29 C
Phnom Penh

ក្រសួង​ទេសចរណ៍៖ ១​សប្តាហ៍ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ជាង ៣​សែន​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ទេសចរណ៍ លើកឡើង​ថា រយៈពេល ១​សប្តាហ៍ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង ៣​សែន​នាក់ (៣៤៧១៩៧​នាក់) ដែល​មាន​ជើងហោះហើរ​ជិត ៥០០​ជើងហោះហើរ (៤៩៦​ជើងហោះហើរ) ប៉ុន្តែ​ក្រសួង​មិន​បាន​បង្ហាញ​ថា តើ​មាន​ជើងហោះហើរ​ដែល​បាន​លុប​ចោល​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។

ក្រសួង​ទេសចរណ៍​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​ប្រមាណ​ជិត ៣​សែន​នាក់ (២៩៥៨៣១​នាក់) និង​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជាង ៥​ម៉ឺន​នាក់ (៥១៣៦៦​នាក់)។

ប្រភព​ដដែល​អះអាង​ថា ក្នុង​រយៈពេល ១​សប្តាហ៍​ដូច​គ្នា កម្ពុជា​បាន​លក់​បណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ជូន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ជាង ១​ម៉ឺន​បណ្ណ (១២៩៥៧​បណ្ណ) កើន​ឡើង ៦,៦% និង​ទទួល​បាន​ចំណូល​ពី​ការ​លក់​បណ្ណ​នេះ​សរុប​ជាង ៥​សែន​ដុល្លារ​អាមេរិក (៥៨៣៩៩៤​ដុល្លារ​អាមេរិក) កើន​ឡើង ៨,៦% ផង​ដែរ។

ក្រសួង​ទេសចរណ៍​កម្ពុជា បញ្ជាក់​ថា ជើងហោះហើរ​អន្តរជាតិ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​មាន​ចំនួន​សរុប​ជាង ៤០០​ជើងហោះហើរ ក្នុង​នោះ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​ចំនួន​ជាង ៣០០​ជើងហោះហើរ (៣៣៧​ជើងហោះហើរ) អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​មាន​ចំនួន​ប្រមាណ ១០០​ជើងហោះហើរ (១០២​ជើងហោះហើរ) និង​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​មាន​ចំនួន ១៧​ជើងហោះហើរ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា វិស័យ​ទេសចរណ៍​របស់​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​នៅ​ពេលនេះ។

មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រចាំ​តំបន់​អង្គរ ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា ស្ថានភាព​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​សៀមរាប សព្វថ្ងៃ​នេះ ស្ថិត​ក្នុង​កម្រិត​ទាប​នៅឡើយ ដោយសារតែ​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាគច្រើន​នៅតែ​គ្មាន​ការងារ​នៅឡើយ ចំណែក​មគ្គុទ្ទេសក៍​ទេសចរណ៍​ដែល​ទទួល​បាន​ភ្ញៀវ គឺ​មាន​ចំនួន​តិចតួច ហើយ​យូរៗ​ម្តង​ប៉ុណ្ណោះ។

ប្រភព​ដដែល​លើកឡើង​ថា បើ​គិត​ពី​ចំនួន​ជើងហោះហើរ​សម្រាប់​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប អាច​មាន​ចំនួន​ដល់​ទៅ​ប្រមាណ​ជា ១០០​ជើងហោះហើរ​មែន ប៉ុន្តែ​មិន​មាន​ភ្ញៀវ​ពេញ​យន្តហោះ​ទេ ហើយ​ក្នុង​ចំណោម​ភ្ញៀវ​ទាំងនោះ ក៏​សម្បូរ​ភ្ញៀវ​ខ្មែរ​ដែរ ដែល​គ្រាន់តែ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ឬ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ខេត្ត​សៀមរាប ក្នុង​គោលដៅ​ជាក់លាក់​ណា​មួយ ប៉ុន្តែ​មិនមែន​ដើម្បី​ដំណើរ​កម្សាន្ត​នោះ​ទេ។

មគ្គុទ្ទេសក៍​ទេសចរណ៍​តំបន់​អង្គរ​រូប​នេះ​បញ្ជាក់​ថា បើ​ចង់​ដឹង​ថា​ខេត្ត​សៀមរាប មាន​ភ្ញៀវ​ទៅ​លេង​ច្រើន ឬ​ក៏​អត់ គ្រាន់តែ​ទៅ​មើល​កន្លែង​កម្សាន្ត ផាប់ស្ត្រីត (Pub Street) ក្នុង​ក្រុង​សៀមរាប គឺ​ច្បាស់​ជា​ដឹង​ហើយ។ ប្រភព​ដដែល​ថា ទីតាំង​អាជីវកម្ម​នីមួយៗ​ក្នុង​ខេត្ត​សៀមរាប កំពុង​ដំណើរការ​ទាំង​ត្រដរ​ខ្យល់ ខណៈ​អាជីវករ​ត្អូញត្អែរ​គ្រប់ៗ​គ្នា​ដោយសារតែ​លក់​ទំនិញ​មិន​ដាច់។

រយៈពេល​ចុងក្រោយ​នេះ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក នាំគ្នា​បង្ហោះ​ពី​សភាព​ស្ងប់ស្ងាត់​របស់​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប ព្រោងព្រាត ដែល​ក្នុង​វីដេអូ​ទាំងនោះ​បង្ហាញ​ថា គ្មាន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ក្នុង​ព្រលាន​សូម្បីតែ​ម្នាក់​នៅ​ថ្ងៃ​ខ្លះ។

ជាង​នេះ​ទៀត ក៏​មាន​ការ​បង្ហោះ​វីដេអូ​ពី​សភាព​ស្ងប់ស្ងាត់​ក្នុង​ក្រុង​សៀមរាប កន្លែង​កម្សាន្ត ផាប់ស្ត្រីត (Pub Street) ផង​ដែរ ដែល​ក្នុង​វីដេអូ​នោះ​បង្ហាញ​ឱ្យ​ឃើញ​ថា នៅ​ក្នុង​ក្រុង​សៀមរាប ស្ទើរតែ​គ្មាន​ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត ខណៈ​តាម​តូប​លក់​អីវ៉ាន់ ដូចជា វត្ថុ​អនុស្សាវរីយ៍ ជាដើម ក៏​ស្ទើរតែ​គ្មាន​ភ្ញៀវ​ទិញ​ដែរ។

ជុំវិញ​បញ្ហា​នេះ គេ​បាន​រក​ឃើញ​ថា ក្នុង​រយៈពេល ៣០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៦ ខែ​មិថុនា រហូត​ដល់​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២៤ ចំនួន​ជើង​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដែល​គ្រោង​នឹង​ទៅ​ប្រទេស​កម្ពុជា (Schedule Flights) មាន​ចំនួន​ជាង ៤០០​ជើងហោះហើរ (៤៥៩​ជើង) សម្រាប់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​ជើង​យន្តហោះ​ដែល​ទៅ​ដល់​ប្រទេស​កម្ពុជា​ជាក់ស្តែង (Track Flights) មាន​ចំនួន ៤៥៨​ជើងហោះហើរ គឺ​ខកខាន​អស់ ១​ជើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស