27 C
Phnom Penh

ក្រសួង​យុត្តិធម៌​កំពុង​សិក្សា​ថា​តើ​ត្រូវ​បង្កើត​ច្បាប់​ថ្មី ឬ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចាស់​ដាក់​ទោស​អ្នក​ថា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​យុត្តិធម៌ កំពុង​ពិនិត្យ​សិក្សា​ថា តើ​នឹង​ត្រូវ​បង្កើត​ច្បាប់​ថ្មី ឬ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ចាស់​ប្រឆាំង​នឹង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ឆ្នាំ​២០១៣ បន្ទាប់ពី​សំណើ​របស់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ឱ្យ​អ្នក​ច្បាប់​ពិចារណា​រៀបចំ​ច្បាប់​ផ្ដន្ទាទោស​ជន​ទាំងឡាយ​ណា​ដែល​ហ៊ាន​និយាយ​ថា កម្ពុជា​មិន​មាន​អំពើ​ប្រល័យ​ពូជសាសន៍។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃទី​២៨ ខែ​ឧសភា បាន​ថ្លែង​ថា ក្រសួង​យុត្តិធម៌​កំពុង​ពិនិត្យ​សិក្សា​លើ​ច្បាប់​ដាក់​ទោស​អ្នក​ដែល​មិន​ទទួលស្គាល់​វត្តមាន​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា ប៉ុន្តែ​លោក​នៅ​មិន​ទាន់​បញ្ជាក់​បាន​ទេ​ថា តើ​ត្រូវ​បង្កើត​ច្បាប់​ថ្មី ឬ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ចាស់​ប្រឆាំង​នឹង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ឆ្នាំ​២០១៣។

បើ​តាម​លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​អះអាង​ថា នេះ​ជា​ការងារ​ដែល​មាន​សារសំខាន់ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា តើ​ច្បាប់​ចាស់​កាលពី​ជាង ១០​ឆ្នាំ​មុន និង​ច្បាប់​ដែល​លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​តាក់តែង​ថ្មី​ពេលនេះ នឹង​មាន​ភាព​ខុស​គ្នា​នៅ​ត្រង់​កន្លែង​ណា​ខ្លះ​ទេ។

កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ក្នុង​ពិធី​បិទ​សន្និសីទ​លើក​ទី​១ ស្ដីពី​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​លើក​សំណើ​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឱ្យ​អ្នក​ច្បាប់​ពិចារណា​រៀបចំ​ច្បាប់​ផ្ដន្ទាទោស​ជន​ទាំងឡាយ​ណា​ដែល​ហ៊ាន​និយាយ​ថា កម្ពុជា​មិន​មាន​អំពើ​ប្រល័យ​ពូជសាសន៍។

លោក ហ៊ុន សែន ថា​ការ​បង្កើត​ច្បាប់​ដាក់​ទោស​លើ​អ្នក​ដែល​និយាយ​ថា កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ ក៏​ដើម្បី​ធានា​នូវ​ការ​អប់រំ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ដឹង​កាន់តែ​ច្បាស់​ពី​របប​ឃោរឃៅ​ដែល​ធ្លាប់​កើត​មាន​នៅ​កម្ពុជា​ដែរ ក្នុង​គោលដៅ​ចៀសវាង​ការ​បន្លប់​ប្រវត្តិសាស្ត្រ​ពី​ជន​អគតិ​មួយ​ចំនួន​ដែល​មាន​ចេតនា​បំបិទ​នូវ​ប្រវត្តិសាស្ត្រ​ពិត​មួយ​នេះ។

លោក ហ៊ុន សែន លើកឡើង​ថា ប្រទេស​ខ្លះ​បាន​ដាក់​ទោស​លើ​របប ប៉ុល ពត ហើយ​ក៏​បាន​ដាក់​ទោស​លើ​ចលនា​ដឹកនាំ​ផ្ដួលរំលំ​របប ប៉ុល ពត ដែរ ដែល​ទង្វើ​នេះ​គឺជា​ការ​ផ្ដល់​ភាព​អយុត្តិធម៌​យ៉ាង​ខ្លាំង​ចំពោះ​ចលនា​តស៊ូ​ដែល​ដឹកនាំ​ដោយ​រូបលោក ក្នុង​ការ​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍​មួយ​នេះ។

កាលពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០១៣ តាម​សំណើ​របស់​លោក ហ៊ុន សែន ដែល​កាល​នោះ​ជា​នាយករដ្ឋមន្ត្រី រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម បន្ទាប់ពី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា គ្មាន​ការ​កាប់​សម្លាប់​ក្នុង​គុក​ទួលស្លែង។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ គេ​ធ្វើ​ច្បាប់​ប្រឆាំង​អ្នក​ប្រព្រឹត្ត​កំហុស ឬ​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម និង​ប្រឆាំង​អ្នក​ដែល​មាន​ផែនការ​ធ្វើ​ឧក្រិដ្ឋកម្ម​នានា ប៉ុន្តែ​គេ​មិន​ធ្វើ​ច្បាប់​ប្រឆាំង​អ្នក​ដែល​បញ្ចេញមតិ​ទេ។

លោក គឹម សុខ លើកឡើង​ថា បើ​ធ្វើ​ច្បាប់​ប្រឆាំង​អ្នក​បញ្ចេញមតិ មាន​តែ​មនុស្ស​គ​ប៉ុណ្ណោះ​ដែល​រួច​ផុត​ពី​ច្បាប់​នេះ ប៉ុន្តែ​បើ​ច្បាប់​ត្រូវ​បាន​បង្កើត​ឡើង​មែន អ្នក​ដែល​ត្រូវ​ប្រឈម​នឹង​ការ​ស៊ើប​អង្កេត​មុន​គេ គឺ​លោក ហ៊ុន សែន តែម្តង ព្រោះ​គាត់​បាន​អនុវត្ត​នយោបាយ «ក​៥» របស់​វៀតណាម រហូត​បណ្ដាល​ឲ្យ​បុរស​ខ្មែរ​ពេញ​កម្លាំង​ជាង ២០​ម៉ឺន​នាក់​ស្លាប់​កាលពី​អំឡុង​ទសវត្សរ៍​១៩៨០ នោះ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​អះអាង​ថា ច្បាប់​ផ្ដន្ទាទោស​អ្នក​មិន​ទទួលស្គាល់​របប​ប្រល័យ​ពូជសាសន៍​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ។ លោក​ថា អ្វី​ដែល​លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពិនិត្យ​ច្បាប់​នេះ គឺ​ខុស​នឹង​តួនាទី ពីព្រោះ​លោក ហ៊ុន សែន លែង​ជា​នាយករដ្ឋមន្ត្រី​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស