31 C
Phnom Penh

អង្គការ​សង្គម​ស៊ីវិល​ជិត​៥០​ស្ថាប័ន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គការ​សង់ត្រាល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល និង​សមាគមន៍​ជិត ៥០​ស្ថាប័ន ទាមទារ​ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​អង្គការ​សង់ត្រាល់ ពាក់ព័ន្ធ​នឹង​របាយការណ៍​រោងចក្រ​កាន់តែ​ប្រសើរ​នូវ​សេរីភាព​របស់​សហជីព​សម្រាប់​កម្មករ និង​សហជីព​នៅ​កម្ពុជា បន្ទាប់ពី​ក្រុម​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ បាន​ប្ដឹង​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ចំនួន ៤៣​ស្ថាប័ន នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឱ្យ​ដឹង​ថា ការ​សម្រេច​ចិត្ត​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ពិនិត្យ​មើល​ទៅ​លើ​ញត្តិ​ដែល​បាន​ទទួល និង​មើល​អំពី​លទ្ធភាព​ដែល​អាច​ធ្វើការ​ស៊ើបអង្កេត​លើ​អង្គការ​សង់ត្រាល់ ពាក់ព័ន្ធ​នឹង​ការ​ចេញ​ផ្សាយ​របាយការណ៍​របស់​ស្ថាប័ន​នេះ គឺជា​ការ​ឆ្លើយតប​បែប​អវិជ្ជមាន និង​ជា​ការ​ព្យាយាម​បំភិតបំភ័យ​ទៅ​លើ​អង្គការ​មិនមែន​រដ្ឋាភិបាល។

ប្រភព​ដដែល​អះអាង​ថា ពួកគេ​ក៏​មិន​យល់ស្រប​ចំពោះ​ការ​អំពាវនាវ​ដល់​ក្រសួង​ពាក់ព័ន្ធ ឱ្យ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និង​ដំណើរការ​សកម្មភាព​ការងារ​របស់​អង្គការ​សង់ត្រាល់ ដោយ​យក​មូលហេតុ​មិន​ត្រឹមត្រូវ​ស្ដីពី​ការ​ជ្រៀតជ្រែក និង​ការ​គ្រប់គ្រង​របស់​រដ្ឋ​បរទេស​លើ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

លោក ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា​អង្គការ​សង់ត្រាល់ (CENTRAL)។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ដដែល បាន​លើកឡើង​ថា ក្រៅពី​ការ​តវ៉ា និង​ការ​ស្នើ​ទៅ​ក្រសួង​នោះ សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​ដែល​ជា​សហជីព​គាំទ្រ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ លោក ហង្ស រ៉ាវី នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ ប្ដឹង​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ គឺ​លោក ឃុន ថារ៉ូ ដោយ​ចោទ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​លោក ឃុន ថារ៉ូ ជុំវិញ​ការ​វាយប្រហារ​មក​លើ​ការងារ​របស់​ក្រុម​សហជីព​ឯករាជ្យ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ទាំង ៤៣​ស្ថាប័ន អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​រក្សា​ជំហរ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​គោរព​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​អនុញ្ញាត​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់ អាច​ធ្វើ​ការងារ​របស់​ខ្លួន​ដោយ​សេរី ជៀស​ផុត​ពី​ការ​រំលោភ​បំពាន និង​ការ​ឆ្លើយតប​ជា​អវិជ្ជមាន​ដោយ​គ្រាន់តែ​ស្ថាប័ន​ទាំងនោះ​ធ្វើការ​រិះគន់។

ជុំវិញ​រឿង​នេះ អង្គការ​អន្តរជាតិ​ឈ្មោះ យុទ្ធនាការ​សម្លៀកបំពាក់​ស្អាត​នៃ​ក្រុម​សហជីព​អន្តរជាតិ បាន​ថ្កោលទោស និង​ហៅ​សកម្មភាព​ក្រុម​សហជីព​គាំទ្រ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ ថា​ជា​យុទ្ធនាការ​លាប​ពណ៌​ប្រឆាំង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ឯករាជ្យ​នៅ​កម្ពុជា។

អង្គការ​យុទ្ធនាការ​សម្លៀកបំពាក់​ស្អាត បញ្ជាក់​ថា អង្គការ​របស់​ខ្លួន​គាំទ្រ និង​ឈរ​ក្នុង​សាមគ្គីភាព​រឹងមាំ​ជាមួយ​សង់ត្រាល់ ដើម្បី​តស៊ូ​ទល់​នឹង​ការ​ចោទប្រកាន់​មិន​ពិត​របស់​ក្រុម​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស