ឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams ប្រាប់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អំពីក្តីកង្វល់របស់ពួកគេ ដោយបានស្នើឲ្យកម្ពុជាធានាពីការបើកលំហសេរីភាពនៃការបញ្ចេញមតិ និងលំហប្រជាធិបតេយ្យក្នុងកិច្ចសន្ទនានយោបាយ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ បានរៀបរាប់ពីប្រធានបទសំខាន់នៃជំនួបដំបូងរបស់លោក Dominic Williams ជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា រួមមានគោលនយោបាយការបរទេសសំខាន់ៗ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងឱកាសដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគរវាងអង់គ្លេស-កម្ពុជា។
ប្រភពដដែលបានឲ្យដឹងថា លោក Dominic Williams បានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដោយបានស្នើឲ្យកម្ពុជា ធានាឲ្យមានលំហសម្រាប់សង្គមស៊ីវិល និងមតិចម្រុះនៅក្នុងកិច្ចសន្ទនានយោបាយ គឺជារឿងចាំបាច់។
ឯកអគ្គរាជទូតអង់គ្លេសលោក Dominic Williams បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា មានបញ្ហាប្រឈមជាច្រើននៅជុំវិញពិភពលោកសព្វថ្ងៃនេះ និងថាកិច្ចសន្ទនាដ៏ទូលាយជាមួយលោក ហ៊ុន សែន នឹងធ្វើឲ្យកម្ពុជាអាចសហការលើបញ្ហាទាំងអស់នេះ។
ប្រភពដដែលបានលើកឡើងនូវក្តីកង្វល់មួយចំនួននៅកម្ពុជា ដូចជា ការជួញដូរមនុស្ស ការធ្វើពលកម្មដោយបង្ខំ និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។
ទោះយ៉ាងណា ការលើកឡើងពីបញ្ហាខាងលើ មិនត្រូវបានស្ថានទូតអង់គ្លេសប្រចាំក្រុងភ្នំពេញលម្អិតបន្ថែមទេ។
នេះមិនមែនជាលើកទីមួយទេដែលបណ្តាស្ថានទូតលោកខាងលិចប្រចាំទីក្រុងភ្នំពេញ បានលើកពីបញ្ហាសិទ្ធិមនុស្ស លំហប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិនៅពេលមានជំនួបផ្លូវការជាមួយបណ្តាឥស្សរជននយោបាយកំពូលរបស់កម្ពុជា។ ជាក់ស្តែង ស្ថានទូតបារាំង អូស្ត្រាលី និងអាមេរិក សុទ្ធសឹងតែធ្លាប់លើកឡើងពីក្តីបារម្ភនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងប្រាថ្នាចង់ឃើញរាល់មតិចម្រុះរបស់ពលរដ្ឋខ្មែរត្រូវបានគោរព។
អតីតអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily ថា ប្រព័ន្ធនៃការធានាអនុវត្តនូវលំហសេរីភាពរបស់ពលរដ្ឋនៅកម្ពុជាសព្វថ្ងៃនេះ ស្ថិតនៅក្នុងស្ថានភាពចង្អៀតណែន។
លោកអះអាងថា សព្វថ្ងៃនេះ មេដឹកនាំនយោបាយ សកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនព្រៃឈើ សកម្មជនសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យការពារសិទ្ធិមនុស្ស ត្រូវរងនូវការធ្វើទុក្ខបុកម្នេញ និងការរឹតត្បិតសេរីភាពយ៉ាងធ្ងន់ធ្ងរពីសំណាក់រដ្ឋាភិបាលកម្ពុជា បើទោះបីជាកម្ពុជាក៏បានផ្តល់សច្ចាប័នក្នុងការធានានូវការអនុវត្តសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋហើយក៏ដោយ។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះបញ្ជាក់ថា ប្រសិនបើកម្ពុជាអាចបើកលំហសេរីភាពពេញលេញដល់ពលរដ្ឋ អ្នកនយោបាយ និងសង្គមស៊ីវិលចូលរួមកិច្ចការសង្គមជាតិនោះ កម្ពុជានឹងទទួលបានប្រយោជន៍ទាំងទំនាក់ទំនងការទូតអន្តរជាតិ និងធ្វើឱ្យផ្ទៃក្នុងរបស់ខ្លួនមានសាមគ្គីភាពឡើងវិញផងដែរ ដែលធ្វើឲ្យពលរដ្ឋមានទំនុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៤ អង្គការ Freedom House បានចាត់ទុកកម្ពុជាជាប្រទេសផ្ដាច់ការមួយក្នុងចំណោមប្រទេសផ្ដាច់ការធំៗ ៥ ផ្សេងទៀត រួមមាន ភូមា ចិន និងរុស្សី ជាដើម ក្រោយគេរកឃើញថា រដ្ឋាភិបាលកម្ពុជាបានប្រើវិធានការគាបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋធ្ងន់ធ្ងរ និងការគាបសង្កត់ឆ្លងដែនក្នុងរយៈពេលចុងក្រោយនេះ៕