អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី លើកឡើងថា មូលហេតុដែលប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាញ់ការបោះឆ្នោតនៅពេលនេះ គឺដោយសារតែប្រធានាធិបតីបារាំង បានសេពគប់ និងគាំទ្ររបបដឹកនាំរបស់ត្រកូលហ៊ុន។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១០ មិថុនា នេះថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រព្រឹត្តិកំហុសនយោបាយ និងកំហុសសីលធម៌យ៉ាងធំកន្លងមកដែលបានទទួលអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន កាលពីឆ្នាំ២០២២ និងបានទទួលនាយករដ្ឋមន្ត្រីខ្មែរបច្ចុប្បន្នលោក ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០២៣ ដោយគ្មានការលើកឡើងសូម្បីពាក្យមួយម៉ាត់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងការទំនាក់ទំនងរបស់ពួកគេ។
លោក សម រង្ស៊ី លើកឡើងថា នៅពេលដែលវិលត្រឡប់ពីប្រទេសបារាំង ទៅកម្ពុជាវិញ ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការគាំទ្ររបស់បារាំង ចំពោះរបបផ្ដាច់ការរបស់ពួកគេយ៉ាងពេញទំហឹង ហើយពីរនាក់ឪពុកកូននេះ ក៏បានធ្វើការចាប់ខ្លួនថ្មីៗទៅលើក្រុមអ្នកនយោបាយប្រឆាំង សកម្មជនបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្សផងដែរ។
លោក សម រង្ស៊ី អំពាវនាវឱ្យប្រជាជនបារាំង ដែលមានដើមកំណើតខ្មែរទាំងអស់ ចូលរួមបោះឆ្នោតជូនបេក្ខជនដែលមានគណបក្សប្ដេជ្ញាស្ដារកិត្តិយសបារាំង នៅកម្ពុជាឡើងវិញ ដើម្បីធានាថា រដ្ឋាភិបាលបន្ទាប់ នឹងគោរពចំពោះការប្ដេជ្ញាចិត្តដែលទីក្រុងប៉ារីស បានធ្វើចំពោះកម្ពុជា ជាពិសេសការប្ដេជ្ញាចិត្តធានាការគោរពរបស់ទីក្រុងប៉ារីស ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ កន្លងទៅ គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រកាសថា លោកនឹងរំលាយសភា ហើយស្នើឱ្យមានការរៀបចំការបោះឆ្នោតសភាបារាំង មុនអាណត្តិ បន្ទាប់ពីលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នបង្ហាញថា គណបក្សរបស់លោកបានបរាជ័យធ្ងន់ធ្ងរក្នុងការបោះឆ្នោតសភាអឺរ៉ុប ជាមួយនឹងគណបក្សគូប្រជែង National Rally (RN) របស់អ្នកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen)។
ប្រទេសបារាំង គឺជាម្ចាស់ហត្ថលេខីមួយក្នុងចំណោមម្ចាស់ហត្ថលេខី ១៨ប្រទេសផ្សេងទៀតក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចជា អាមេរិក អង់គ្លេស ចិន និងសហភាពសូវៀត ដូច្នេះ បារាំង ត្រូវមានតួនាទីជ្រោមជ្រែងកម្ពុជាស្របតាមលក្ខខណ្ឌច្បាប់ដែលបានចែងក្នុងកិច្ចសន្យាអន្តរជាតិនេះ ដូចជា ការតាមដានលើអធិបតេយ្យភាពជាតិរបស់កម្ពុជា ឱ្យស្ថិតក្នុងភាពអព្យាក្រឹត្យ មិនឱ្យចំណុះមហាអំណាចណាមួយ ជាដើម។
កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបានប្រមាណ ៤ខែ ប៉ុន្តែក្នុងដំណើរទស្សនកិច្ចនេះ គេមិនបានឃើញប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង រំលឹកកម្ពុជាពីបញ្ហាសិទ្ធិមនុស្ស ឬបញ្ហាស្ដារប្រជាធិបតេយ្យឡើយ។
យ៉ាងណាក៏ដោយ កាលពីចុងឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏ធ្លាប់បានរម្លឹកឡើងវិញអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១ ស្ដីពីសន្តិភាពនៅកម្ពុជា ដើម្បីធានាអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា សម្រាប់ការកសាងកម្ពុជាឡើងវិញដែរ។
ចំណែកស្ថានទូតបារាំង ប្រចាំកម្ពុជា ក៏ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅដែរថា បារាំង និងកម្ពុជា មានទំនាក់ទំនងពិសេស ដោយសារតែប្រទេសទាំងពីរមានប្រវត្តិរួមគ្នាផង និងជាប្រទេសដែលនិយាយភាសាបារាំង ដែរ។ ម្យ៉ាងវិញទៀត បារាំងក៏មានតួនាទីចូលរួមអភិវឌ្ឍប្រទេសកម្ពុជាក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ថែមទៀត។
ទាក់ទិននឹងបញ្ហានេះ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ធ្លាប់បានលើកឡើងកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងន័យឌឺដងទៅក្រុមប្រឆាំងថា ទំនាក់ទំនងរវាងរូបលោក និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង គឺលើសពីទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ គឺមានទំនាក់ទំនងក្នុងភាពជាបងប្អូន។
បែបនេះក្តី កាលពីខែកក្កដា ឆ្នាំ២០២៣ ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា បានបង្ហាញការសោកស្តាយ និងក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយកម្ពុជារៀបចំការបោះឆ្នោតមួយដោយអវត្តមានគណបក្សជំទាស់ គឺគណបក្សភ្លើងទៀន។
រដ្ឋាភិបាលបារាំង ក៏បានជំរុញឱ្យកម្ពុជាស្ដារស្ថានការណ៍ឡើងវិញឱ្យស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។
កាលពីអំឡុងខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុប ដែលបារាំង ជាសមាជិក បានដកប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) ចំនួន ២០% ពីកម្ពុជា ដោយសាររកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយអតីតគណបក្សសង្គ្រោះជាតិ និងការដកសិទ្ធិនយោបាយរបស់មន្ត្រីបក្សប្រឆាំង ជាដើម៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

