រដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំជាថ្ងៃប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMES Day) ដោយនឹងប្រារព្ធទិវានេះជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនា នេះ ក្នុងបំណងរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅឆ្នាំ២០៣០ និងដើម្បីធានានូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាទៅថ្ងៃមុខ។
លោក ហ៊ុន ម៉ាណែត បានចេញលិខិតអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាលើកទី១ ឆ្នាំ២០២៤ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៥ មិថុនា នេះថា ការកំណត់ទិវានេះដើម្បីលើកកម្ពស់ និងផ្តល់តម្លៃដល់វិស័យនេះដែលជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការអភិវឌ្ឍនសង្គមប្រកបដោយបរិយាបន្ន។
លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលអាណត្តិថ្មីរបស់លោកមានឆន្ទៈ និងការប្ដេជ្ញាចិត្តមោះមុតក្នុងការបន្តអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការគាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់នៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការចិញ្ចឹមជីវិតនៅកម្ពុជា។
របាយការណ៍រដ្ឋាភិបាលកម្ពុជា បង្ហាញថា សព្វថ្ងៃនេះ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រមាណ ៩០% លើមូលដ្ឋានផលិតកម្មអាជីវកម្មសរុបដែលបានរួមចំណែកផ្តល់ការងារពី ៦០% ទៅ ៧០% និងបានរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកនៅទូទាំងពិភពលោក។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងឆ្នាំ២០២២ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាង ៧សែនមូលដ្ឋាន (៧៥៣៦៧០មូលដ្ឋាន) មានកម្លាំងពលកម្មសរុបជាង ២លាននាក់ (២៩៨០៥៦៩នាក់) ដែលបានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ ៦៣% និងផ្តល់ការងារលើសពី ៧០% ផងដែរ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងក្នុងវេទិកាពិភាក្សាស្ដីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២៤» នៅកម្ពុជា ថា សេដ្ឋកិច្ចខ្នាតតូច និងមធ្យម (SME) របស់កម្ពុជា កំពុងប្រឈមឧបសគ្គធ្ងន់ធ្ងរ។
លោកបន្ថែមថា ការប្រឈមគឺទាំងវត្ថុធាតុដើមក្នុងការផលិត និងធនធានមនុស្ស ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជានៅតែប្រឈមនឹងបញ្ហា ខណៈរបាយការណ៍សេដ្ឋកិច្ចកើនឡើងកន្លងមក គឺដោយសារបានមកពីការនាំចេញតែប៉ុណ្ណោះ ខណៈសេដ្ឋកិច្ចក្នុងស្រុកនៅតែជាបញ្ហាប្រឈមដដែល។
បណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា បញ្ហាប្រឈមរបស់កម្ពុជាលើវត្ថុធាតុដើម គឺការចំណាយលើថ្លៃដើមខ្ពស់ ដោយសារតែកម្ពុជាគ្មានវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតដោយខ្លួនឯង ដែលជាហេតុធ្វើឱ្យកម្ពុជាពិបាកស្វែងរកទីផ្សារក្នុងការប្រកួតប្រជែង ជាពិសេសការប្រកួតប្រជែងតម្លៃជាមួយប្រទេសជិតខាង ដូចជា វៀតណាម និងថៃ ជាដើម។
ជាងនេះទៀត កម្ពុជាក៏កំពុងប្រឈមនឹងឧបសគ្គខ្វះធនធានមនុស្សធ្ងន់ធ្ងរដែរ ត្បិតកន្លងមក កម្ពុជាតែងជួលអ្នកបច្ចេកទេសពីប្រទេសវៀតណាម និងប្រទេសថៃ ឱ្យមកជួយបណ្តុះបណ្តាលអ្នកបច្ចេកទេសរបស់ខ្លួនជានិច្ច។
លោកបន្តថា អ្នកជំនាញបរទេសដែលកម្ពុជាជួលមកបណ្តុះបណ្តាលទាំងនោះ គេមិនដែលចង់ឱ្យប្រទេសកម្ពុជារីកលូតលាស់សេដ្ឋកិច្ចជាងប្រទេសរបស់ពួកគេនោះទេ ដូច្នេះហើយបានជាសេដ្ឋកិច្ចរបស់កម្ពុជាមិនអាចមានសន្ទុះដូចប្រទេសទាំងនោះ។
ទាក់ទិនបញ្ហានេះ អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត បានលើកឡើងកាលពីពេលថ្មីៗនេះថា បញ្ហាសេដ្ឋកិច្ចខ្នាតតូច និងមធ្យមរបស់កម្ពុជាសព្វថ្ងៃនេះ មិនត្រឹមតែប្រឈមនឹងការខ្វះវត្ថុធាតុដើមសម្រាប់ផលិត និងខ្វះធនធានមនុស្សប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាក៏ខ្វះតម្លាភាពក្នុងការដឹកនាំដែលអាចឱ្យវិនិយោគទុនបរទេសទុកចិត្តបានដែរ។
លោកបន្ថែមថា ប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាធ្លាប់ទទួលបានពីសហភាពអឺរ៉ុប និងអាមេរិក កន្លងមក ត្រូវបានកាត់ផ្ដាច់ ខណៈលោក ហ៊ុន ម៉ាណែត ក៏ជាប់ឈ្មោះជាមេដឹកនាំកខ្វក់នៅលើពិភពលោកថែមទៀត ដូច្នេះកម្ពុជាកាន់តែមានភាពចង្អៀតខ្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈនៃការទាក់ទាញវិនិយោគទុនបរទេស ឱ្យទៅបណ្ដាក់ទុននៅកម្ពុជានៅពេលនេះ និងទៅថ្ងៃមុខ។
កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត ត្រូវគេរាប់បញ្ចូលទៅក្នុងចំណោមមេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២នាក់លើពិភពលោក ដែលជារនាំងដ៏ធំក្នុងការរាំងស្ទះដល់វិស័យសេដ្ឋកិច្ចនៅកម្ពុជា៕