សកម្មជននយោបាយខ្មែរកំពុងភៀសខ្លួនរស់នៅប្រទេសថៃ ចំនួន ១១នាក់ដែលគេចពីការតាមចាប់ខ្លួនរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួន និងគ្រោងបញ្ជូនពួកគេប្រគល់ទៅឱ្យរដ្ឋាភិបាលខ្មែរវិញ។
អាជ្ញាធរថៃ បានចាប់ខ្លួនសកម្មជននយោបាយខ្មែរចំនួន ១១នាក់ មានបុរសឈ្មោះ ប៉ែន ចាន់សង្គ្រាម ស្ត្រីឈ្មោះ ហុង អាន និងចៅប្រុសរបស់គាត់ គឺកុមារា ណាន់ ស្ត្រី សឺង គន្ធា បុរស មាន ចាន់ថុន ស្ត្រី យិន ចន្ធូ និងកូនស្រីរបស់អ្នកស្រី សឺង គន្ធា ឈ្មោះ ភ័ក្ត ព្រមទាំងពលករខ្មែរ ៤នាក់ផ្សេងទៀតផងដែរ។
ការចាប់ខ្លួននេះ ធ្វើឡើងនៅខេត្តប៉ាធុមថានី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ជុំវិញបញ្ហានេះ សកម្មជនបក្សប្រឆាំងរស់នៅប្រទេសកាណាដា ឈ្មោះ ហ៊ី សុខា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៤ វិច្ឆិកា ដោយអំពាវនាវឱ្យសកម្មជននយោបាយដែលកំពុងភៀសខ្លួនរស់នៅប្រទេសថៃ បញ្ឈប់ការធ្វើទំនាក់ទំនងជាមួយឈ្មោះ Dara Khan ជាបន្ទាន់។
ប្រភពដដែលទម្លាយថា បុគ្គលឈ្មោះ Dara Khan ធ្លាប់សហការជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ធ្វើបាបអ្នកដទៃទៀតកន្លងមក ដូច្នេះសកម្មជននយោបាយដែលកំពុងភៀសខ្លួនរស់នៅលើទឹកដីថៃ ត្រូវមានការប្រុងប្រយ័ត្នជាមួយបុគ្គលនេះឱ្យបានខ្ពស់ ព្រោះរូបគេអាចបង្កគ្រោះថ្នាក់ដល់ខ្លួនគ្រប់ពេលទាំងអស់។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ វិច្ឆិកា នេះថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនៅប្រទេសថៃ គឺមានពាក់ព័ន្ធនឹងការទាមទារឱ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃ រឿងកោះគុតទៅតុលាការអន្តរជាតិ។
លោក អ៊ុំ សំអាន អះអាងថា ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីសកម្មជនភៀសខ្លួនទាំងនោះបានប្តូររូបថតដាក់លើហ្វេសប៊ុក ឬ Profile ជារូបទាមទារកោះគុតបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ចំណែកប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ វិច្ឆិកា នេះថា ការចាប់ខ្លួនសកម្មជននយោបាយដែលភៀសខ្លួន និងពលករខ្មែរ បានបង្ហាញពីការសហការគ្នារវាងរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា ក្រោមរូបភាពគាបសង្កត់ឆ្លងដែន។
លោកអះអាងថា ជាទូទៅចំពោះការចាប់ខ្លួនបែបនេះ អាជ្ញាធរថៃ ត្រូវបញ្ជូនពួកគេទៅប៉ូលិសអន្តោប្រវេសន៍ថៃ ដើម្បីបំពេញនីតិវិធី និងបែបបទផ្សេងៗ ប៉ុន្តែករណីចាប់ខ្លួនសកម្មជនទាំងនេះហាក់មានលក្ខណៈបន្ទាន់ និងដោយបង្ខំ ដូច្នេះការចាប់ខ្លួននេះ គឺជាការធ្វើឡើងដោយរំលងនីតិវិធីទាំងស្រុង។
លោក ស៊ឹង សែនករុណា អំពាវនាវឱ្យអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានា ជួយធានាដល់សិទ្ធិរបស់ជនភៀសខ្លួនដែលត្រូវរងនូវការគាបសង្កត់ឆ្លងដែនពីសំណាក់រដ្ឋាភិបាលកម្ពុជានៅពេលនេះ ដើម្បីធានាបាននូវសិទ្ធិជាមូលដ្ឋានស្របតាមច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្ស។
ទាក់ទិននឹងបញ្ហានេះ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញសេចក្តីរាយការណ៍មួយ ដោយបញ្ជាក់ថា ‘Swap Mart’ ឬ ផ្សារ ឬហាងដោះដូរមនុស្សក្នុងប្រទេសថៃ កំពុងត្រូវបានកំណត់ជាទីតាំងគោលដៅ ក្នុងការដោះដូរជនភៀសខ្លួន ឬអ្នកដែលស្វែងរកសិទ្ធិជ្រកកោននយោបាយពីប្រទេសជិតខាង ដូចជាមកពីប្រទេសកម្ពុជា ជាដើម។
គួររំឭកថា៖ រដ្ឋាភិបាលប្រទេសក្នុងសហគមន៍អាស៊ានមានកិច្ចព្រមព្រៀងនឹងគ្នាក្នុងកម្រិតណាមួយ ដើម្បីប្តូរពលរដ្ឋរវាងប្រទេសនិងប្រទេស ដែលអាជ្ញាធរប្រទេសនីមួយៗចោទប្រកាន់តាមផ្លូវច្បាប់ចាត់ទុកជាជនសង្ស័យអំពីបទល្មើសអ្វីមួយ។ តាមរយៈកិច្ចព្រមព្រៀងដូច្នោះ គេចាប់មនុស្សបញ្ជូនទៅវិញទៅមកក្នុងនាមកិច្ចសហប្រតិបត្តិការដើម្បីរក្សាសន្តិសុខជាតិរៀងៗខ្លួន ទោះជាអាចបំពានច្បាប់អន្តរជាតិកម្រិតណាក៏ដោយ។
ម្យ៉ាងទៀត នៅក្នុងប្រទេសនីមួយៗនោះ ដូចជាប្រទេសកម្ពុជា ជាដើម មានភ្នាក់ងារចារកម្មចាត់តាំងបម្រើការឲ្យអាជ្ញាធរក្រុងភ្នំពេញ ចាំតាមដានរាល់ជំហានលើពលរដ្ឋខ្មែរដូចគ្នា ហើយធ្វើសេចក្តីរាយការណ៍ទៅអាជ្ញាធរ។ មានពេលខ្លះ កម្លាំងសន្តិសុខប្រចាំស្ថានទូតខ្មែរនៅក្រុងបាងកក ចេញធ្វើប្រតិបត្តិការចាប់ចងផ្ទាល់ ជួនកាលគេស្នើទៅអាជ្ញាធរថៃ ធ្វើការងារជំនួស។
ហេតុការណ៍ដូចៗគ្នានេះ បានកើតមានឡើងនៅក្នុងប្រទេសថៃឡង់ដ៍ ច្រើនលើកច្រើនសាច្រើនករណីហើយ។ មានករណីពិតខ្លះទៀត ភ្នាក់ងារចារកម្មខ្មែរក្រុងភ្នំពេញក្លែងខ្លួនជាអ្នកជាតិនិយម អ្នកស្នេហាជាតិ អះអាងថាចង់ផ្លាស់ប្ដូររដ្ឋាភិបាលត្រកូលហ៊ុន ដើរបបួលខ្មែរឯទៀតឲ្យចូលរួមជាមួយខ្លួន រួចរាយការណ៍ឲ្យគេចាប់ប្រមូលទាំងហ្វូងយកទៅដាក់គុកអស់ ឬគាបសួរធ្វើទារុណកម្មឲ្យសារភាព ទោះជាមិនបានធ្វើអ្វីដូចគេចោទក៏ដោយ។
របបសព្វថ្ងៃ នឹងដេញខ្មែរការពារប្រយោជន៍ខ្មែរអស់ពីស្រុកមិនខានឡើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

