កាលពីថ្ងៃទី២៥ ឧសភា ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បង្ហាញអារម្មណ៍ចង់ឱ្យមានបទឈប់បាញ់គ្នានៅសមរភូមិជួរមុខនៃប្រទេសអ៊ុយក្រែន ប៉ុន្តែបទឈប់បាញ់ដែលអាចធ្វើទៅបាន លុះត្រាអ៊ុយក្រែន ទទួលយកលក្ខខណ្ឌរបស់ក្រុងមូស្គូ។
លក្ខខណ្ឌដែលលោក ពូទីន បង្ហើបឱ្យដឹង គឺអ៊ុយក្រែន ត្រូវទទួលស្គាល់ដែនដីរុស្ស៊ី វាយយកបានពីកងទ័ពអ៊ុយក្រែន នៅភាគខាងកើត និងភាគខាងត្បូង។
តាមប្រភពព័ត៌មានដដែលនេះ មេដឹកនាំវិមានក្រឹមឡាំង ដែលបង្ហាញជំហរចង់ចរចាឱ្យមានការបញ្ឈប់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ក៏ស្របពេលកងទ័ពរុស្ស៊ី កំពុងមានប្រៀបជាងកងទ័ពអ៊ុយក្រែន នៅសមរភូមិជួរមុខ។ តែទោះជាបែបនេះក្ដី ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky) បានចេញសេចក្ដីថ្លែងការណ៍វាយប្រហារចំអកឱ្យលោក ពូទីន ថា ការដែលលោក ពូទីន លើកទ័ពលុកលុយប្រទេសអ៊ុយក្រែន ថាតើបានគិតថាអ៊ុយក្រែន ធ្វើតាមគំនាបរបស់រុស្ស៊ី ដែរឬទេ។
លោក Zelensky ប្រាប់ទៅលោក ពូទីន ថា អ៊ុយក្រែន មិនចរចាដោយផ្ទាល់ជាមួយរុស្ស៊ី ទេ គឺក្រុងមូស្គូ ត្រូវចរចាជាមួយក្រុមប្រទេសបស្ចិមប្រទេស ហើយអ៊ុយក្រែន រង់ចាំស្ដាប់លទ្ធផលចេញពីការចរចានោះ ថាតើរុស្ស៊ី យល់ព្រមដកទ័ពចេញពីទឹកដីអ៊ុយក្រែន ឬទេ។ លោក Zelensky បានសង្កត់ធ្ងន់ថា នេះជាលក្ខខណ្ឌដែលអាចមានដំណោះស្រាយ។
តែពេលជាមួយគ្នានេះ កាលពីថ្ងៃអាទិត្យ ទី២៧ ឧសភា ប្រធានាធិបតីអ៊ុយក្រែន បានផ្ញើសារអញ្ជើញលោកប្រធានាធិបតីចិន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ទៅចូលរួមជំនួបកំពូលនៃវេទិកាសន្តិភាពដែលនឹងត្រូវប្រព្រឹត្តទៅនៅប្រទេសស្វីស នៅថ្ងៃទី១៥-១៦ ខែមិថុនា ខែក្រោយនេះ។
វេទិកាសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន គឺរដ្ឋាភិបាលស្វីស និងអ៊ុយក្រែន ជាអ្នករៀបចំរួមគ្នា។ វេទិកានេះមានគោលបំណងបង្រួបបង្រួមមតិជាសកលអំពីរបៀបបញ្ឈប់សង្គ្រាម និងបង្កើនសម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។ វេទិកានេះនឹងធ្វើឡើងនៅទីក្រុង Lucerne ភាគកណ្តាលប្រទេសស្វីស។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលស្វីស បានឲ្យដឹងថា គេបានផ្ញើលិខិតអញ្ជើញគណៈប្រតិភូពីបណ្តាប្រទេសចំនួនប្រមាណ ១៦០ប្រទេស តែគិតត្រឹមដំណាក់កាលនេះ គឺគេមិនបានអញ្ជើញរុស្ស៊ី ឱ្យចូលរួមទេ។
តាមរូបភាពក្នុងវីដេអូដែលត្រូវបានថតនៅទីក្រុង Kharkiv ភាគឦសានជាសមរភូមិថ្មីមួយទៀតរបស់ក្រុងមូស្គូ គេឃើញរូបលោក Zelensky នៅខាងក្នុងសំណល់អគារមួយដែលត្រូវបានបំផ្លាញដោយការវាយប្រហារពីគ្រាប់មីស៊ីលរបស់រុស្ស៊ី។ ក្នុងឃ្លីបវីដេអូនោះ លោក Zelensky បានប្រកាសថា ប្រទេសជាង ៨០ នឹងចូលរួមកិច្ចប្រជុំកំពូលនេះ។
ក្នុងចំណោមប្រទេស និងគណៈប្រតិភូដែលត្រូវបានគេអញ្ជើញ គឺមានក្រុមប្រទេសសមាជិក G-7 សមាជិក G-20 ប្រទេសសហភាពអឺរ៉ុប ប្រទេសនៃសមាជិកក្រុម BRICS រួមនឹងប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោក។
រុស្ស៊ី បានលើកឡើងថា ការរៀបចំជំនួបកំពូលដើម្បីសន្តិភាពស្ដីពីសង្គ្រាមនៅអ៊ុយក្រែន ដែលគ្មានតំណាងរបស់រុស្ស៊ី ចូលរួម គឺគ្មានន័យអ្វីទាំងអស់។ មិនតែប៉ុណ្ណោះ រុស្ស៊ីបានរិះគន់ថា គំនិតដែលស្នើឡើងដោយលោក Zelensky គឺគ្មានអ្វីក្រៅតែពីចង់ឱ្យជំនួបកំពូលដាក់សម្ពាធលើរុស្ស៊ី ដកទ័ពចេញពីអ៊ុយក្រែន និងបង្ខំរុស្ស៊ី សងសំណងខូចខាតដែលឈានទៅដល់បង្កើតតុលាការពិសេសមួយដើម្បីកាត់ទោសក្រុងមូស្គូ។
តែបែបនេះក្ដី លោក Zelensky បានថ្លែងថា លោកសូមអំពាវនាវដល់មេដឹកនាំពិភពលោក ទាំងប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និងប្រធានាធិបតីចិន ស៊ី ជីនពីង សូមបង្ហាញភាពជាអ្នកដឹកនាំរបស់អ្នកក្នុងការជំរុញសន្តិភាព ដែលសន្តិភាពពិតប្រាកដ វាមិនមែនគ្រាន់តែជាការផ្អាកការប្រយុទ្ធគ្នានោះទេ។ លោក ហ្សេឡេនស្គី បានថ្លែងបន្តថា ការប្រឹងប្រែងរបស់ពិភពលោក គឺជាការធានាដ៏ល្អអំពីការដាក់បង្ខំទៅលើភាគីទាំងពីរ រុស្ស៊ីនិងអ៊ុយក្រែន ត្រូវតែគោរព និងអនុវត្ត បើផែនការសន្តិភាពត្រូវអនុម័ត។
បើតាមលោកប្រធានាធិបតីអ៊ុយក្រែន រូបនេះ កិច្ចប្រជុំកំពូលអំពីសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន នឹងបង្ហាញថា ពិភពលោកនេះពិតជាចង់បញ្ចប់សង្គ្រាម ហើយថាអ្នកដែលគ្រាន់តែនិយាយចង់បញ្ឈប់សង្គ្រាម ខណៈកងទ័ពប្រទេសនៅតែឈ្លានពានអ៊ុយក្រែន គឺប្រទេសនោះគ្មានភាពសុចរិតទៀងត្រង់ឡើយ។ ការអំពាវនាវរបស់លោក Zelensky បានបង្ហាញពីភាពមិនប្រាកដប្រជាថា តើលោក បៃដិន នឹងចូលរួមដែរឬទេ ខណៈប្រទេសចិន ក៏មិនបានបញ្ជាក់ពីការចូលរួមរបស់ខ្លួនដែរ។
នៅក្នុងផែនការសន្តិភាពរបស់លោក Zelensky ក៏មានការទាមទារឱ្យមានការដកកងទ័ពរុស្ស៊ី ទាំងស្រុង និងការស្ដារឡើងវិញនូវព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅឆ្នាំ១៩៩១។
មកដល់ពេលនេះ រដ្ឋាភិបាលក្រុងប៉េកាំង នៅមិនទាន់ឆ្លើយតបយ៉ាងណាមួយទៅកាន់ប្រទេសស្វីស នៅឡើយទេ។ តែចំពោះសហរដ្ឋអាមេរិក វិញ បានបង្ហើបថា លោក បៃដិន អាចនឹងទៅចូលរួម។
គេរំពឹងថាវេទិកាពិភពលោកស្ដីពីសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន អាចនឹងលើកឡើងផងដែរអំពីការបង្កកទ្រព្យសម្បត្តិរុស្ស៊ី ប្រមាណ ៣០០ពាន់លានដុល្លារ ដែលមាននៅលើទឹកដីអឺរ៉ុប និងសហរដ្ឋអាមេរិក។
សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ពីប្រទេសឧស្សាហកម្មជឿនលឿន G-7 ក៏បានកំណត់ពីការបើកផ្លូវឱ្យមានការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីដោះដូរទៅជាហិរញ្ញវត្ថុជាប្រយោជន៍សម្រាប់អ៊ុយក្រែន ដែលក្នុងនោះមានទាំងការស្ដារសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធប្រទេសអ៊ុយក្រែន ដែលរងវិនាសកម្មធ្ងន់ធ្ងរដោយសង្គ្រាមឈ្លានពានពីរុស្ស៊ី៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

