31 C
Phnom Penh

រុស្ស៊ី​ឈាន​ជើង​មក​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ពិភពលោក​ប្រឈម​នឹង​ការ​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន TRT World នៃ​ប្រទេស​តួកគី ចុះផ្សាយ​នៅ​ថ្ងៃទី​១៧ កក្កដា នេះ​បាន​ឱ្យ​ដឹង​ថា ប្រទេស​មហាអំណាច​ពីរ គឺ​រុស្ស៊ី និង​ចិន បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​នាវាចម្បាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ការ​ពង្រឹង​កម្លាំង​សមត្ថភាព​ទ័ព​របស់​ប្រទេស​ទាំង​ពីរ​នេះ​ជាមួយ​នឹង​ការ​ទប់ទល់​កម្លាំង​ប្រជែង​របស់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស។

ពិធី​បើក​ព្រឹត្តិការណ៍​នេះ ធ្វើឡើង​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​ប្រទេស​ចិន នៅ​ខេត្ត Zhanjiang។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ដែល​គេ​មើល​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម Telegram។

ប្រទេស​ទាំង​ពីរ​បាន​បញ្ជូន​នាវាចម្បាំង ៣​គ្រឿង​ដូច​គ្នា​ទៅ​ចូលរួម​សមយុទ្ធ​ដែល​មាន​រយៈពេល ៣​ថ្ងៃ។

ទីភ្នាក់ងារ​សារព័ត៌មាន RIA របស់​រុស្ស៊ី បាន​ឱ្យ​ដឹង​ថា សមយុទ្ធ​របស់​ប្រទេស​ទាំង​ពីរ​ក៏​មាន​ការ​បាញ់​កាំភ្លើង​ធំ​ចេញពី​នាវាចម្បាំង​ផង​ដែរ។

Wang Guangzheng ជា​អ្នក​នាំពាក្យ​សម្រាប់​កង​នាវា​ចិន ប្រចាំការ​នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​ប្រាប់​បណ្ដាញ​ទូរទស្សន៍​ចិន CCTV ថា ការ​ធ្វើ​សមយុទ្ធ​នាវាចម្បាំង​រួម​គ្នា ចិន​និង​រុស្ស៊ី សំដៅ​ជំរុញ​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​នៃ​ទំនាក់ទំនង​សន្តិសុខ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រវាង​ប្រទេស​ទាំង​ពីរ ប្រឆាំង​រាល់​ការ​គំរាម​សន្តិសុខ​សមុទ្រ​ក្នុង​តំបន់។

ប្រទេស​ចិន បាន​អះអាង​ពី​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ធ្វើ​ឱ្យ​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ប្រតិកម្ម។ ប្រទេស​ចំនួន ៥ យ៉ាងតិច កំពុង​មាន​ជម្លោះ​ដែនទឹក​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។ ប្រទេស​ទាំង ៥ នេះ មាន​ប្រទេស​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និង​ឥណ្ឌូនេស៊ី។ ប្រទេស​ទាំង ៥ នេះ សុទ្ធតែ​ជា​សមាជិក​នៃ​សមាគម​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​សមាគម​អាស៊ាន។

នា​ពេលនេះ ប្រទេស​ហ្វីលីពីន ដែល​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ តែងតែ​ចេញ​មុខ​ខ្លាំង​ជាងគេ​ប្រជែង​នឹង​ចិន រហូត​បញ្ជូន​នាវា​ល្បាត និង​នាវាចម្បាំង​ទៅ​តំបន់​ដែល​ចិន អះអាង​ថា​ជា​ដែនទឹក​របស់​ខ្លួន ហើយ​ប្រឈមមុខ​នឹង​នាវាចម្បាំង​របស់​ចិន ទៀត​ផង។ ក្នុង​ស្ថានភាព​ចុងក្រោយ​នេះ នាវា​ល្បាត​ប្រទេស​ទាំង​ពីរ​បាន​បុក​ទង្គិច​គ្នា​ទៀត​ផង។ សហរដ្ឋ​អាមេរិក​ដែល​ប្រកាន់​ជំហរ​ការពារ​ហ្វីលីពីន តែងតែ​បញ្ជូន​នាវាចម្បាំង យន្តហោះ​ចម្បាំង​ទៅ​ធ្វើ​សមយុទ្ធ​ជាមួយ​នឹង​កងទ័ព​ហ្វីលីពីន ហើយ​ថែម​ទាំង​អូស​ប្រទេស​ជប៉ុន អូស្ត្រាលី កាណាដា អាល្លឺម៉ង់ មក​ធ្វើ​សមយុទ្ធ​រួម​ជាមួយ​គ្នា​ទៀត​ផង។

ខណៈ​ក្រុម​សម្ព័ន្ធមិត្ត​សហរដ្ឋ​អាមេរិក​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង កង​នាវាចម្បាំង​ចិន បាន​បើក​តាម​ឃ្លាំមើល ហើយ​ប្រកាស​ព្រមាន​ទៀត​ផង។ តែ​ក្រុម​នាវាចម្បាំង​សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន នៅតែ​បើក​ចូល​ដែនទឹក​ដែល​ក្រុង​ប៉េកាំង អះអាង​ថា​ជា​ដែនទឹក​របស់​ខ្លួន។

តំបន់​សមុទ្រ​ចិន​ខាងត្បូង​មាន​ភោគទ្រព្យ​សមុទ្រ​ទ្រីលាន​ដុល្លារ។ ចិន​ដែល​ពង្រីក​ដែនទឹក​នៅ​តំបន់​នេះ គឺ​ដើម្បី​គ្រប់គ្រង​ភោគទ្រព្យ​សមុទ្រ​ទាំងនេះ​ដោយ​ផ្ដាច់មុខ ជាពិសេស​តំបន់​នេសាទ និង​ឧស្ម័ន​ក្រោម​បាត​សមុទ្រ។ ចិន​រហូត​ដល់​ដាក់​របាំង​បិទ​ផ្លូវ​នាវាចរណ៍​អន្តរជាតិ​ទៀត​ផង។ ក្នុង​ស្ថានភាព​តានតឹង និង​សម្ពាធ​របស់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន បាន​នាំ​ឱ្យ​ក្រុង​ប៉េកាំង ចាប់​ទាញ​មហាមិត្ត​របស់​ខ្លួន គឺ​រុស្ស៊ី ចូល​ពាក់ព័ន្ធ​ក្នុង​សម្ព័ន្ធភាព​យោធា​ជាមួយ​នឹង​ក្រុង​ប៉េកាំង។

គេ​ថា​រុស្ស៊ី ឈាន​ជើង​មក​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង ក៏​ជា​សញ្ញា​អាក្រក់​រួច​ទៅ​ហើយ​ដែល​អាច​ទាញ​ពិភពលោក​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​៣ ព្រោះ​រុស្ស៊ី ខ្លួន​គេ​ផ្ទាល់ ក៏​កំពុង​លង់​ខ្លួន​ក្នុង​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ហើយ​ចង់​មិន​ចង់ ក្រុង​មូស្គូ ក៏​ចង់​ឱ្យ​មាន​សង្គ្រាម​ធំ​មួយ​កើត​ក្រៅពី​សង្គ្រាម​នៅ​អឺរ៉ុប នៅ​លើ​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន។

បើ​សង្គ្រាម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផ្ទុះ​ឡើង​ដោយសារ​ចិន និង​ហ្វីលីពីន ប៉ះ​គ្នា​ដោយ​ប្រដាប់​អាវុធ វា​នឹង​បង្ក​ទៅ​រក​សង្គ្រាម​តំបន់​ដ៏​ធំ គឺ​ច្បាស់​ណាស់​សហរដ្ឋ​អាមេរិក នឹង​ហក់​ចូល​ជួយ​ហ្វីលីពីន ភ្លាម ព្រោះ​ទ័ព​អាមេរិក​នៅ​លើ​ទឹកដី​ហ្វីលីពីន​រួច​ទៅ​ហើយ។

ចំពោះ​ចិន បើ​ទោះជា​ប្រទេស​ដ៏​ធំ​មែន តែ​ចិន ពិត​ជា​ត្រូវការ​សម្ព័ន្ធមិត្ត​ជួយ​ផង​ដែរ។ រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​នឹង​ចិន ពិត​ណាស់​នឹង​ជួយ​ចិន ហើយ​កូរ៉េខាងជើង បាន​សច្ចា​រួច​ហើយ​ថា បើ​ចិន​ផ្ទុះ​សង្គ្រាម​ជាមួយ​ប្រទេស​ណា​ក៏ដោយ គឺ​ក្រុង​ព្យុងយ៉ាង នឹង​បញ្ជូន​ទ័ព​អន្តរាគមន៍ ដែល​ពិត​ណាស់​វា​នឹង​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​៣។

ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ងាយ​ផ្ទុះ​សង្គ្រាម គឺ​ទី​១ ករណី​ចិន លើក​ទ័ព​វាយ​កាន់កាប់​កោះ​តៃវ៉ាន់ ដែល​ក្រុង​ប៉េកាំង ចាត់ទុក​ជា​ដែន​កោះ​របស់​ខ្លួន។ ទី​២ ករណី​ជម្លោះ​ដែនទឹក​ត្រួត​ស៊ី​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង រវាង​ហ្វីលីពីន និង​ចិន។ ទី​៣ ករណី​ជម្លោះ​ដែនទឹក​ត្រួត​ស៊ី​គ្នា​នៅ​សមុទ្រ​ចិន​ខាងកើត រវាង​ចិន និង​ជប៉ុន ដែល​ចិន កំពុង​គាបសង្កត់​ឱ្យ​ជប៉ុន ប្រគល់​ប្រជុំ​កោះ​សេនកាគូ ទៅ​ឱ្យ​ចិន វិញ និង​ទី​៤ ស្ថានការណ៍​យោធា​ដែល​កំពុង​តានតឹង​ខ្លាំង​នៅ​លើ​ជ្រោយ​ឧបទ្វីប​កូរ៉េ រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ដែល​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​ក្រុង​សេអ៊ូល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស