ពុជានឹងប្រគល់ឱ្យចិន គ្រប់គ្រងរយៈពេលជាង ៥០ឆ្នាំទៅថ្ងៃមុខ។
ជុំវិញទំនាក់ទំនងកម្ពុជា-ចិន គេសង្កេតឃើញថា បានចាប់ផ្តើមតាំងពីឆ្នាំ២០១២ មកម្ល៉េះ ព្រោះថានៅពេលដែលកម្ពុជាដើរតួនាទីជាប្រធានអាស៊ាននៅពេលនោះ លោក ហ៊ុន សែន មិនបានចេញសេចក្តីថ្លែងការណ៍ជុំវិញជម្លោះសមុទ្រចិនខាងត្បូងរវាងចិន និងប្រទេសភាគីជម្លោះជាមួយចិន នោះទេ ក្រោមហេតុផលថា កម្ពុជាមិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ប៉ុន្តែមជ្ឈដ្ឋានខ្លះអះអាងថា ទង្វើរបស់លោក ហ៊ុន សែន គឺបម្រើប្រយោជន៍ឱ្យចិន។
ចាប់តាំងពីឆ្នាំ២០១៩ មក គេបានសង្ស័យពីទំនាក់ទំនងរវាងកម្ពុជា-ចិន កាន់តែខ្លាំងលើសពីទំនាក់ទំនងការទូតក្នុងនាមប្រទេសជាមិត្ត ជាពិសេសការសង្ស័យទៅលើការផ្តល់មូលដ្ឋានជើងទឹករាមរបស់កម្ពុជា ឱ្យជាមូលដ្ឋានទ័ពជើងទឹករបស់កងទ័ពចិន ឈរជើង ដែលបានចុះផ្សាយដោយកាសែតអាមេរិក The Wall Street Journal កាលពីអំឡុងឆ្នាំ២០១៩ កន្លងទៅនោះ។
អ្នកវិភាគនយោបាយ សង្គម និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ ឧសភា នេះថា កម្ពុជាអាចធ្វើជាមិត្តល្អជាមួយចិនបាន តែមិនត្រូវឱនក្បាលដាក់ចិនទេ នាំឱ្យបាត់បង់កិត្តិយសរបស់ខ្លួនលើឆាកអន្តរជាតិ។
អ្នកវិភាគរូបនេះលើកឡើងថា ការប្រកាសក្ដែងៗពីទំនាក់ទំនងជាមួយចិន ដែលថាគ្មាននរណាបំបែកបានបែបនេះ គ្រាន់តែជាភាសាការទូតនយោបាយដើម្បីយកចិត្តចិន ឱ្យមិត្តកុម្មុយនីស្តមួយនេះបន្តផ្តល់នូវអ្វីដែលខ្លួនចង់បានបន្ថែមទៀតប៉ុណ្ណោះ ព្រោះថាគ្មានបរទេសណាមកបំបែកទំនាក់ទំនងការទូតនៃប្រទេសមួយជាមួយនឹងប្រទេសមួយផ្សេងទៀតនោះទេ កុំឱ្យតែទំនាក់ទំនងនោះជាការគប់គិតខុសច្បាប់ដែលបង្កអសន្តិសុខក្នុងតំបន់។
លោក គឹម សុខ បញ្ជាក់ថា ការឱនក្បាលដាក់ចិន ព្រោះចង់បានជំនួយ ឬការខ្ចីបុលពីគេ ប្រទេសកម្ពុជានឹងខាតបង់យ៉ាងធំធេង ដូចជាហិនហោចព្រៃឈើ រ៉ែ និងភោគទ្រព្យដទៃទៀត។ បន្ថែមពីនេះ ប្រទេសកម្ពុជាក៏នឹងក្លាយជាទីផ្សារលាងលុយកង្វក់ និងក្លាយជាកន្លែងប្រព្រឹត្តអំពើឧក្រិដ្ឋផ្សេងៗសម្រាប់ចិន ដែរ ដែលបញ្ហានេះមិនត្រឹមតែខាតផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជាទេ ថែមទាំងបង្កើតវិបត្តិសង្គមធ្ងន់ធ្ងរដល់ពលរដ្ឋខ្មែរថែមទៀតផង៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

