29 C
Phnom Penh

អ្នក​ឃ្លាំមើល​សង្គម​ព្រួយបារម្ភ​ពី​ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ឆបោក​ក្នុង​ប្រទេស​កម្ពុជា ដែល​ជនល្មើស​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ការ​បោកប្រាស់ ស្រប​ពេល​ដែល​ចំណាត់ការ​របស់​រដ្ឋាភិបាល​នៅ​មាន​កម្រិត។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ កក្កដា នេះ​ថា ដើម្បី​ទប់ស្កាត់​ការ​បោកប្រាស់​លើ​បណ្ដាញ​អ៊ីនធឺណិត រដ្ឋាភិបាល​ត្រូវ​មាន​ច្បាប់​គ្រប់គ្រង​លើ​អាជីវកម្ម​អនឡាញ​ឱ្យ​បាន​ហ្មត់ចត់ និង​បង្កើន​ការ​តាមដាន​លើ​អាជីវកម្ម​ដែល​មាន​ទម្រង់​ឆបោក​ឱ្យ​មាន​ប្រសិទ្ធភាព នោះ​ទើប​អាច​រក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ដែល​កំពុង​បោះ​ជំហាន​ចូល​ទៅ​ក្នុង​សម័យ​ឌីជីថល​នា​ពេលនេះ។

លោក​ថា ដើម្បី​ទទួល​បាន​ការ​ទុកចិត្ត និង​ការ​សហការ​ពី​ពលរដ្ឋ រដ្ឋាភិបាល​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​គោលការណ៍​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ឱ្យ​មាន​ការ​យល់ដឹង ក៏ដូចជា​ព្រមាន​ទៅ​ដល់​ក្រុម​អ្នក​ឆបោក​ដែល​មាន​គម្រោង​បោកប្រាស់​ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​នេះ​ជា​គោលដៅ​ផង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់​គំនិត​រូប​នេះ បញ្ជាក់​ថា ក្រៅពី​ការ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​យោគយល់​ចំពោះ​ជន​ឆបោក រដ្ឋាភិបាល​ក៏​ត្រូវ​បង្កើន​សមត្ថភាព​មន្ត្រី​របស់​ខ្លួន​ខាង​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ឱ្យ​មាន​ជំនាញ​ពិតប្រាកដ​ដែរ ព្រោះ​ក្រុម​ឆបោក​សុទ្ធសឹងតែ​ជា​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា ទើប​ពួកគេ​ហ៊ាន​ធ្វើ​បែប​នេះ។

លោក​អះអាង​ថា ផ្ទុយទៅវិញ បើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ហ្មត់ចត់​ទេ ហើយ​ការ​បោកប្រាស់​នេះ​ចេះ​តែ​បន្ត​កើន​ឡើង នោះ​វា​នឹង​កាន់តែ​ធ្វើ​ឱ្យ​ខូច​មុខមាត់​រដ្ឋាភិបាល​ទៅវិញ​ប៉ុណ្ណោះ។

កាលពី​ពេល​ថ្មីៗ​នេះ មាន​ក្រុម​មួយ​ដាក់​ឈ្មោះ​ថា «កម្ពុជា Vision» ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម ដែល​មាន​សមាជិក​ចូលរួម​ជាង ៧​ពាន់​នាក់ (៧៤០១​នាក់) បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​គម្រោង​វិនិយោគ​ដាក់​លុយ​ទទួល​បាន​ការប្រាក់​ខ្ពស់។

ក្រុម​នេះ​បាន​បង្ហាញ​ពី​គម្រោង​វិនិយោគ​របស់​ខ្លួន​ថា បើ​អ្នក​វិនិយោគ​ដាក់​លុយ​ចូល​វិនិយោគ ៥៣​ដុល្លារ​អាមេរិក នឹង​ទទួល​បាន ៦៥​ដុល្លារ​អាមេរិក​ត្រឡប់​ទៅ​វិញ​ក្នុង​រយៈពេល ២៤​ម៉ោង ហើយ​បើ​ដាក់​លុយ​វិនិយោគ​ចំនួន ១៥០០​ដុល្លារ នឹង​ទទួល​បាន​លុយ​ត្រឡប់​មក​វិញ​ចំនួន ១០៥០០​ដុល្លារ​ត្រឡប់​ទៅ​វិញ​តែ​ក្នុង​រយៈពេល ២៤​ម៉ោង​ប៉ុណ្ណោះ។

ការ​បោកប្រាស់​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា បាន​លេច​ឡើង​នូវ​វិធីសាស្ត្រ​គ្រប់​ទម្រង់ ដូចជា ការ​វិនិយោគ​ដាក់​លុយ​ដើម្បី​ទទួល​បាន​ការប្រាក់​ខ្ពស់​ក្នុង​ក្រុមហ៊ុន CIC របស់​លោក គុយ វ៉ាត, ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ របស់​ទណ្ឌិត ឡេង ចាន់ណា, ក្រុមហ៊ុន​លក់​ផ្ទះ​ខ្យល់​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប ដែល​មាន​ជំនួយការ​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា កំពុង​កាង​ពីក្រោយ​ដែល​កំពុង​ធ្វើ​សកម្មភាព​បោកប្រាស់​ពលរដ្ឋ​នៅ​ពេលនេះ ជាដើម។

ជុំវិញ​ការ​បោកប្រាស់​នៅ​កម្ពុជា នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​លើកឡើង​កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២៤ ដោយ​ធ្វើការ​ប្រៀបធៀប​ថា លោក​មិន​អាច​យក​រូបមន្ត​សម្លាប់​មេ​មាន់​ដាច់ខាត ដែល​មាន​ន័យ​ថា លោក​មិនមែន​ចេះតែ​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​ល្មើស​គ្រប់​ពេល​នោះ​ទេ ព្រោះ​ថា​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​មេ​មាន់​រស់ ដើម្បី​យក​ពងមាន់​បន្ត​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស