29 C
Phnom Penh

លោក ហ៊ុន សែន ទម្លាយ​ថា​លោក អាត់ ធន់ គ្រាន់តែ​ធ្វើ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដើម្បី​បាន​លុយ​ពី​បរទេស​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អះអាង​ថា សកម្មភាព​របស់​លោក អាត់ ធន់ អតីត​ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា គ្រាន់តែ​បង្ហាញ​ឥរិយាបថ​ជា​អ្នក​ប្រឆាំង​ដើម្បី​ទទួល​បាន​ការ​ទុកចិត្ត​ពី​ចៅហ្វាយ​បរទេស​ដែល​ផ្តល់​លុយ​ឲ្យ​តែប៉ុណ្ណោះ បន្ទាប់ពី​អគ្គនាយក​កាសែត​ដើម​អម្ពិល លោក សយ សុភាព បាន​ទម្លាយ​ព័ត៌មាន​ថា លោក អាត់ ធន់ បាន​ទៅ​ពឹងពាក់​ឲ្យ​មាន​ការ​ជួយ​ធ្វើជា​មេដឹកនាំ​សហជីព​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៤ ថា ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ពី​សំណាក់​លោក អាត់ ធន់ កន្លង​មក គ្រាន់តែ​បង្ហាញ​ឥរិយាបថ​ជា​អ្នក​ប្រឆាំង​ដើម្បី​ទទួល​បាន​ការ​ទុកចិត្ត​ពី​ចៅហ្វាយ​បរទេស​ដែល​ផ្តល់​លុយ​ឱ្យ​រូប​គាត់​តែប៉ុណ្ណោះ។

ក្នុង​ន័យ​នេះ លោក ហ៊ុន សែន ទំនង​ជា​ចង់​សំដៅ​ថា​លោក អាត់ ធន់ គ្រាន់តែ​ធ្វើ​ប្រឆាំង​នឹង​រដ្ឋាភិបាល ដើម្បី​ទទួល​បាន​លុយ​ពី​បរទេស​ប៉ុណ្ណោះ មិនមែន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដោយ​ពិតប្រាកដ​នោះ​ទេ។

លោក ហ៊ុន សែន លើកឡើង​ថា កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤ លោក​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ចាងហ្វាង​កាសែត​ដើម​អម្ពិល លោក សយ សុភាព អះអាង​ថា លោក អាត់ ធន់ បាន​ស្នើសុំ​មក​កាន់​រូបលោក​តាមរយៈ​លោក សយ សុភាព ឱ្យ​ជួយ​លោក​ជាប់​ឆ្នោត​ធ្វើជា​ប្រធាន​សហជីព​សហភាព​ការងារ​កម្ពុជា ដែល​ហៅ​កាត់​ថា CLC បន្ត​ទៀត ប្រសិនបើ​លោក​ចាញ់​ការ​បោះឆ្នោត​ដោយ​ករណី​ណា​មួយ​នោះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា លោក​បាន​ប្រាប់​ទៅ​លោក សយ សុភាព វិញ​ថា​ឱ្យ​លោក អាត់ ធន់ បោះឆ្នោត​តាម​ការ​កំណត់​ជាមួយ​អង្គ​បោះឆ្នោត​ដែល​មាន​ស្រាប់​បន្ត​ទៀត​ចុះ ដែល​នេះ​ជា​ដំណើរការ​ធម្មតា​នៃ​ប្រជាធិបតេយ្យ​សម្រាប់​អង្គការ​ចាត់តាំង​មួយ​ដែល​មនុស្ស​ចាស់​ដូចជា​រូបលោក​គួរតែ​ប្រាប់​ទៅ​ក្មេង​ជំនាន់​ក្រោយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អគ្គនាយក​កាសែត​ដើម​អម្ពិល ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​ផ្ញើ​សារ​មួយ​ទៅ​កាន់​លោក ហ៊ុន សែន ដោយ​បង្ហាញ​ពី​ការ​អះអាង​របស់​លោក អាត់ ធន់ ជាច្រើន​ចំណុច​ចំពោះ​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ។

កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក ហ៊ុន សែន បាន​ទម្លាយ​សារ​មួយ​រវាង​រូបលោក និង​អគ្គនាយក​កាសែត​ដើម​អម្ពិល លោក សយ សុភាព ដោយ​លោក សយ សុភាព រៀបរាប់​ថា លោក អាត់ ធន់ បាន​ជូនពរ​លោក ហ៊ុន សែន និង​ប្ដេជ្ញា​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន ព្រមទាំង​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក ហ៊ុន សែន ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត លោក សយ សុភាព សរសេរ​បញ្ជាក់​ថា លោក អាត់ ធន់ ក៏​បាន​សុំ​ឱ្យ​លោក ហ៊ុន សែន អភ័យទោស​ចំពោះ​រូបលោក​ផង​ដែរ​ចំពោះ​កំហុស​ឆ្គាំឆ្គង​ក្នុង​ការងារ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ប៉ុន្តែ​ក្នុង​សារ​នោះ​មិន​បាន​បញ្ជាក់​ថា លោក អាត់ ធន់ បាន​ធ្វើ​កំហុស​អ្វី​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ អគ្គនាយក​កាសែត​ដើម​អម្ពិល លោក សយ សុភាព បាន​លើកឡើង​ក្នុង​កម្មវិធី​មួយ​កាលពី​សប្តាហ៍​កន្លង​ទៅ​ថា លោក អាត់ ធន់ បាន​មក​ពឹង​លោក​ឱ្យ​ជួយ​បញ្ជូន​ពាក្យ​របស់​ខ្លួន​ទៅ​កាន់​លោក ហ៊ុន សែន ដើម្បី​ជួយ​ឱ្យ​លោក​បាន​ធ្វើ​ជា​មេដឹកនាំ​សហជីព​នៅ​កម្ពុជា​បន្ត​ទៀត។

លោក សយ សុភាព លើកឡើង​ថា ក្រោយ​ចាញ់​ឆ្នោត​មិន​បាន​ធ្វើ​ជា​ប្រធាន​សហជីព​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​វាយប្រហារ​ថា​គាត់​បាន​រង​នូវ​ការ​គំរាមកំហែង​ពី​លោក សយ សុភាព ហើយ​ការ​បោះឆ្នោត​នេះ​ទៀតសោត​ក៏​មាន​ការ​លូក​ដៃ​ពី​ខាងក្រៅ​ដែរ ដែល​ទំនង​ជា​លោក អាត់ ធន់ មាន​បំណង​សំដៅ​ទៅ​លើ​លោក សយ សុភាព ថែម​ទៀត។

យ៉ាងណា​ក៏ដោយ លោក សយ សុភាព បាន​បដិសេធ​ដាច់អហង្ការ​ថា លោក​មិន​បាន​ដឹង​រឿង​ផ្ទៃក្នុង​របស់​សហជីព​សហភាព​ការងារ​កម្ពុជា​ដែល​លោក អាត់ ធន់ ធ្លាប់​បាន​ដឹកនាំ​នោះ​ទេ។ ជាង​នេះ​ទៀត លោក​ក៏​មិន​បាន​លូក​ដៃ​រឿង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​របស់​សហជីព​នេះ​ដែរ។

ក្នុង​ការ​ផ្សាយ​នោះ លោក សយ សុភាព ស្នើ​ឱ្យ​ម្ចាស់​ជំនួយ​ស្រាវជ្រាវ និង​ធ្វើ​សវនកម្ម​លើ​ការ​ដឹកនាំ​របស់​លោក អាត់ ធន់ កន្លង​មក​ផង​ដែរ ក្រោម​ការ​សង្ស័យ​ថា​លោក អាត់ ធន់ ប្រើប្រាស់​លុយ​របស់​ម្ចាស់​ជំនួយ​បរទេស​កន្លង​មក​គ្មាន​តម្លាភាព។

កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៤ ក្នុង​មហាសន្និបាត​អាណត្តិ​ទី​៥ របស់​សហភាព​ការងារ​កម្ពុជា​ហៅ​កាត់​ថា CLC ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​សហជីព​ថ្មី​តាម​អាណត្តិ​រៀងរាល់ ៥​ឆ្នាំ​ម្តង​របស់​ខ្លួន។

ក្នុង​ការ​បោះឆ្នោត​នោះ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ស៊ីខាវឌូ (C-CAWDU) លោក គង់ អាទិត្យ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ថ្មី​របស់​សហភាព​ការងារ​កម្ពុជា CLC ជំនួស​លោក អាត់ ធន់ ក្នុង​នោះ​លោក អាត់ ធន់ ទទួល​បាន​សំឡេង​គាំទ្រ​ជាង ៨០​សំឡេង ចំណែក​លោក គង់ អាទិត្យ ទទួល​បាន​សំឡេង​គាំទ្រ​ជាង ១០០​សំឡេង​ក្នុង​ចំណោម​អង្គ​បោះឆ្នោត​ជាង ២០០​នាក់។

ជុំវិញ​ការ​ចោទប្រកាន់​នេះ សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​ពី​លោក អាត់ ធន់ បាន​នៅឡើយ​ទេ​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស