29.2 C
Phnom Penh

លោក ហ៊ុន សែន ប្រើ​យុទ្ធវិធី​យក​លលក​ធ្វើ​ធ្នាក់​ទាក់​លលក ឬ​ប្រវឹក​ទាក់​ប្រវឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន នៅតែ​បន្ត​ប្រើ​យុទ្ធវិធី​សាមកុក​ពី​ក្នុង​យុទ្ធសាស្ត្រ ៦​ជំពូក ៣៦​យ៉ាង នៃ​មេទ័ព​ចិន​សម័យ​បុរាណ។ ក្នុង​យុទ្ធសាស្ត្រ​បិទ​ទ្វារ​វ៉ៃ​ឆ្កែ (Guān mén zhuō zéi) លោក​ប្រើ​យុទ្ធសាស្ត្រ​ជំពូក​ទី​៤។ លើក​នេះ លោក​ប្រើ​យុទ្ធសាស្ត្រ​ជំពូក​ទី​១ ខ្ចី​ដៃ​សត្រូវ​យក​មក​ប្រើ (Jiè dāo shā rén) គឺ​ប្រើ​កម្លាំង​សត្រូវ (ចាស់​ថ្មី) ឲ្យ​វាយ​សត្រូវ ឬ​អ្នកប្រឆាំង​វិញ។

លោក ហ៊ុន សែន ដែល​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ទៅ​កាន់​តំណែង​ប្រធាន​បក្ស ប្រធាន​ព្រឹទ្ធសភា ហើយ​ធ្វើ​សកម្មភាព​សស្រាក់សស្រាំ​ជាង​លោក ជា ស៊ីម និង​លោក សាយ ឈុំ ដើម្បី​ជួយ​ពង្រឹង​អំណាច​កូន​របស់​លោក បាន​ណែនាំ​ឱ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​យុទ្ធសាស្ត្រ​យក​លលក​ទៅ​ទាក់​លលក ដែល​មាន​ន័យ​ថា យក​ក្រុម​ប្រឆាំង​ទាក់ទាញ​ក្រុម​ប្រឆាំង​ឱ្យ​ចុះចូល​ជាមួយ​គណបក្ស​របស់​ខ្លួន ក្នុង​ករណី​បើ​មាន​អ្នក​ប្រឆាំង​មួយ ត្រូវតែ​វ៉ៃ​មួយ ដើម្បី​កម្ទេច​ក្រុម​ប្រឆាំង​ទាំងនោះ​ឱ្យ​អស់​ពី​មូលដ្ឋាន។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​សល់​ពី​របប ប៉ុល ពត លោក ហ៊ុន សែន បាន​ចេញ​សារ​សំឡេង​ណែនាំ​ទៅ​កាន់​សមាជិក​របស់​ខ្លួន​ដែល​ត្រូវ​បាន​គេ​ទម្លាយ​កាលពី​យប់​ថ្ងៃទី​១១ មិថុនា នេះ ដោយ​បញ្ជា​ទៅ​កាន់​សមាជិក​បក្ស​កាន់​អំណាច​គ្រប់​រាជធានី-ខេត្ត ឱ្យ​នាំគ្នា​ប្រើ​យុទ្ធសាស្ត្រ​បំផ្លាញ​ក្រុម​ប្រឆាំង​ឱ្យ​អស់​នៅ​មុន​ការ​បោះឆ្នោត។

លោក​បន្ថែម​ថា ត្រូវតែ​នាំគ្នា​ប្រើ​វិធី​អូស​ទាញ​អ្នក​ទាំងនោះ​ឱ្យ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ប៉ុន្តែ​បើ​អូស​ទាញ​មិន​បាន ត្រូវតែ​បំផ្លាញ​ចោល កុំ​ឱ្យ​ពួកគេ​នៅ​ធ្វើ​ជា​ឧបសគ្គ​បន្ត​ទៀត។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​លើកឡើង​ថា នៅ​ពេល​ដែល​មាន​ក្រុម​ប្រឆាំង​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ត្រូវតែ​នាំគ្នា​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នានា​ឱ្យ​ផុសផុល។ លោក​ថា សូម​កុំ​រង់ចាំ​រហូត​ដល់​ពេល​បោះឆ្នោត ទើប​នាំគ្នា​ទាក់ទាញ​ឱ្យ​ក្រុម​ប្រឆាំង​ចុះចូល ព្រោះ​ការ​ធ្វើ​បែប​នេះ គឺជា​កំហុស​ធំ​បំផុត​ដែល​គួរតែ​ចៀសវាង។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​បាន​ចេញ​សេចក្តី​សម្រេច​មួយ​អំពី​បង្កើត​ក្រុម​ការងារ​របស់​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​បំផ្លាញ​កម្លាំង​ក្រុម​ប្រឆាំង​នៅ​មូលដ្ឋាន ដូច្នេះ​មន្ត្រី​គណបក្ស​ចាប់ពី​ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​ភូមិ រាប់​ចាប់តាំងពី​អភិបាល​ខេត្ត​រហូត​ដល់​ប្រធាន​ភូមិ ត្រូវតែ​ចូលរួម​ធ្វើការ​ជាមួយ​ក្រុម​ការងារ​នេះ ដើម្បី​បំផ្លាញ​កម្លាំង​ក្រុម​ប្រឆាំង និង​អូស​ទាញ​អ្នក​ទាំងនោះ​យក​ប្រើ ដើម្បី​ឱ្យ​ពួកគេ​ទៅ​អូស​ទាញ​ក្រុម​ប្រឆាំង​បន្ត​ទៀត។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​បណ្ដាញ​ឃោសនា​នានា​របស់​បក្ស​កាន់​អំណាច បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​រាល់​ពេល​ដែល​មាន​សមាជិក​បក្ស​ប្រឆាំង​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​ក៏​មាន​ការ​ផ្តល់​ជា​តំណែង​មុខនាទី​ឱ្យ​អ្នក​ទាំងនោះ​ផង​ដែរ។

ឧទាហរណ៍​ដូចជា នៅ​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ សារព័ត៌មាន​ដែល​បម្រើ​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច ហ្វ្រែសញូវ (Fresh News) បាន​ចុះផ្សាយ​ពី​ការ​ចុះចូល​របស់​សមាជិក​គណបក្ស​ភ្លើង​ទៀន ក្នុង​ខេត្ត​ព្រះវិហារ ដែល​មាន​ចំនួន ១៥​នាក់ ខេត្ត​បន្ទាយមានជ័យ ចំនួន ១០​នាក់ និង​ខេត្ត​បាត់ដំបង ចំនួន ១៥​នាក់ រួម​ទាំង​ខេត្ត​មួយ​ចំនួន​ទៀត ដែល​ការ​ផ្សព្វផ្សាយ​នេះ គឺ​មាន​ភាព​ស្រប​គ្នា​នឹង​ការ​ណែនាំ​របស់​លោក ហ៊ុន សែន ទាំងស្រុង​អំពី​ផែនការ​តាម​កម្ទេច​ក្រុម​ប្រឆាំង​នា​ពេលនេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មិថុនា នេះ​ថា ការ​លើកឡើង​ពី​ផែនការ​របស់​លោក ហ៊ុន សែន គ្រាន់តែ​បង្ហាញ​ពី​អំពើ​ទុច្ចរិត​របស់​គាត់​ប៉ុណ្ណោះ ព្រោះ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គ្មាន​នរណា​ទៅ​បង្ខំ​អ្នកដទៃ​ឱ្យ​ទៅ​ចុះចូល​ជាមួយ​គណបក្ស​របស់​ខ្លួន​ទេ ហើយ​វិធីសាស្ត្រ​ដែល​លោក ហ៊ុន សែន ប្រើ​នៅ​ពេលនេះ គឺជា​កលល្បិច​នយោបាយ​របស់​ពួក​កុម្មុយនីស្ត​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ការ​អះអាង​របស់​លោក ហ៊ុន សែន បែប​នេះ ក៏​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​បក្ស​កាន់​អំណាច​ដែរ ដែល​ជា​សញ្ញា​បញ្ជាក់​ថា បក្ស​កាន់​អំណាច​នៅតែ​ភ័យ​ព្រួយ​ពី​ការ​មិន​គាំទ្រ​របស់​ប្រជាពលរដ្ឋ បើ​ទោះបីជា​ខ្លួន​ព្យាយាម​ប្រើ​ល្បិចកល​គ្រប់​រូបភាព​តាម​បំផ្លាញ​បក្ស​ប្រឆាំង​បែប​ណា​ក៏ដោយ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា លោក​មិន​អាច​លក់​ឧត្ដមគតិ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​បំណង​បម្រើ​ជន​ក្បត់​ជាតិ​កាត់​ទឹកដី​ខ្មែរ​ឱ្យ​បរទេស​ឈ្លានពាន​ដូចជា​លោក ហ៊ុន សែន ដាច់ខាត ទោះ​ជាតិ​នេះ ឬ​ជាតិ​ក្រោយ​ក៏ដោយ។

ចាប់តាំងពី​ដើម​ឆ្នាំ​២០២៣ មក គេ​សង្កេត​ឃើញ​ថា អ្នកគាំទ្រ​បក្ស​ប្រឆាំង​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់ ក្នុង​នោះ​ពួកគេ​ក៏​ទទួល​បាន​តំណែង​ទៅ​តាម​ការ​ផ្តល់​ឱ្យ​ពី​មេ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែរ។ ប្រហែល​ជា​ដោយសារ​មើល​ឃើញ​អ្នក​ចុះចូល​មុនៗ​ទទួល​បាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​បែប​នេះ ស្រាប់តែ​នៅ​ចុង​ខែ​មេសា ឆ្នាំ​២០២៣ សកម្មជន និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន បាន​សម្រុក​នាំគ្នា​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ព្រោងព្រាត ទាំង​ភាគី​លោក កឹម សុខា និង​ភាគី​លោក សម រង្ស៊ី។

លើស​ពី​នេះ អតីត​មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ ក៏​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ថែម​ទៀត ខណៈ​ហេតុផល​នៃ​ការ​ចុះចូល​របស់​អ្នក​ទាំងនោះ មិន​សូវ​ខុស​គ្នា​ទេ គឺ​ពួកគេ​អះអាង​ថា ដោយសារតែ​បក្ស​កាន់​អំណាច​ដឹកនាំ​បាន​ល្អ និង​ដើម្បី​ចូលរួម​ជួយ​កែទម្រង់​ដឹកនាំ​របស់​រដ្ឋាភិបាល៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស