ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការចុះផ្សាយរបស់កាសែត The Wall Street Journal អំពីវត្តមាននាវាយោធាពីរគ្រឿងរបស់ចិន ប្រចាំការនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា ជាការផ្សព្វផ្សាយបង្កប់ចេតនាបង្កឱ្យកាន់តែមានការភាន់ច្រឡំ និងជាការចុះផ្សាយមិនពិត។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត លើកឡើងក្នុងទំព័រហ្វេសប៊ុកក្រសួងការពារជាតិ នៅថ្ងៃទី៣ កក្កដា នេះថា នាវាយោធាចិន ២គ្រឿងដែលបានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា គឺទើបតែមកដល់នាថ្មីៗនេះប៉ុណ្ណោះ។
លោកថា នាវានោះគឺជានាវាផ្លាស់ប្ដូរវេនជាមួយនឹងនាវាយោធាចិនកន្លងទៅតាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដើម្បីមកបណ្តុះបណ្តាលជំនាញបច្ចេកទេសអំពីការប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា មិនមែនចូលចតអស់រយៈពេលជាងកន្លះឆ្នាំដូចការចុះផ្សាយរបស់កាសែត The Wall Street Journal នោះទេ។
លោក ឈុំ សុជាត អះអាងថា លោកក៏សូមច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយថានៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា មានការបែងចែកមូលដ្ឋានសម្រាប់នាវាយោធាចិនផ្សេង និងមូលដ្ឋាននាវាយោធាកម្ពុជាផ្សេង ព្រោះនេះជាការមិនពិត។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបញ្ជាក់ថា នៅមូលដ្ឋានជើងទឹករាម កំពុងធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះមានតំបន់ខ្លះកំពុងសាងសង់ តម្រូវឱ្យមានការហាមឃាត់មិនឱ្យចេញចូលដាច់ខាត ដែលនេះជាកិច្ចការសម្ងាត់របស់កងទ័ពស្របតាមច្បាប់របស់កម្ពុជា។
កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ កាសែត The Wall Street Journal បានចុះផ្សាយថា អ្នកភូមិដែលរស់នៅឈូងសមុទ្រថៃ និយាយថា មាននាវាចម្បាំងចិនពណ៌ប្រផេះពីរគ្រឿងបានចតនៅកំពង់ផែប្រវែងជាង ៣០០ម៉ែត្រក្នុងមូលដ្ឋានជើងទឹករាមរបស់កម្ពុជា អស់រយៈពេលជាង ៦ខែមកហើយ ប៉ុន្តែពួកគេត្រូវបានហាមឃាត់មិនឱ្យថតនាវានោះទេ។
អ្នកភូមិទាំងនោះអះអាងថា សព្វថ្ងៃនេះមូលដ្ឋានជើងទឹករាមត្រូវបានបែងចែកជាតំបន់បម្រុងសម្រាប់កងទ័ពជើងទឹកចិន និងតំបន់ដាច់ដោយឡែកសម្រាប់កងទ័ពជើងទឹកកម្ពុជា ខណៈផ្នែកសម្រាប់កងទ័ពជើងទឹកចិន មិនអនុញ្ញាតឲ្យកម្មករ និងកងទ័ពជើងទឹកកម្ពុជាចូលទៅជិតទេ ប៉ុន្តែកម្មករសំណង់ជនជាតិចិន បានជិះរថយន្តពេលយប់ទៅធ្វើការងារនៅទីនោះ។
កាសែត The Wall Street Journal សរសេរថា មន្ត្រីកម្ពុជាបានផ្តល់ការពន្យល់ខុសៗពីគ្នាចំពោះវត្តមានរបស់កប៉ាល់ចិន។ មុនដំបូង ពួកគេនិយាយថានាវាចិននៅទីនោះដើម្បីជួយក្នុងការហ្វឹកហ្វឺនកងទ័ពកម្ពុជា ក្រោយមកនិយាយថា ដោយសារចិនកំពុងជួយរៀបចំសមយុទ្ធយោធារវាងប្រទេសទាំងពីរនៅខែឧសភា កន្លងទៅនោះ។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ដែរថា ទោះបីជាមូលដ្ឋានទ័ពរាមបានសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន និងទោះបីជាកម្ពុជាទទួលជំនួយឥតសំណងពីរដ្ឋាភិបាលចិនក៏ដោយ ក៏មូលដ្ឋានទ័ពរាមដដែលនេះត្រូវតែក្លាយជាទីតាំងធ្វើសមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងប្រទេសផ្សេងទៀតដែលជាសមយុទ្ធបែបសង្គ្រោះបន្ទាន់នៅពេលមានគ្រោះអាសន្នកើតឡើង៕