29 C
Phnom Penh

សង់ត្រាល់​ស្វាគមន៍​កិច្ច​ពិភាក្សា​គ្រប់​ទម្រង់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ជុំវិញ​របាយការណ៍​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ ប្រកាស​ស្វាគមន៍​រាល់​កិច្ច​សន្ទនា​គ្រប់​ទម្រង់ ដើម្បី​ធានា​ឱ្យ​មាន​ភាព​ច្បាស់លាស់ និង​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ជុំវិញ​របាយការណ៍​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ​ពី​ស្ថានភាព​សេរីភាព​របស់​សហជីព​ក្នុង​ប្រទេស​កម្ពុជា កន្លង​មក។

អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ មិថុនា នេះ​ថា អង្គការ​សង់ត្រាល់​គោរព​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​សហជីព​ទាំងអស់ ព្រមទាំង​ទទួល​យក​នូវ​មតិ​រិះគន់​នានា​ផង​ដែរ ព្រោះ​ថា​នេះ​គឺ​ជា​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​សហជីព​ដែល​ត្រូវ​ធ្វើ​ដើម្បី​សម្ដែង​មតិ​របស់​ពួកគេ។

លោក ឃុន ថារ៉ូ អះអាង​ថា ជុំវិញ​ការ​រិះគន់​នា​ពេលនេះ គឺ​ក្នុង​នាម​ជា​ស្ថាប័ន​ដែល​បាន​សម្របសម្រួល​ក្នុង​ការ​សរសេរ​របាយការណ៍​ស្ដីពី​ស្ថានភាព​សេរីភាព​របស់​សហជីព​ក្នុង​ប្រទេស​កម្ពុជា។

លោក​បន្ត​ថា សង់ត្រាល់​នឹង​ពិគ្រោះ​យោបល់​ជាមួយ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU) និង​សហព័ន្ធ​សហជីព​កម្ពុជា (CATU) ដែល​បាន​ចូលរួម​សម្របសម្រួល​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ទាំងនោះ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ការ​ពិគ្រោះ​យោបល់​រវាង​សង់ត្រាល់, CATU រួម​ទាំង C.CAWDU គឺ​មាន​បំណង​ឆ្លើយតប​ចំពោះ​សំណួរ ឬ​កង្វល់​នានា​ពី​សហជីព​ដៃគូ​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ផង​ដែរ។

កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៤ សហព័ន្ធ​សហជីព​កម្ពុជា​ដែល​ហៅ​កាត់​ថា CATU បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​អះអាង​ថា ខ្លួន​នៅតែ​បន្ត​គាំទ្រ​របាយការណ៍​របស់​សង់ត្រាល់​ស្ដីពី​ស្ថានភាព​សេរីភាព​របស់​សហជីព​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ថា​ករណី​ការ​ចុះបញ្ជី​សហជីព និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គំរាមកំហែង​លើ​សេរីភាព​សហជីព នៅតែ​ជា​ឧបសគ្គ​នៅឡើយ​សម្រាប់​កម្ពុជា។

ប្រភព​ដដែល​លើកឡើង​ថា ការ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព រួម​ទាំង​ការ​សហការ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ថៅកែ​រោងចក្រ ដែល​ដាក់​សម្ពាធ​លើ​ស្ថាបនិក​របស់​សហជីព នៅតែ​ជា​បញ្ហា​នៅឡើយ ខណៈ​រោងចក្រ​ទាំងនោះ​ក៏​សុទ្ធសឹងតែ​ជា​សមាជិក​របស់​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ដែរ (Better Factories Cambodia) BFC។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​សហព័ន្ធ​សហជីព​ដែល​មាន​និន្នាការ​ខាង​រដ្ឋាភិបាល ចេញ​ធ្វើ​កូដកម្ម​ប្រឆាំង​ទៅ​នឹង​របាយការណ៍​ស្ដីពី​ស្ថានភាព​សេរីភាព​របស់​សហជីព​ក្នុង​ប្រទេស​កម្ពុជា ដែល​ចងក្រង​ដោយ​សង់ត្រាល់ និង​សហជីព​មួយ​ចំនួន​ទៀត។

កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៤ ក្រុម​សហព័ន្ធ​សហជីព​ដែល​គេ​ដឹង​ថា​មាន​និន្នាការ​ខាង​រដ្ឋាភិបាល បាន​ចេញ​ធ្វើ​កូដកម្ម​ប្រឆាំង​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ ដោយ​អះអាង​ថា​ជា​របាយការណ៍​បំភ្លៃ​ការពិត ជ្រៀតជ្រែក ញុះញង់ បំភិតបំភ័យ បំបែកបំបាក់ និង​លាប​ពណ៌​សហជីព​នៅ​កម្ពុជា។

យ៉ាងណា​ក៏ដោយ សម្ព័ន្ធ​សហជីព និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដ៏​ធំ​បំផុត​មួយ​ដែល​មាន​ឈ្មោះ​ថា Clean Clothes Campaign បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​យុទ្ធនាការ​របស់​ក្រុម​សហព័ន្ធ​សហជីព​ដែល​មាន​និន្នាការ​ខាង​រដ្ឋាភិបាល​ទាំងនោះ​ថា ជា​យុទ្ធនាការ​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​អង្គការ​ការពារ​សិទ្ធិ​ការងារ​ឯករាជ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​អះអាង​កាលពី​ថ្ងៃទី​២៥ មិថុនា នេះ​ថា ក្រសួង​មហាផ្ទៃ កំពុង​ពិនិត្យ​មើល​ផ្នែក​ច្បាប់ លក្ខន្តិកៈ​របស់​អង្គការ​សមាគម និង​សំណូមពរ​ទាំងឡាយ​ដែល​តំណាង​កម្មករ​និយោជិត​បាន​ដាក់​ញត្តិ​ស្នើសុំ​ការ​អន្តរាគមន៍​ឱ្យ​ពិនិត្យ​ការ​អនុវត្ត​សកម្មភាព និង​ការ​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​អង្គការ​សង់ត្រាល់។

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ចេញ​ធ្វើ​កូដកម្ម​របស់​ក្រុម​សហជីព​ទាំងនោះ គឺជា​យុទ្ធនាការ​ថ្មី​មួយ​របស់​រដ្ឋាភិបាល ក្នុង​ការ​កម្ចាត់​សង្គម​ស៊ីវិល​ឯករាជ្យ​នៅ​កម្ពុជា បន្ទាប់ពី​ជោគជ័យ​ក្នុង​ការ​កម្ចាត់​សារព័ត៌មាន​ឯករាជ្យ​ខ្ទេច​គ្មាន​សល់​កាលពី​ដើម​ឆ្នាំ​២០២៣ កន្លង​ទៅ។

កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២៤ អង្គការ​សង់ត្រាល់ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ស្ថានភាព​កម្មករ និង​សហជីព​ក្នុង​វិស័យ​កាត់ដេរ ដោយ​ធ្វើការ​វាយតម្លៃ​លើ​សហជីព​ក្នុង​រោងចក្រ​ចំនួន ១៤ នៅ​កម្ពុជា។

ក្នុង​របាយការណ៍​នេះ បង្ហាញ​ថា មាន​សហជីព​ចំនួន ១០ បាន​រង​នូវ​ការ​បំភិតបំភ័យ​ដោយ​ផ្ទាល់​មាត់ ការ​គំរាមកំហែង ការ​បៀតបៀន និង​ការ​ដាក់​ក្នុង​បញ្ជីខ្មៅ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ​របស់​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស