26.3 C
Phnom Penh

ឃាតកម្ម​លើ​បណ្ឌិត កែម ឡី មាន​រយៈពេល​៨​ឆ្នាំ​នៅ​ថ្ងៃទី​១០ កក្កដា ប៉ុន្តែ​រក​យុត្តិធម៌​មិន​ទាន់​ឃើញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ឱ្យ​តែ​ប្រទេស​កម្ពុជា​បន្ត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ត្រកូល​ហ៊ុន អំពើ​ឃាតកម្ម​នានា​កន្លង​មក នៅតែ​មិន​អាច​រក​មុខ​ឃាតករ​ពិត​ឃើញ​ដាច់ខាត ខណៈ​អំពើ​ឃាតកម្ម​ថ្មី​នឹង​នៅតែ​បន្ត​កើត​មាន។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ កក្កដា នេះ​ថា អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​អស់​រយៈពេល ៨​ឆ្នាំ​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​ថ្មី​នេះ​នៅតែ​មិន​អើពើ​វែក​មុខ​ឃាតករ​ពិត​មក​ផ្ដន្ទាទោស​នៅឡើយ ខណៈ​ឃាតករ​សិប្បនិម្មិត​បាន​ក្លាយ​ជា​ជនរងគ្រោះ​ជាប់​គុក​ជំនួស​ឃាតករ​ពិត​ទាំង​អយុត្តិធម៌​ដែរ​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ដើម្បី​ឱ្យ​កម្ពុជា​ចាកចេញ​ពី​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​ឧក្រិដ្ឋកម្ម លោក ហ៊ុន ម៉ាណែត ត្រូវតែ​សើរើ​ឧក្រិដ្ឋកម្ម​នានា​ដែល​បាន​កើត​មាន​លើ​សកម្មជន​សង្គម​ល្បីៗ​ដែល​កំពុង​រង់ចាំ​ពន្លឺ​យុត្តិធម៌​សព្វថ្ងៃ​នេះ ដូចជា ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ឃាតកម្ម​លើ​អ្នកស្រី ពិសិដ្ឋ ពីលីកា ឃាតកម្ម​លើ​លោក ជា វិជ្ជា និង​ឃាតកម្ម​លើ​ព្រះ​ភិក្ខុ សំ ប៊ុនធឿន ជាដើម។

លោក ម៉ែន ណាត អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ស្វែងរក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​អំពើ​ឃាតកម្ម​ដែល​បាន​កើត​មាន​ក្នុង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដូចជា ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ជាដើម ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ខួប​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នឹង​ត្រូវ​មហាជន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១០ ខែ​កក្កដា ខាងមុខ​នេះ ខណៈ​យុត្តិធម៌​នៅតែ​កប់​បាត់​អស់​រយៈពេល ៨​ឆ្នាំ​មក​នេះ។

បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំនួន​បី​គ្រាប់​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​ភ្លាមៗ​នៅ​ក្នុង​ហាង​ស្តារ​ម៉ាត​នៃ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ត្រង់​ចំណុច​ស្តុប​បូកគោ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ ឃាតកម្ម​នេះ​កើតឡើង ២​ថ្ងៃ​ក្រោយពី​បណ្ឌិត កែម ឡី បាន​លាតត្រដាង​ផែនការ​លក់​ជាតិ និង​ការ​គ្រប់គ្រង​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា​ស្ទើរតែ​ទាំងអស់ ដែល​មាន​ទឹកប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​របស់​បក្ខពួក​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» តាម​របាយការណ៍​អង្គការ គ្លប៊ល វីនេស (Global Witness)។

រយៈពេល ៨​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​បន្ត​ពូជ​របស់​លោក ហ៊ុន ម៉ាណែត នៅតែ​មិន​ព្រម​ចាប់​ឃាតករ​ពិត​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅឡើយ​ទេ ខណៈ​ជន​ដែល​ត្រូវ​ចោទ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ក៏​បាន​ក្លាយ​ជា​ជនរងគ្រោះ​ទាំង​អយុត្តិធម៌​ពី​អំពើ​ឃាតកម្ម​ដ៏​ឧក្រិដ្ឋ​មួយ​នេះ​អស់​រយៈពេល ៨​ឆ្នាំ​មក​ហើយ​ដែរ។

អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា អះអាង​មុន​ថ្ងៃ​ខួប​នេះ​ថា ប្រសិនបើ​តុលាការ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ប្រគល់​ភស្តុតាង​ជា​វីដេអូ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​របស់​ហាង​ស្តារ​ម៉ាត និង​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ពី​ផ្ទះ​លោក ហ៊ុន តូ ក្មួយប្រុស​លោក ហ៊ុន សែន ព្រមទាំង​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​របស់​ហាង​កាហ្វេ​ល្បី​មួយ​នៅ​ខាងក្រោយ​ហាង​ស្តារ​ម៉ាត​កាល់តិច នោះ​ច្បាស់​ជា​អាច​រក​ឃើញ​ឃាតករ​ពិត​ដោយ​ងាយ។

លោក​បញ្ជាក់​ថា ក្រោយ​អំពើ​ឃាតកម្ម​នេះ លោក​បាន​ធ្វើការ​ស្រាវជ្រាវ​លើ​ឈ្មោះ អឿត អាង ដោយ​ការ​សាកសួរ​ម្តាយ បងប្អូន និង​ប្រពន្ធ​របស់​គេ រួម​ទាំង​អាជ្ញាធរ​ដែនដី​នៅ​ទីនោះ អាច​បញ្ជាក់​បាន​ថា អ្វីៗ​ដែល​សមត្ថកិច្ច និង​តុលាការ​បាន​បង្ហាញ​ឲ្យ​សាធារណជន​ឃើញ មិនមែន​ជា​ការពិត​ឡើយ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ឡើងវិញ។ លោក​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យ​ប្រាកដ​ថា ការពិត​ដែល​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហ៊ាន​ផ្តាច់​ជីវិត​បណ្ឌិត កែម ឡី ក្រោម​ហេតុផល​ជំពាក់​លុយ ៣​ពាន់​ដុល្លារ​អាមេរិក ជា​ការពិត​ឬ​ក៏​អត់។

បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា នៅ​មាន​ចម្ងល់​ច្រើន​ណាស់​ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ ដូចជា អង្គ​ចងចាំ​ជុំវិញ​ករណី​ឃាតកម្ម​នេះ មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ ការ​ស៊ើបអង្កេត​មិន​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​គ្រាន់​តែ​មាន​បុគ្គល​ម្នាក់​អះអាង​ថា​ខ្លួន​ជា​ឃាតករ​នោះ ហើយ​តុលាការ​កាត់ទោស​តែម្តង។

រហូត​មក​ទល់​ពេលនេះ​មាន​រយៈពេល ៨​ឆ្នាំ​ហើយ ដែល​ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​បណ្ឌិត កែម ឡី មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ ចំណែក​ជនរងគ្រោះ​ខ្លះ​ទៀត​បាន​រង់ចាំ​យុត្តិធម៌​អស់​រយៈពេល​ជិត ៣០​ឆ្នាំ​ផង​ដែរ ប៉ុន្តែ​ពន្លឺ​យុត្តិធម៌​សម្រាប់​ពួកគេ​នៅតែ​ងងឹត​សូន្យសុង៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស