ប្រធានសមាគមខ្មែរ និងតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ ប្រកាសធ្វើបុណ្យផ្កាប្រាក់ប្រមូលថវិកាជួយទ្រទ្រង់សកម្មជនចលនាមាតាធម្មជាតិ និងក្រុមគ្រួសាររបស់ពួកគេដែលកំពុងរងគ្រោះពីការចាប់ឃុំខ្លួនរបស់រដ្ឋាភិបាលកម្ពុជាទាំងអយុត្តិធម៌នៅពេលនេះ។
ប្រធានសមាគមខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា លោក ជា យូហ៊ន រួមជាមួយប្រធានក្រុមអ្នកតស៊ូមតិកម្ពុជាលោក ហុង លីម និងតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរលោក តាក់ ម៉េងហ៊ាង បានចេញវីដេអូរួមគ្នាលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៨ ខែកក្កដា ដោយអំពាវនាវឱ្យពលរដ្ឋខ្មែរចូលរួមកម្មវិធីបុណ្យផ្កាប្រាក់ឱ្យបានអធិកអធម ដើម្បីបង្ហាញឱ្យឃើញថា ពលរដ្ឋខ្មែរនៅជុំវិញពិភពលោកមិនបានបោះបង់សកម្មជនបរិស្ថានទាំងនោះចោលឡើយ។
អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា និងជាប្រធានក្រុមអ្នកតស៊ូមតិកម្ពុជាលោក ហុង លីម លើកឡើងថា ការប្រារព្ធពិធីបុណ្យផ្កាប្រាក់នេះ ក៏ដើម្បីបង្ហាញពីការជំទាស់ទៅនឹងវិធានការរបស់រដ្ឋាភិបាលដែលចាប់ខ្លួនសកម្មជនបរិស្ថានយ៉ាងដាច់អហង្ការដែរ ព្រោះវិធានការនេះបានរំលោភលើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរ។
ចំណែកតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង លើកឡើងថា ក្នុងនាមលោកជាពលរដ្ឋខ្មែរមួយរូប ត្រូវតែមានកាតព្វកិច្ចពីកំណើតក្នុងការធ្វើកិច្ចការដើម្បីប្រទេសជាតិ បើទោះបីជាលោករស់នៅឆ្ងាយពីមាតុភូមិក៏ដោយ។
លោក តាក់ ម៉េងហ៊ាង បញ្ជាក់ថា ការប្រារព្ធពិធីបុណ្យនេះក៏ជាបង្ហាញឱ្យឃើញថា បើទោះបីជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសមិនបានចូលរួមការពារទឹកដី និងសម្បត្តិធម្មជាតិខ្មែរដោយផ្ទាល់ក៏ដោយ ក៏ពួកគេនៅតែអាចធ្វើកិច្ចការនេះដោយប្រយោលតាមរយៈនៃការជួយទ្រទ្រង់ដល់យុវជនដែលហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីទឹកដី និងផលប្រយោជន៍ជាតិរបស់ខ្លួនដែរ។
ដោយឡែកប្រធានសមាគមខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា លោក ជា យូហ៊ន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរស្នេហាជាតិទាំងអស់ ចូលរួមជួយផ្តល់វិភាគទានជាថវិកាក្នុងកម្មវិធីបុណ្យនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជាការរួមចំណែកជួយទ្រទ្រង់ទៅដល់សកម្មជនចលនាមាតាធម្មជាតិដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួនយ៉ាងព្រៃផ្សៃ និងត្រូវដាក់គុករហូតដល់ ៨ឆ្នាំទៅថ្ងៃមុខ។
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្ម បានចេញលិខិតមួយស្ដីពីការប្រារព្ធពិធីបុណ្យផ្កាប្រាក់ទ្រទ្រង់សកម្មជនចលនាមាតាធម្មជាតិ ថា ពិធីបុណ្យនេះធ្វើឡើងដើម្បីទ្រទ្រង់សកម្មជនមាតាធម្មជាតិដែលកំពុងរងគ្រោះដោយអំពើជិះជាន់រំលោភសិទ្ធិមនុស្សនៃរបបផ្ដាច់ការភ្នំពេញសព្វថ្ងៃនេះ ទាំងសកម្មជនរងគ្រោះនៅក្នុងគុក និងសកម្មជនរងគ្រោះនៅក្រៅគុក។
លិខិតដដែលបញ្ជាក់ថា កម្មវិធីបុណ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការសមាគមខ្មែរវិចតូរីយ៉ា ខណៈកម្មវិធីបុណ្យមានដូចតទៅ ម៉ោង ៩:០០នាទីព្រឹក ជួបជុំភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម ម៉ោង ១០:០០នាទីព្រឹក កម្មវិធីរាប់បាត្រ វេរភត្ត និងបង្សុកូល។ នៅម៉ោង ១១:០០នាទីព្រឹក ព្រះសង្ឃទទួលភត្ត ក្នុងនោះក៏មានកម្មវិធីថ្លែងសន្ទរកថាសំខាន់ៗរបស់ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមផងដែរ រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ទើបបញ្ចប់កម្មវិធីបុណ្យនេះ។
សហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្ម អំពាវនាវឱ្យអង្គការខ្មែរ និងពលរដ្ឋនៅជុំវិញពិភពលោក ចូលរួមក្នុងពិធីបុណ្យនេះឱ្យបានសស្រាក់សស្រាំ ព្រោះក្នុងនាមជាជនជាតិខ្មែរទាំងអស់ ទោះបីរស់នៅទីណា កន្លែងណា ជាពិសេសពលរដ្ឋខ្មែរនៅបរទេស មានតួនាទីសំខាន់បំផុតក្នុងការផ្តល់ស្បៀងផ្គត់ផ្គង់ចំពោះការតស៊ូរបស់សកម្មជនដែលបានធ្វើពលិកម្មដ៏ខ្ពស់នេះ។
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ ១០នាក់ ពីបទ រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ក្នុងម្នាក់ៗចាប់ពី ៦ឆ្នាំដល់ ៨ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារតាមបណ្ដាខេត្តផ្សេងៗគ្នា។
ក្នុងនោះ លោក យីម លាងហ៊ី ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ លោក លី ចាន់ដារ៉ាវុត ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល លោក ថុន រដ្ឋា ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំ កញ្ញា ភួន កែវរស្មី ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ចំណែកកញ្ញា ឡុង គន្ធា ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ៕