25.9 C
Phnom Penh

សមត្ថកិច្ច​ថៃ​ដោះលែង​ជន​ភៀសខ្លួន​ខ្មែរ​ម្នាក់​វិញ​ក្រោយ​មាន​កិច្ច​អន្តរាគមន៍​ពី​អង្គការ​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ថៃ បាន​ដោះលែង​ជន​ភៀសខ្លួន​ខ្មែរ​ម្នាក់​ដែល​សកម្ម​ក្នុង​ការ​រិះគន់​លើ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ត្រឡប់​មក​កន្លែង​ស្នាក់នៅ​វិញ បន្ទាប់ពី​មាន​កិច្ច​អន្តរាគមន៍ និង​ជួយ​ពី​អង្គការ​ជាតិ និង​អន្តរជាតិ។

សកម្មជន​សង្គម​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ឆេង ប៊ុនហាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មិថុនា អំឡុង​ពេល​លោក​ចេញ​ទៅ​ទិញ​សម្ភារៈ​ប្រើប្រាស់​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ប៉ុន្តែ​លោក​ត្រូវ​អាជ្ញាធរ​ដោះលែង​វិញ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ក្រោយ​អង្គការ​ជាតិ និង​អន្តរជាតិ ជួយ​អន្តរាគមន៍។

ការ​ឃាត់​ខ្លួន​លោក ឆេង ប៊ុនហាក់ នេះ ធ្វើឡើង​បន្ទាប់ពី​លោក​បន្ត​រិះគន់​ខ្លាំងៗ​ទៅ​លើ​រដ្ឋាភិបាល​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នៅ​តាម​បណ្ដាញ​សង្គម អំឡុង​ពេល​លោក​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ។

លោក ឆេង ប៊ុនហាក់ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ខែ​ឧសភា ឆ្នាំ​២០២៤ ថា លោក​ភៀសខ្លួន​មក​ប្រទេស​ថៃ នេះ ដោយសារតែ​អាជ្ញាធរ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ធ្វើ​ទុក្ខបុកម្នេញ​លើ​រូបលោក។ លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​បញ្ឈប់​ការ​គំរាមកំហែង ការ​យាយី និង​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ពលរដ្ឋ​បែប​នេះ លោក​ថា​នៅ​ពេល​អស់​អំណាច​នោះ គ្រួសារ​ត្រកូល​ហ៊ុន នឹង​ត្រូវ​ពលរដ្ឋ​ដាក់​ទោស​វិញ​មិន​ខាន។

លោក ឆេង ប៊ុនហាក់ បញ្ជាក់​ថា បើ​លោក​នៅ​មាន​ជីវិត និង​មាន​សេរីភាព​នោះ គឺ​លោក​នៅ​តែ​បន្ត​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល និង​បញ្ហា​អំពើពុករលួយ ការ​រំលោភ​សិទ្ធិមនុស្ស រួម​ទាំង​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម ដែល​កើត​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។

កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរគុណ​ដល់​នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន ចំពោះ​ការ​បង្ក្រាប​សកម្មជន​នយោបាយ​ដែល​បាន​ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក។

ទោះជា​យ៉ាងណា​ក៏ដោយ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៤ បាន​លាតត្រដាង​ថា រដ្ឋាភិបាល​កម្ពុជា និង​ថៃ កំពុង​សហការ​ដូរ​ដៃ​គ្នា ដើម្បី​កម្ចាត់​អ្នកប្រឆាំង​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទាំង​ពីរ។

អង្គការ Human Rights Watch ចាត់ទុក​ការ​ចាប់​ខ្លួន និង​តាម​ឃ្លាំមើល​សកម្មជន​បក្ស​ប្រឆាំង​ពី​សំណាក់​រដ្ឋាភិបាល​ថៃ ដោយ​ឥត​ញញើត​នេះ ថា​ជា​ទង្វើ​បំពាន​ច្បាប់​អន្តរជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស