31 C
Phnom Penh

លោក រ៉ុង ឈុន៖ លោក ស៊ុន ចន្ធី នៅតែ​រក្សា​ឧត្ដមគតិ​ដើម ទោះ​ជា​បាន​ផ្ដិត​មេដៃ​លើ​លិខិត​សុំទោស​នាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន អះអាង​ថា​លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ នៅតែ​រក្សា​ឧត្ដមគតិ​ដើម​របស់​ខ្លួន​ដដែល បើ​ទោះជា​បាន​ផ្ដិត​មេដៃ​លើ​លិខិត​សុំទោស​លោក ហ៊ុន ម៉ាណែត ក៏ដោយ។

ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កក្កដា បន្ទាប់ពី​តុលាការ​កំពូល បាន​លើក​យក​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ស៊ុន ចន្ធី ធ្វើការ​ជំនុំជម្រះ​ដោយ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ខាងមុខ​នេះ លោក រ៉ុង ឈុន អះអាង​ថា​លោក ស៊ុន ចន្ធី នៅតែ​រក្សា​ឧត្ដមគតិ​ដើម​របស់​ខ្លួន​ដដែល បើ​ទោះជា​គាត់​បាន​ផ្ដិត​មេដៃ​លើ​លិខិត​សុំទោស​លោក ហ៊ុន ម៉ាណែត នៅ​ក្រោយ​ពេល​ចាប់​ខ្លួន​ក៏ដោយ។

ប្រភព​ដដែល​អះអាង​ថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កក្កដា នេះ តុលាការ​កំពូល​លើក​ពេល​ប្រកាស​លទ្ធផល​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ ដោយ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ខាងមុខ។ លោក​ថា​ការ​បន្ត​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ មិន​សម​ហេតុផល ព្រោះ​អ្វី​ដែល​លោក ស៊ុន ចន្ធី បាន​និយាយ​ជា​ការ​បញ្ចេញមតិ​តែប៉ុណ្ណោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា ក្នុង​ស្ថានភាព​នយោបាយ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​គាបសង្កត់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ មេដឹកនាំ​បក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល គួរតែ​យល់​ឱ្យ​ច្បាស់ មុន​នឹង​ចេញ​មក​ធ្វើ​ជា​តំណាង​របស់​ពលរដ្ឋ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ឱ្យ​សង្គម​ជាតិ។

ប្រធាន​គណបក្សប្រឆាំង​ថ្មី​លោក ស៊ុន ចន្ធី ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ បន្ទាប់ពី​បាន​ដាក់​ជើង​ជាន់​ទឹកដី​កម្ពុជា ក្រោយពី​ត្រឡប់​មកពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២៤។ លោក​ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ លោក ស៊ុន ចន្ធី ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់។

ក្រោយ​ពេល​ឃុំ​ខ្លួន លោក ស៊ុន ចន្ធី បាន​សរសេរ​សុំទោស​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដោយ​រៀបរាប់​ថា លោក​ពិត​ជា​មាន​ការ​សោកស្តាយ​នូវ​មតិ​លើកឡើង​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​អ៊ីបារ៉ាគិ ប្រទេស​ជប៉ុន ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រទេស​របស់​រដ្ឋាភិបាល។ លោក​ពិត​ជា​មាន​ការ​សោកស្តាយ និង​សូមទោស​ដោយ​សុទ្ធចិត្ត​ចំពោះ​លោក ហ៊ុន ម៉ាណែត នូវ​ការ​លើកឡើង​ដោយ​ខុស​ឆ្គង​របស់​ខ្លួន​ទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស