មេដឹកនាំកំពូលរបស់បក្សកាន់អំណាចលោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ដទៃទៀត ដើម្បីរំលាយគណបក្សនយោបាយណាដែលធ្វើជាដៃជើង ឬមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនិរទេសរបស់មន្ត្រីបក្សប្រឆាំង ដែលកំពុងរៀបចំបង្កើតនៅក្រៅប្រទេសនាពេលនេះ។
ថ្លែងនៅក្នុងពិធីអបអរសាទរខួបកំណើត ៧៣ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា នេះ លោក ហ៊ុន សែន គំរាមថា រដ្ឋាភិបាលត្រូវហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីការពារសន្តិភាព ខណៈប្រជាជនកម្ពុជាគ្រប់គ្នាត្រូវតែរួមគ្នាបន្តការពារសន្តិភាពនេះឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីទប់ស្កាត់នូវចរន្តជ្រុលនិយមដែលអាចនាំគ្រោះថ្នាក់ដល់ប្រទេសជាតិ។
បុរសខ្លាំងកាងអំណាចផ្ដាច់មុខនៅកម្ពុជារូបនេះអះអាងថា មន្ត្រីបក្សប្រឆាំងដែលរស់នៅក្រៅប្រទេស កំពុងផ្ដួចផ្ដើមបង្កើតរដ្ឋាភិបាលនិរទេសមួយនៅបរទេស ដែលជារដ្ឋាភិបាលខុសច្បាប់ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ក្នុងបំណងបំផ្លាញសន្តិភាព និងភាពសុខសាន្តរបស់ពលរដ្ឋខ្មែរ។
លោក ហ៊ុន សែន លើកឡើងថា ដើម្បីធានាការពារសុខសន្តិភាព និងប្រជាជន សូមពលរដ្ឋ និងរាជរដ្ឋាភិបាល រួមគ្នាកម្ចាត់ឱ្យអស់នូវអង្គការចាត់តាំង ឬបក្សណាក៏ដោយដែលនៅក្នុងប្រទេសមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយម។
លោកថា នេះគឺជារឿងចាំបាច់បំផុតដើម្បីធានាការពារភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជា ជាពិសេសគឺត្រូវដាក់ទោសឱ្យធ្ងន់ចំពោះក្រុមជ្រុលនិយមទាំងនោះ។
មេដឹកនាំបក្សកាន់អំណាចរូបនេះបញ្ជាក់ថា ការផ្ដួចផ្ដើមគំនិតបង្កើតរដ្ឋាភិបាលនិរទេសបានចាប់ផ្តើមហើយ ដូច្នេះបក្សណាក៏ដោយដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនិរទេសនៅឯបរទេសនោះ នឹងត្រូវតែកម្ចាត់ចោលភ្លាម រំសាយចោលភ្លាមនូវអង្គការចាត់តាំងរបស់ពួកគេ។
លោក ហ៊ុន សែន ព្រមានថា កម្ពុជាមិនអាចឱ្យពួកគេមានក្បាលម៉ាស៊ីនរដ្ឋាភិបាលនៅក្រៅប្រទេស ហើយមានសមាជិកធ្វើសកម្មភាពនៅក្នុងប្រទេសដាច់ខាត។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ មិថុនា នេះថា ការប្រកាសរបស់លោក ហ៊ុន សែន បែបនេះ គ្រាន់តែជាលេសដើម្បីបោសសម្អាតគណបក្សប្រឆាំងនៅកម្ពុជាតែប៉ុណ្ណោះ ព្រោះលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់គាត់ គ្មានប្រជាប្រិយភាពអាចប្រកួតប្រជែងនឹងក្រុមប្រឆាំងបាន។
លោក អ៊ុំ សំអាន ច្រានចោលទាំងស្រុងជុំវិញការអះអាងរបស់លោក ហ៊ុន សែន ដែលថាមន្ត្រីគណបក្សសង្គ្រោះជាតិនៅបរទេសនាំគ្នាបង្កើតរដ្ឋាភិបាលនិរទេស ព្រោះថាគាត់បានប្រកាសរួចហើយពីការតាមបំផ្លាញក្រុមប្រឆាំងនៅក្នុងស្រុកកាលពីពេលថ្មីៗនេះ ដូច្នេះការប្រឌិតរឿងរបស់គាត់នៅពេលនេះ គ្រាន់តែដើម្បីឱ្យគាត់អាចកម្ទេចក្រុមប្រឆាំងកាន់តែងាយស្រួលប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានចេញសារសំឡេងណែនាំទៅកាន់សមាជិករបស់ខ្លួនថា សមាជិកបក្សកាន់អំណាចគ្រប់រាជធានី-ខេត្ត ត្រូវតែនាំគ្នាប្រើយុទ្ធសាស្ត្របំផ្លាញក្រុមប្រឆាំងឱ្យអស់នៅមុនការបោះឆ្នោត ដោយការទាក់ទាញឱ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា រួចហើយត្រូវយកមកផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយឱ្យផុសផុល។
លោក ហ៊ុន សែន បញ្ជាក់ថា អូសទាញបានមួយ យកមួយ និងផ្តល់តំណែងឱ្យមួយ ដើម្បីឱ្យអ្នកទាំងនោះទៅអូសទាញក្រុមប្រឆាំងបន្តទៀត ដែលជាយុទ្ធសាស្ត្រយកលលកទៅទាក់លលក។ លោកបន្តថា ពេលពួកគេចុះចូលជាមួយបក្សកាន់អំណាច ត្រូវថែរក្សាការពារកុំឱ្យអ្នកទាំងនោះត្រឡប់ទៅបក្សប្រឆាំងវិញ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវរំលាយ និងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានឃុំខ្លួនតាំងពីឆ្នាំ២០១៧ មក គណបក្សប្រឆាំង និងគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន បានរងនូវការគំរាមកំហែងគ្រប់ទម្រង់ ដូចជា គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ដែលកំពុងធ្វើសកម្មភាពនយោបាយសព្វថ្ងៃនេះ ជាដើម។
ក្រៅពីគណបក្សត្រូវបានរឹតត្បិតសកម្មភាព សកម្មជន និងអ្នកគាំទ្របក្សប្រឆាំង ក៏រងនូវការគំរាមកំហែងចាប់ដាក់គុកដោយរងនូវបទចោទទាំងអយុត្តិធម៌ផ្សេងៗដែរ។
សកម្មជនសង្គម និងសកម្មជននយោបាយដែលត្រូវរដ្ឋាភិបាលចាប់ខ្លួនដាក់ពន្ធនាគារមានចំនួនសរុបជាង ២០នាក់ហើយ (២៤នាក់) សព្វថ្ងៃនេះ ក្នុងនោះមានអ្នកខ្លះត្រូវបានចាប់ឃុំខ្លួនដល់ទៅ ២ដងឯណោះ ដូចជាប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាដើម៕