កាលពី ២៧ឆ្នាំមុន គឺនៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ កងទ័ពរាជានិយម និងពលរដ្ឋខ្មែរស្លូតត្រង់រាប់រយនាក់ ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃក្រោមបញ្ជារបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន។
ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺជាព្រឹត្តិការណ៍ផ្ទុះអាវុធកណ្ដាលទីក្រុងភ្នំពេញ ដែលពលរដ្ឋខ្មែរមិនអាចបំភ្លេចបាន ព្រោះតែព្រឹត្តិការណ៍នេះបានបង្កការភ័យខ្លាច និងភាពជ្រួលច្របល់ប្រហាក់ប្រហែលគ្នាទៅនឹងព្រឹត្តិការណ៍ខ្មែរក្រហមចូលក្រុងភ្នំពេញ កាលពីឆ្នាំ១៩៧៥ ដែរ។
អំឡុងពេលផ្ទុះអាវុធក្នុងព្រឹត្តិការណ៍នោះ តាមដងវិថីទាំងនៅក្នុងទីក្រុងភ្នំពេញ និងនៅជាយទីក្រុងភ្នំពេញ គេឮសូរតែសំឡេងគ្រាប់ផ្លោងដាក់គ្នារវាងកម្លាំងទ័ពរាជានិយមរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងកងកម្លាំងប្រដាប់អាវុធរបស់លោក ហ៊ុន សែន។
លោក ហ៊ុន សែន តែងបដិសេធថា ព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ពុំមែនជាព្រឹត្តិការណ៍រដ្ឋប្រហាររបស់គណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែវាជាហេតុការណ៍មួយដើម្បីទប់ទល់សភាពការណ៍ពីកម្លាំងគណបក្សហ៊្វុនស៊ិនប៉ិចតែប៉ុណ្ណោះ ដែលប៉ះទង្គិចជាមួយកងទ័ពដែលលោកដឹកនាំនៅពេលនោះ។
យ៉ាងណាក៏ដោយ រដ្ឋប្រហារបង្ហូរឈាមថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ត្រូវគេចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមដែលមានលោក ហ៊ុន សែន ជាមេខ្លោង ព្រោះថាកម្លាំងកងទ័ពដែលលោក ហ៊ុន សែន បញ្ជាក្នុងព្រឹត្តិការណ៍នោះ បានធ្វើទារុណកម្ម និងសម្លាប់ឈ្លើយសឹកដែលសារភាពចុះចាញ់ទាំងគ្មានអាវុធក្នុងដៃយ៉ាងព្រៃផ្សៃ។
រដ្ឋប្រហារដណ្តើមអំណាចដ៏សាហាវព្រៃផ្សៃនេះ ត្រូវគេចាត់ទុកថាជាអំពើរំលោភបំពានអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីអំពីច្បាប់សង្គ្រាមយ៉ាងធ្ងន់ធ្ងរ។
មានភស្តុតាងជាច្រើនបង្ហាញថា សាកសពកងទ័ពរាជានិយមជាច្រើនរាយនាក់ដែលត្រូវគេសម្លាប់កប់ក្នុងដីរាក់ៗ គឺមានដៃទាំងសងខាងជាប់ចំណង គ្រាប់ភ្នែកទាំងគូត្រូវគេខ្វេះ និងដងខ្លួនពោរពេញដោយស្នាមជាំ ដែលបញ្ជាក់យ៉ាងច្បាស់ពីការធ្វើទារុណកម្មសួរចម្លើយមុននឹងត្រូវគេសម្លាប់។
ជុំវិញព្រឹត្តិការណ៍នេះ តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្សនៅកម្ពុជា លោក ថូម៉ាស ហាំម៉ាប៊ឺក និងនាយកប្រតិបត្តិអង្គការសិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុកតំបន់អាស៊ី លោក ប្រ៊ែដ អាដាមស៍ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរបាយការណ៍របស់ពួកគេទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែតុលា ឆ្នាំ១៩៩៧ ថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា គឺជា “រដ្ឋប្រហារ” ពិតៗ ដែលធ្វើឡើងដោយលោក ហ៊ុន សែន។
លោក ប្រ៊ែដ អាដាមស៍ អះអាងថា បើផ្អែកតាមអង្គហេតុដែលប្រមូលបានទាក់ទងនឹងការសម្លាប់ឈ្លើយសឹកដែលជាមន្ត្រីយោធា និងប៉ូលិសរបស់គណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងព្រឹត្តិការណ៍បង្ហូរឈាមនោះ អាចបញ្ជាក់បានថា លោក ហ៊ុន សែន គឺជាអ្នកដែលត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះអំពើឃាតកម្មដ៏ឃោរឃៅក្រៅប្រព័ន្ធច្បាប់មួយនេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ កក្កដា ថា ការធ្វើរដ្ឋប្រហាររបស់លោក ហ៊ុន សែន កាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺដើម្បីដណ្តើមអំណាចពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងកម្ទេចគណបក្សហ៊្វុនស៊ិនប៉ិច ប៉ុណ្ណោះ។ លោកថា ដោយសារតែលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២ ខណៈសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ នៅពេលនោះ។
លោកបន្តថា ការដែលលោក ហ៊ុន សែន ធ្វើបែបនេះ ក៏ជាវិធីឱ្យគណបក្សប្រជាជនកម្ពុជា យកឈ្នះការបោះឆ្នោតអាណត្តិទី២ ឆ្នាំ១៩៩៨ ដែរ ព្រោះលោក ហ៊ុន សែន ខ្លាចគណបក្សគាត់ចាញ់គណបក្សហ៊្វុនស៊ិនប៉ិច ដូចការបោះឆ្នោតជាតិអាណត្តិទី១ ឆ្នាំ១៩៩៣ ម្តងទៀត។
ចំណែកអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ធ្លាប់បានលើកឡើងថា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានបញ្ជាឲ្យកងទ័ពដែលគាត់ដឹកនាំ សម្លាប់កម្លាំងកងទ័ពរបស់គណបក្សហ៊្វុនស៊ិនប៉ិច រាប់រយនាក់ ដែលជាការធ្វើរដ្ឋប្រហារបង្ហូរឈាមមួយនៅកណ្តាលទីក្រុងភ្នំពេញដ៏ឃោរឃៅ។
លោក សម រង្ស៊ី បញ្ជាក់ថា ក្នុងរដ្ឋប្រហារនោះ ពលរដ្ឋខ្មែរ និងកងទ័ពរាជានិយមជាច្រើនរយនាក់ត្រូវបានសម្លាប់ក្រោមចុងកាំភ្លើងរបស់កងទ័ពដែលទទួលបញ្ជាពីលោក ហ៊ុន សែន បើទោះបីជាទាហានទាំងនោះបានសារភាពចុះចាញ់ និងគ្មានអាវុធក្នុងដៃក៏ដោយ៕