28.8 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​អះអាង​ថា​ការ​បញ្ជូន​ឧក្រិដ្ឋជន ចេន ហ្ស៊ី ទៅ​ឱ្យ​ចិន ដោយ​តក់ក្រហល់​គឺ​រំលោភ​បំពាន​ច្បាប់​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​ពី​ក្រុម​ទ្រទ្រង់​សាធារណប្រយោជន៍​កម្ពុជា (Cambodian Advocacy Team=CAT) ចាត់ទុក​ការ​ចាប់​បញ្ជូន​ខ្លួន​អតីត​អ្នកឧកញ៉ា ចេន ហ្ស៊ី (Vincent Chen Zhi) ទៅ​កាន់​ប្រទេស​ចិន ដោយ​គ្មាន​ដំណើរការ​សវនាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​ការ​រំលោភ​បំពាន​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​ចេតនា​លុបបំបាត់ និង​មិន​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ពី​ឧក្រិដ្ឋជន​រូប​នេះ​ដែរ។

CAT បាន​ធ្វើ​បទវិភាគ​មួយ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៣ មករា នេះ​ថា ការ​ធ្វើ​ដូច្នេះ គឺជា​ចេតនា​លុបបំបាត់​ព័ស្តុតាង​ដែល​ឧក្រិដ្ឋជន​រូប​នេះ​ធ្លាប់​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​កន្លង​មក ដែល​ពាក់ព័ន្ធ​បទល្មើស​លាង​ប្រាក់​កខ្វក់ និង​ការ​បោកប្រាស់​តាម​អនឡាញ រួម​ទាំង​ការ​ធ្វើ​ទារុណកម្ម​លើ​ជនរងគ្រោះ​នានា​ជាដើម។

ប្រភព​ដដែល​លើកឡើង​ថា បទល្មើស​ឧក្រិដ្ឋ​ជាច្រើន​ដែល​ត្រូវ​បាន​ចោទ​ភ្ជាប់​នឹង​លោក ចេន ហ្ស៊ី កន្លង​មក ដូចជា​អំពើ​ជួញដូរ​មនុស្ស អំពើ​ឆបោក និង​ការ​សម្អាត​ប្រាក់​ជាដើម បាន​ធ្វើ​ឱ្យ​ខូច​មុខមាត់​ប្រទេស​កម្ពុជា យ៉ាង​ធ្ងន់ធ្ងរ និង​ជាតិ​សាសន៍​ខ្មែរ​ទាំងមូល​ផង​ដែរ ដូច្នេះ​ការ​បើក​ការ​ស៊ើបអង្កេត និង​ដំណើរការ​សវនាការ​ក្នុង​តុលាការ​ខ្មែរ​លើ​ឧក្រិដ្ឋជន​រូប​នេះ គឺជា​ការ​ស្ដារ​មុខមាត់​ប្រទេស​កម្ពុជា ឡើងវិញ​យ៉ាង​ពិតប្រាកដ។

ប្រភព​ដដែល​គូស​បញ្ជាក់​ថា ប្រទេស​កម្ពុជា មាន​ច្បាប់​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​សម្អាត​ប្រាក់ អំពើ​ជួញដូរ​មនុស្ស និង​ការ​បោកប្រាស់​តាម​អនឡាញ​ជាដើម ប៉ុន្តែ​បែរជា​មិន​អនុវត្ត​ច្បាប់​ទាំងនេះ​លើ​លោក ចេន ហ្ស៊ី ទៅវិញ ដែល​ករណី​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​អំពើ​និទ្ទណ្ឌភាព​ជា​ប្រព័ន្ធ​នៅ​ប្រទេស​កម្ពុជា ចំពោះ​ភ្នែក​អន្តរជាតិ​កាន់តែ​ច្បាស់​ថែមទៀត។

យ៉ាងណាមិញ តាម​ការ​វិភាគ​ខ្លះ ការ​បញ្ជូន​ជន​ទុច្ចរិត ចេន ហ្ស៊ី ឲ្យ​ទៅ​ក្រុង​ប៉េកាំង មកពី​រាជរដ្ឋាភិបាល​មិន​ហ៊ាន​ជំទាស់​មហាមិត្ត​មាន​គុណ​ចិន ព្រោះ​ជា​ជន​គេច​ពី​ច្បាប់​ចិន។ ម្យ៉ាង​ទៀត បើ​វិនិច្ឆ័យ​ទោស​នៅ​ស្រុក​ខ្មែរ វា​អាច​នឹង​ជាប់​ជំពាក់​វាក់​វ័ណ្ឌ​នឹង​មន្ត្រី​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​នៃ​បក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ ការ​បញ្ជូន​ឲ្យ​ចិន នឹង​រួច​ផុត​ដៃ​ខ្មែរ ហើយ​មិន​បាច់​ចំណាយ​ធនធាន​ស៊ើបអង្កេត ប្រមូល​ព័ស្តុតាង ហើយ​ក៏​មិន​រំពឹង​ថា​នឹង​បាន​យុត្តិធម៌​ត្រឹមត្រូវ​ដែរ។

កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៦ ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ផ្អែក​តាម​សំណើ​អាជ្ញាធរ​ចិន សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ចិន ៣​នាក់ រួម​មាន​ឈ្មោះ ចេន ហ្ស៊ី (Chen Zhi) ឈ្មោះ ស៊ូ ជី លាង (Xu Ji Liang) និង​ឈ្មោះ សៅ ជី ហួយ (Shao Ji Hui) ដើម្បី​បញ្ជូន​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន វិញ ក្រោម​ការ​សហការ​រវាង​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​ពីរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ដើម​ឆ្នាំ​២០២៤ របាយការណ៍​ស៊ើបអង្កេត​អាជ្ញាធរ​ចិន បាន​បង្ហាញ​ថា លោក ចេន ហ្ស៊ី (Chen Zhi) គឺជា​ប្រធាន​សម្ពន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៥ រកស៊ី​ខាង​វិស័យ​អចលនទ្រព្យ ផ្សារ​ទំនើប ធនាគារ និង​វិស័យ​ជាច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​អាច​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយៗ​ឆ្នាំ។ បន្ថែម​ពី​លើ​អាជីព​ជា​អ្នក​វិនិយោគ លោក ចេន ហ្ស៊ី (Chen Zhi) ក៏​ត្រូវ​បាន​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់ខ្លួន​ផង​ដែរ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២៥ សភា​អាមេរិក បាន​ចេញ​សេចក្តី​ព្រាង​ច្បាប់​លេខ H.R 5490 ក្នុង​គោលបំណង​ដាក់​ប្រទេស​កម្ពុជា ក្នុង​បញ្ជីខ្មៅ និង​ស្នើ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ និង​ឧកញ៉ា​ខ្មែរ​មួយ​ចំនួន រួម​ទាំង​ក្រុមហ៊ុន​ខ្មែរ​សហការ​ជាមួយ​ចិន ជាច្រើន ដែល​ក្នុង​នោះ​ក៏​មាន​លោក ចេន ហ្ស៊ី ដែរ។

ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ បាន​កំណត់​មុខសញ្ញា​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា និង​ឧកញ៉ា​ខ្មែរ​មួយ​ចំនួន ដូចជា លោក នេត សារឿន ឧកញ៉ា ហ៊ុន តូ ឧកញ៉ា កុក អាន លោក ចេន ហ្ស៊ី លោក ឌី វិជ្ជា លោក គួច ចំរើន មេ​ឧក្រិដ្ឋជន​ឈ្មោះ យ៉ាន ណារ៉ុង លោក យឹម ល័ក្ខ និង​មនុស្ស​ជាង ៣០​នាក់​ផ្សេង​ទៀត ដែល​ភាគច្រើន​ជា​ឧក្រិដ្ឋជន​ជនជាតិ​ចិន។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ វិទ្យាស្ថាន​ស្រាវជ្រាវ​នៅ​សហរដ្ឋ​អាមេរិក (Humanity Research Consultancy) បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៥ ថា ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ឆបោក​សកល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន ពេញ​ប្រទេស៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស