អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លើកឡើងថា ប្រសិនបើលោក ហ៊ុន សែន នៅតែបន្តផ្តល់ការសម្បទានតាមសំណើរបស់វៀតណាម នូវលក្ខខណ្ឌដែលសុំឱ្យផ្តល់ការរស់នៅដល់ពលរដ្ឋវៀតណាម បន្តទៀត នោះលោក ហ៊ុន សែន នឹងជាប់ឈ្មោះជាជនក្បត់ជាតិក្នុងប្រវត្តិសាស្ត្រខ្មែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ កក្កដា នេះថា លោកជឿជាក់ថាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីថ្មីរបស់វៀតណាម នៅពេលនេះ គ្មានអ្វីក្រៅតែពីការចងមិត្តយូរអង្វែង និងស្នើឱ្យមេដឹកនាំកម្ពុជាបន្តជួយសម្រួលដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅដោយខុសច្បាប់នៅលើទឹកដីខ្មែរសព្វថ្ងៃនេះទេ។
លោក ម៉ែន ណាត ជំរុញឱ្យមេដឹកនាំខ្មែរទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ស្នើឱ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់រំលោភសិទ្ធិរស់នៅរបស់ពលរដ្ឋខ្មែរក្រោមទៀត បើប្រធានាធិបតីវៀតណាម ស្នើឱ្យរដ្ឋាភិបាលកម្ពុជាជួយសម្រួលដល់ពលរដ្ឋវៀតណាម ដែលរស់នៅលើទឹកដីខ្មែរបន្តទៀតនោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានសិទ្ធិដឹកនាំប្រទេស ប៉ុន្តែគ្មានសិទ្ធិសម្បទានទ្រព្យសម្បត្តិជាតិខ្មែរទៅឱ្យវៀតណាម ដើម្បីគ្រាន់តែដោះដូរនឹងអំណាចរបស់ខ្លួននោះទេ ព្រោះម្ចាស់ប្រទេសពិតប្រាកដ គឺពលរដ្ឋខ្មែរ មិនមែនមនុស្សក្រុមណាមួយ ឬគណបក្សប្រជាជនកម្ពុជាឡើយ។
ប្រមុខរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម (To Lam) បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកក្កដា នេះ។ នៅថ្ងៃទី១២ កក្កដា នេះ លោក តូ ឡឹម បានជួបជាមួយមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ផងដែរ។
ប្រធានាធិបតីថ្មីរបស់វៀតណាម នេះ គ្រោងនឹងជួបជាមួយព្រះមហាក្សត្រខ្មែរ នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃសៅរ៍នេះ។ ដំណើរទស្សនកិច្ចនេះ ត្រូវគេសង្ស័យថា វៀតណាម នឹងបន្តស្នើឱ្យមេដឹកនាំខ្មែរជួយសម្រួលដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាដូចមេដឹកនាំវៀតណាម មុនៗដែរ។
គេសង្កេតឃើញថា រាល់មេដឹកនាំវៀតណាម ដែលឡើងកាន់តំណែងថ្មី តែងធ្វើដំណើរទៅជួបមេដឹកនាំខ្មែរ ដើម្បីស្នើឱ្យជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់គ្រប់ៗគ្នា ខណៈមេដឹកនាំខ្មែរមិនដែលបដិសេធនឹងសំណើរបស់មេដឹកនាំវៀតណាម ទាំងនោះម្តងណាឡើយ។
កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមអ្នកតស៊ូមតិកម្ពុជា បានចេញលិខិតមួយថា ក្នុងពិធីរំឭកខួប ៧៣ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ មេដឹកនាំខ្មែរដែលកងទ័ពវៀតណាម លើកបន្តុប លោក ហ៊ុន សែន មិនបានលើកឡើងពីប្រវត្តិដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរបបខ្មែរក្រហមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់អស់ជាង ២លាននាក់ទេ។
ក្រុមអ្នកតស៊ូមតិកម្ពុជា លើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាអតីតបក្សកុម្មុយនីស្តឥណ្ឌូចិន តែមួយគត់ដែលបានដឹកនាំឱ្យមានការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរជិត ២លាននាក់ (១,៧លាននាក់) ក្នុងសម័យខ្មែរក្រហម៕