ក្រុមអាជីវករក្នុងខេត្តប៉ៃលិន អះអាងថា ពួកគេនឹងធ្វើកម្មវិធីជប់លៀងអរគុណលោក ហ៊ុន ម៉ាណែត ពេញមួយខេត្ត ហើយនឹងធ្វើបុណ្យ ៧វត្ត ប្រសិនបើលោកអាចដកតំណែងអភិបាលខេត្តពីអ្នកស្រី បាន ស្រីមុំ។
ពួកគេនិយាយថា អភិបាលខេត្តប៉ៃលិន រូបនេះ បានគំរាមដុតផ្សារចាស់ដែលពួកគេកំពុងរកចំណូលចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយបង្ខំឱ្យពួកគេទៅលក់ដូរនៅផ្សារថ្មី។
ក្រុមអាជីវករជាច្រើននាក់ក្នុងខេត្តប៉ៃលិន បានផ្ញើលិខិតមកកាន់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងទីតាំងលក់ដូររបស់ខ្លួននៅថ្ងៃទី២៦ មិថុនា នេះថា អ្នកស្រី បាន ស្រីមុំ បានប្រើគ្រប់មធ្យោបាយទុច្ចរិតដើម្បីគាបសង្កត់ឱ្យក្រុមហ៊ុនក្នុងខេត្តប៉ៃលិន ទាំងអស់ ឱ្យចូលជាក្រុមហ៊ុនក្រោមកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គាត់ ដូចជា ក្រុមហ៊ុនផ្គត់ផ្គង់ទឹក ក្រុមហ៊ុនអគ្គិសនី រួមទាំងក្រុមហ៊ុនឯកជនជាច្រើនទៀត។
ប្រភពដដែលត្អូញត្អែរថា រាល់ថ្ងៃនេះ អាជីវករ និងភ្ញៀវដែលទិញអីវ៉ាន់ក្នុងផ្សារចាស់ សុទ្ធតែមានការភិតភ័យ និងបារម្ភដូចៗគ្នាបន្ទាប់ពីមានការគំរាមថា ទីតាំងផ្សារដែលពួកគេកំពុងប្រកបមុខរបរចិញ្ចឹមជីវិតកន្លងមកនេះ នឹងត្រូវដុតបំផ្លាញចោល ប្រសិនបើពួកគេនៅតែរឹងទទឹងមិនព្រមនាំគ្នាទៅលក់ដូរនៅទីតាំងថ្មី។
ពលរដ្ឋទាំងនេះបន្ថែមថា ដោយសារតែការគំរាមនេះ ភ្ញៀវដែលធ្លាប់តែចេញចូលទិញអីវ៉ាន់កុះករកន្លងមក មិនហ៊ានចូលទិញអីវ៉ាន់ក្នុងផ្សារដូចមុននោះទេ។
ពលរដ្ឋដដែលនេះគូសបញ្ជាក់ថា បើលោក ហ៊ុន ម៉ាណែត ដកតំណែងអ្នកស្រី បាន ស្រីមុំ ពួកគេប្រាកដជាមានជីវភាពធូរធារជាងពេលនេះ ហើយពួកគេក៏នឹងធ្វើកម្មវិធីជប់លៀងអរគុណលោក ហ៊ុន ម៉ាណែត ពេញមួយខេត្ត ព្រមទាំងធ្វើបុណ្យ ៧វត្ត ដើម្បីលាងអំពើទុច្ចរិត និងស្មោកគ្រោកដែលធ្លាប់កើតមានក្នុងខេត្តនេះកន្លងមកថែមទៀត។
ប្រភពដដែលលើកឡើងថា ទង្វើគាបសង្កត់របស់អ្នកស្រី បាន ស្រីមុំ កំពុងតែប្រព្រឹត្តយ៉ាងអនាធិបតេយ្យពេញខេត្តប៉ៃលិន ដែលគាបសង្កត់មិនមែនត្រឹមតែពលរដ្ឋទេ គឺគាបសង្កត់ទៅលើមន្ត្រីក្នុងខេត្ត រហូតដល់ព្រះសង្ឃតាមវត្តអារាមថែមទៀត ខណៈផលប្រយោជន៍ដែលគាត់ទទួលបាន គឺដាក់ចូលក្នុងហោប៉ៅខ្លួនឯងទាំងអស់។
ជាងនេះទៀត អ្នកស្រី បាន ស្រីមុំ ក៏បានធ្វើរបាយការណ៍កុហកនាយករដ្ឋមន្ត្រីដែរ ព្រោះថាខេត្តប៉ៃលិន បានកើតមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលបុណ្យចូលឆ្នាំខ្មែរមិនខុសពីខេត្តផ្សេងៗទៀតនោះទេ ប៉ុន្តែអភិបាលខេត្តរូបនេះបែរជាទទួលបានពានរង្វាន់ជាទឹកប្រាក់ ២០០លានរៀលក្នុងនាមជាខេត្តដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។
ពលរដ្ឋរងគ្រោះទាំងនេះបញ្ជាក់ថា ជនរងគ្រោះទាំងអស់មិនហ៊ានតវ៉ានឹងអំណាចរបស់គាត់ទេ ដោយសារតែអ្នកស្រី បាន ស្រីមុំ តែងតែលើកយកលោក ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី មកធ្វើជាបង្អែក ដូច្នេះជនរងគ្រោះមានតែសម្ងំទ្រាំឈឺចាប់គ្រប់ៗគ្នារហូតមកទល់ពេលនេះ។
អ្នកស្រី បាន ស្រីមុំ ត្រូវបានព្រះមហាក្សត្រខ្មែរត្រាស់បង្គាប់ជាអភិបាលខេត្តប៉ៃលិន ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ មក តាមសំណើរបស់លោក ហ៊ុន សែន។ បើគិតមកដល់ឆ្នាំ២០២៤ នេះ អ្នកស្រី បាន ស្រីមុំ កាន់តំណែងនេះអស់រយៈពេល ៤ឆ្នាំហើយ បន្ទាប់ពីធ្វើជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលប៉ៃលិន អស់ ២អាណត្តិជាប់ៗគ្នាតាំងពីឆ្នាំ២០១៣ មក។
អ្នកស្រី បាន ស្រីមុំ បានទទួលបណ្ណសរសើរ និងរង្វាន់ខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរពីនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។
អ្នកស្រី បាន ស្រីមុំ ធ្លាប់មានប្រវត្តិជានារីក្នុងហាងខារ៉ាអូខេ ៥៥៥ ក្នុងខេត្តប៉ៃលិន ប៉ុន្តែគាត់បានលេចមុខក្នុងជួរបក្សកាន់អំណាចចាប់តាំងពីឆ្នាំ២០០៣ មក បន្ទាប់ពីក្លាយជាភរិយាអតីតមេយោធាខ្មែរក្រហមលោក អ៊ី ឈាន ដែលជាអភិបាលខេត្តប៉ៃលិន នាពេលនោះ ខណៈលោក អ៊ី ឈាន ក៏បានលែងលះប្រពន្ធដើមដែរ ដើម្បីរួមរស់មេត្រីជាមួយអ្នកស្រី បាន ស្រីមុំ រហូតមកទល់ពេលនេះ។
១០ឆ្នាំក្រោយ គឺចាប់តាំងពីឆ្នាំ២០១៣ មក អ្នកស្រី បាន ស្រីមុំ បានក្លាយជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា និងមានតំណែងជាអនុប្រធានគណៈកម្មការជំនាញរបស់រដ្ឋសភាផងដែរ ប៉ុន្តែនៅចុងឆ្នាំ២០២០ ក៏ត្រូវលោក ហ៊ុន សែន ស្នើឱ្យធ្វើជាអភិបាលខេត្តប៉ៃលិន វិញ។
រហូតមកទល់ពេលនេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងអ្នកស្រី បាន ស្រីមុំ ដើម្បីសុំការបំភ្លឺបាននៅឡើយទេ៕