29 C
Phnom Penh

សង្គម​ស៊ីវិល៖ កម្ពុជា​ត្រូវតែ​ធានា​ឱ្យ​បាន​នូវ​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​អភិបាលកិច្ច​សង្គម​ដើម្បី​សេដ្ឋកិច្ច​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស មាន​សារសំខាន់​ណាស់​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​របស់​កម្ពុជា ប៉ុន្តែ​កម្ពុជា​ត្រូវតែ​ធានា​ឱ្យ​បាន​នូវ​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​អភិបាលកិច្ច​សង្គម។

ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ កក្កដា នេះ​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កន្លង​ទៅ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស មាន​ទំហំ​ទឹកប្រាក់​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ (៨៧២​លាន​ដុល្លារ) ខណៈ​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ជាច្រើន​ផ្សេង​ទៀត ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ចាំបាច់​របស់​កម្ពុជា​ដែរ។

លោក ឃុន ថារ៉ូ អះអាង​ថា កម្ពុជា​បាន​នាំចេញ​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក (៧៩៦​លាន​ដុល្លារ) ទៅ​កាន់​ទីផ្សារ​ចក្រភព​អង់គ្លេស ដែល​ភាគច្រើន​គឺជា​សម្លៀកបំពាក់ និង​ស្បែកជើង ប៉ុន្តែ​កម្ពុជា​នាំចូល​ទំនិញ​ពី​ចក្រភព​អង់គ្លេស ត្រឡប់​មក​វិញ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៧៦​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក​ក៏​ជា​ប្រទេស​ស្ថិត​ក្នុង​លំដាប់​លេខ​១ នៃ​ការ​នាំចេញ​របស់​កម្ពុជា​ដែរ ដែល​ភាគច្រើន​គឺជា​ផលិតផល​សម្លៀកបំពាក់ ផលិតផល​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ ដែល​ស្មើ​នឹង ៣៦% នៃ​ការ​នាំចេញ​សរុប​របស់​កម្ពុជា គិត​ជា​ទឹកប្រាក់​សរុប ៤,៤​ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​រយៈពេល ៦​ខែ​ចុងក្រោយ​ក្នុង​ឆ្នាំ​២០២៤ នេះ។

លោក ឃុន ថារ៉ូ គូស​បញ្ជាក់​ថា សព្វថ្ងៃ​នេះ​ទីផ្សារ​នាំចេញ​ធំ​ជាងគេ​របស់​កម្ពុជា​នៅ​ប៉ែក​ខាង​អឺរ៉ុប​មាន​ដូចជា ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ផង​ដែរ ប៉ុន្តែ​កត្តា​សំខាន់​ដែល​ពួកគេ​ចង់​ឃើញ គឺ​ការ​ធានា​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​កម្មករ សិទ្ធិ​សហជីព និង​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ឯកអគ្គរាជទូត​របស់​ចក្រភព​អង់គ្លេស លោក Dominic Williams ជួប​ពិភាក្សា​ជាមួយ​អង្គការ​សង់ត្រាល់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ កក្កដា នេះ។

កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៤ ឯកអគ្គរាជទូត​របស់​ចក្រភព​អង់គ្លេស លោក Dominic Williams បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក​បាន​ជួប​មន្ត្រី​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ នៅ​ការិយាល័យ​របស់​ពួកគេ ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​លោក​ចំពោះ​ការងារ​របស់​អង្គការ​សង់ត្រាល់ ក្នុង​ការ​ត្រួតពិនិត្យ និង​លើក​កម្ពស់​សិទ្ធិ​កម្មករ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក Dominic Williams បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​ដូចជា​សង់ត្រាល់ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​ឲ្យ​មាន​មតិ និង​ការ​យល់​ឃើញ​ប្រកប​ដោយ​ភាព​ចម្រុះ ដែល​នាំ​ទៅ​រក​ការ​សម្រេច​ចិត្ត​កាន់តែ​ប្រសើរ ហើយ​លោក​សង្ឃឹម​ថា សង់ត្រាល់​នឹង​អាច​បន្ត​ដើរតួ​យ៉ាង​សំខាន់​នេះ​ក្នុង​ការ​ពិភាក្សា​ជា​សាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អំពី​បញ្ហា​ពលកម្ម។

ទាក់ទិន​នឹង​បញ្ហា​នេះ ឯកអគ្គរាជទូត​របស់​ចក្រភព​អង់គ្លេស លោក Dominic Williams និង​ប្រតិភូ​ទទួល​បន្ទុក​កិច្ចការ​ពាណិជ្ជកម្ម​ចក្រភព​អង់គ្លេស​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក៏​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ផង​ដែរ​កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ។

ជំនួប​នេះ ធ្វើ​ទ្បើង​ចំ​ពេល​ដែល​អង្គការ​សង់ត្រាល់ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​សវនកម្ម​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ ទៅ​តាម​សំណើ​របស់​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤ តាម​បណ្តឹង​របស់​សហជីព​ដែល​មាន​និន្នាការ​ខាង​រដ្ឋាភិបាល។

ជុំវិញ​បញ្ហា​នេះ សមាគម​កាត់ដេរ និង​ស្បែកជើង​អាមេរិក AAFA និង​សមាគម​ការងារ​យុត្តិធម៌ FLA បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២៤ ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និមល ផង​ដែរ ឱ្យ​លុប​ចោល​នូវ​ការ​ធ្វើ​សវនកម្ម​ជាតិ​លើ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស “សង់ត្រាល់” ជាបន្ទាន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស