31 C
Phnom Penh

យុត្តិធម៌​ចំពោះ​ជនរងគ្រោះ​ខ្មែរ​នៅ​ឆ្ងាយ​ដាច់​សង្វែង​ដូច​ជើងមេឃ ៨​ឆ្នាំ​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្ងៃ​ពុធ ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៤ ជា​ខួប ៨​ឆ្នាំ​នៃ​ឃាតកម្ម​កណ្តាល​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ។ ដំណឹង​ដ៏​តក់ស្លុត​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​តៗ​គ្នា​ក្នុង​ចំណោម​អ្នក​នយោបាយ អង្គការ​សង្គម​ស៊ីវិល អ្នកវិភាគ និង​អ្នក​ឃ្លាំមើល រហូត​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ ថា​កុលបុត្រ​ខ្មែរ​ស្នេហា​ជាតិ​មួយ​រូប គឺ​បណ្ឌិត កែម ឡី កំពុង​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ដ៏​សែន​រន្ធត់ ដោយសារ​គ្រាប់កាំភ្លើង​ឃាតករ​ផ្តាច់​ជីវិត​នៅ​ថ្ងៃ​សៅរ៍ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩:៤៤​នាទី​ព្រឹក។

ខណៈ​នេះ យុត្តិធម៌​ក៏​បាន​ស្លាប់​ទៅ​ជាមួយ​លោក​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ យុត្តិធម៌​ពិត​សម្រាប់​ជីវិត​ជនរងគ្រោះ​ខ្មែរ​ឯ​ទៀត ក៏​ស្ថិត​នៅ​ឆ្ងាយ​សង្វែង​ដូច​ជើងមេឃ​ដូច្នោះ។

ក្នុង​ខួប ៨​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី សាធារណជន​នៅតែ​គិត​ថា ឃាតករ​ពិត​ដែល​បាន​បាញ់​សម្លាប់​រូបលោក​ដោយ​ផ្ទាល់ នៅតែ​មាន​សេរីភាព​ក្រៅ​ច្បាប់​នៅឡើយ ខណៈ​ឃាតករ​សិប្បនិម្មិត ត្រូវ​បាន​កាត់ទោស​ដាក់​គុក​មួយ​ជីវិត​ទាំង​អយុត្តិធម៌ ចំណែក​ក្រុម​គ្រួសារ និង​សាច់ញាតិ​បណ្ឌិត កែម ឡី ក៏​រង​នូវ​ភាព​អយុត្តិធម៌​អស់​រយៈពេល ៨​ឆ្នាំ​ដូច​គ្នា​ដែរ។

ជុំវិញ​ថ្ងៃ​ខួប​នៃ​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី អ្នក​នយោបាយ អ្នកវិភាគ អ្នក​ឃ្លាំមើល​សង្គម អង្គការ​សង្គម​ស៊ីវិល នាំគ្នា​បង្ហោះ​សារ​ព្រោងព្រាត​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១០ កក្កដា នេះ​ថា លោក​នៅតែ​មិន​ជឿ​ថា បណ្ឌិត កែម ឡី ជំពាក់​លុយ​ឃាតករ​ឈ្មោះ អឿត អាង ចំនួន ៣០០០​ដុល្លារ​នោះ​ទេ។ លោក​ក៏​មិន​ជឿ​ដែរ​ថា អឿត អាង ចំណាយ​លុយ​ទិញ​កាំភ្លើង​តម្លៃ​ជាង ៣០០០​ដុល្លារ​សម្រាប់​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដែរ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា​ជា​រឿង​ដែល​មិន​សម​ហេតុផល​ទាល់តែសោះ​នៅ​ពេល​ដែល អឿត អាង ឃើញ​បណ្ឌិត កែម ឡី នៅ​ហាង​ស្តារ​ម៉ាត-កាល់តិច ហើយ​មិន​ចូល​ទៅ​ទារ​លុយ​ជំពាក់ បែរ​ជា​ទៅ​លួច​បាញ់​សម្លាប់​គាត់​ពីក្រោយ​ខ្នង​ទៅ​វិញ ដែល​ចម្ងល់​ទាំងនេះ អាជ្ញាធរ​មាន​មុខនាទី​ត្រូវតែ​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា។

ចំណែក​ឯ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១០ កក្កដា នេះ​ដែរ​ថា ៨​ឆ្នាំ​មក​នេះ យុត្តិធម៌​ដូច​នៅ​ជើងមេឃ​សម្រាប់​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី។ លោក​ថា អ្នក​បញ្ជា​នៅ​ពីក្រោយ​ឃាតកម្ម​នេះ ក៏​មិន​ត្រូវ​បាន​វែក​មុខ​ដែរ ហើយ​ដោយសារតែ​បែប​នេះ បាន​បង្ក​ទៅ​ជា​ការ​សង្ស័យ​ថា អ្នក​បញ្ជា​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​នេះ គឺជា​អ្នក​មាន​អំណាច​នៃ​របប​ត្រកូល​ហ៊ុន​ផង​ដែរ។

ដោយឡែក​សកម្មជន​ចលនា​មាតា​ធម្មជាតិ បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ខួប ៨​ឆ្នាំ​នៃ​ការ​ស្លាប់​បណ្ឌិត កែម ឡី ដែរ​ថា វីរភាព​របស់​បណ្ឌិត កែម ឡី នឹង​ដក់​ជាប់​នៅ​ក្នុង​ដួងចិត្ត​កូន​ខ្មែរ​រហូត ទោះ​ជា​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ពួកគេ​ដោយ​ការ​ចាប់ចង​ដាក់​គុក​យ៉ាងណា​ក៏ដោយ ក៏​មិន​បាន​ធ្វើ​ឲ្យ​ពួកគេ​ចុះចាញ់​ដែរ។

រីឯ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ខួប​នេះ​ដែរ​ថា ៨​ឆ្នាំ​ហើយ​ដែល​ពួកគេ​នៅតែ​រង់ចាំ​យុត្តិធម៌​ចំពោះ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ជឿ​ទុកចិត្ត​បាន ដើម្បី​រក​យុត្តិធម៌​ឱ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ។

អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ​លើកឡើង​ថា ការ​បាត់បង់​បណ្ឌិត កែម ឡី គឺជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​ធំធេង និង​បាន​ធ្វើ​ឱ្យ​ខ្មែរ​រាប់​លាន​នាក់​សោកស្តាយ​ជា​ពន់ពេក។ ប្រភព​ដដែល​ត្អូញត្អែរ​ថា សង្គម​ខ្មែរ​ពិត​ជា​តូច រហូត​មិន​អាច​ដាក់​មនុស្ស​ម្នាក់​ដែល​ឈឺឆ្អាល​នឹង​ប្រទេស​ជាតិ​ខ្លួនឯង។

នៅ​ថ្ងៃ​ខួប ៨​ឆ្នាំ​នេះ សកម្មជន យុវជន ព្រះសង្ឃ ក្រុម​សង្គម​ស៊ីវិល និង​សមាជិក​ក្រុម​គ្រួសារ​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ បាន​ជួបជុំ​គ្នា​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច​ស្តុប​បូកគោ ដើម្បី​ធ្វើ​ពិធី​ហែ​ក្បួន​រម្លឹក​ខួប ៨​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី។ ពួកគេ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ស្នើសុំ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន យុវជន និង​សកម្មជន​បរិស្ថាន​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ផង​ដែរ។

បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ចំនួន ៣​គ្រាប់​ក្នុង​ហាង​ស្តារ​ម៉ាត​នៃ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ត្រង់​ចំណុច​ស្តុប​បូកគោ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​ស្ថិត​ក្នុង​សម្លៀកបំពាក់​អាវ​យឺត​ពណ៌​ក្រហម និង​ខោ​សាច់​ក្រណាត់​ពណ៌​ខ្មៅ ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម​ដែល​កំពុង​ហូរ​ចេញពី​រាងកាយ​របស់​លោក​គួរ​ឱ្យ​រន្ធត់។

អំពើ​ឃាតកម្ម​នេះ បាន​កើតឡើង​ត្រឹមតែ ២​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​បណ្ឌិត កែម ឡី លាតត្រដាង​ផែនការ​លក់​ជាតិ និង​ការ​គ្រប់គ្រង​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា​ស្ទើរតែ​ទាំងអស់​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​របស់​បក្ខពួក និង​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» តាម​សេចក្តី​រាយការណ៍​ពី​អង្គការ​គ្លប៊ល វីនេស (Global Witness)។

សេចក្តី​រាយការណ៍​នោះ​រក​ឃើញ​ថា សាច់ញាតិ​របស់​លោក ហ៊ុន សែន ចំនួន ២៧​នាក់​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក រួម​ទាំង​ផែនការ​លក់​ជាតិ​ក្រោម​រូបភាព​វិនិយោគ​ជាច្រើន​ផ្សេងៗ​ទៀត​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស