36.8 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​អូស្ត្រាលី សង្ស័យ​ការ​បញ្ជូន​លោក ចេន ហ្ស៊ី ទៅ​ចិន ថា​បិទបាំង​ការ​ស៊ើបអង្កេត​របស់​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី ដាក់​ការ​សង្ស័យ​លើ​ករណី​បញ្ជូន​ខ្លួន​លោក ចេន ហ្ស៊ី ដោយ​មិន​ឆ្លង​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា ថា​ជា​ការ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​នយោបាយ និង​សេដ្ឋកិច្ច​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​ចិន ដែល​ផ្តល់​បុព្វសិទ្ធិ​ពិសេស​ដល់​ជនជាតិ​ចិន នៅ​កម្ពុជា។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) បាន​ចេញ​លិខិត​វិភាគ​មួយ​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា ការ​បញ្ជូន​លោក ចេន ហ្ស៊ី (Chen Zhi) ចេញពី​ប្រទេស​កម្ពុជា ដោយ​បង្ខំ និង​ប្រញាប់ប្រញាល់​ដោយ​មិន​ឆ្លង​នីតិវិធី​ច្បាប់​របស់​កម្ពុជា គឺជា​វិធី​តែ​មួយ​គត់​ដើម្បី​បិទបាំង​ការ​ស៊ើបអង្កេត​របស់​តុលាការ ដែល​អាច​នឹង​នាំ​ឱ្យ​រក​ការពិត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុង​សំណុំរឿង​នោះ។

ប្រភព​ខាងលើ លើកឡើង​ថា លោក ចេន ហ្ស៊ី មាន​ឋានៈ​ខ្ពស់​ស្មើ​រដ្ឋមន្ត្រី មាន​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​យ៉ាង​ទូលំទូលាយ ដូចជា ការ​ផ្តល់​អាហារូបករណ៍ និង​ការ​ដឹកនាំ​ធនាគារ ព្រីនស៍ ជាដើម ដែល​បង្ហាញ​ថា​ទំនាក់ទំនង​របស់​លោក​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា គឺជា​ទំនាក់ទំនង​ពិសេស និង​អាថ៌កំបាំង។

ប្រភព​ដដែល​ថា តាមរយៈ​តួនាទី ទំនាក់ទំនង និង​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​យ៉ាង​ទូលំទូលាយ​នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា លោក ចេន ហ្ស៊ី គឺជា​ភ្នាក់ងារ​បរទេស​ដែល​ដើរតួ​ជា​ស្ពាន​ចម្លង​ប្រភព​ទុន​ពី​ប្រទេស​ចិន មក​កម្ពុជា តាមរយៈ​ថ្នាក់ដឹកនាំ​បក្ស​កាន់​អំណាច ហើយ​ក៏​អាច​ជា​ភ្នាក់ងារ​តំណាង​ក្នុង​កិច្ចព្រមព្រៀង​អនុញ្ញាត​ឱ្យ​ជនជាតិ​ចិន មក​រស់នៅ​កម្ពុជា ផង​ដែរ។

ជាក់ស្តែង សេចក្តី​បំភ្លឺ​របស់​ក្រសួង​ការបរទេស​កម្ពុជា ស្ដីពី​ការ​បញ្ជូន​ខ្លួន​លោក ចេន ហ្ស៊ី ទៅ​ប្រទេស​ចិន បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ ដែល​បង្ហាញ​ពី​ការ​ឱ្យ​តម្លៃ​លើ​កិច្ចសន្យា​ជាមួយ​បរទេស​របស់​រដ្ឋាភិបាល​កម្ពុជា ធំ​ជាង​ការ​អនុវត្ត​ច្បាប់​កំពូល​របស់​ខ្លួន ព្រោះ​រដ្ឋធម្មនុញ្ញ​ចែង​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវច្បាប់ ដរាបណា​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ ជន​នោះ​នៅតែ​ជា​ជន​ឥត​ទោស​នៅឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា ផ្អែក​តាម​លទ្ធផល​នៃ​ការ​វិភាគ​នេះ បង្ហាញ​ថា ការ​បញ្ជូន​ខ្លួន​លោក ចេន ហ្ស៊ី ទៅ​ប្រទេស​ចិន ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា គឺជា​ការ​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ រួម​ទាំង​ច្បាប់​របស់​ប្រទេស​កម្ពុជា ទាំងស្រុង ដែល​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​អាថ៌កំបាំង​ជាច្រើន​ទៀត​ដែល​រដ្ឋាភិបាល​ព្យាយាម​លាក់បាំង​ក្នុង​សំណុំរឿង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​លោក ចេន ហ្ស៊ី នោះ។

កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៦ ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ផ្អែក​តាម​សំណើ​របស់​អាជ្ញាធរ​ចិន សមត្ថកិច្ច​កម្ពុជា បាន​ចាប់​ខ្លួន​ពលរដ្ឋ​ចិន ៣​នាក់ រួម​មាន ឈ្មោះ ចេន ហ្ស៊ី (Chen Zhi) ឈ្មោះ ស៊ូ ជី លាំង (Xu Ji Liang) និង​ឈ្មោះ សៅ ជី ហួយ (Shao Ji Hui) ដើម្បី​បញ្ជូន​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន វិញ ក្រោម​ការ​សហការ​រវាង​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​ពីរ។

ក្រោយ​ការ​ចាប់​បញ្ជូន​ខ្លួន​លោក ចេន ហ្ស៊ី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ Reuters កាលពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៦ ថា ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ជនជាតិ​ចិន លោក ចេន ហ្ស៊ី គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​ការ​ប្ដេជ្ញាចិត្ត​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​កម្ពុជា ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)។

លោក​ថា ពិត​មែន​តែ​លោក ចេន ហ្ស៊ី មាន​សញ្ជាតិ​កម្ពុជា ប៉ុន្តែ​ពេល​ដែល​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត ទើប​រក​ឃើញ​ថា​សញ្ជាតិ​របស់​គាត់​មិន​ទទួល​បាន​ដោយ​ស្រប​ច្បាប់​ឡើយ។

យ៉ាងណាក៏ដោយ កាលពី​ឆ្នាំ​២០១៤ លោក ចេន ហ្ស៊ី ទទួល​បាន​សញ្ជាតិ​ខ្មែរ និង​ឆ្នាំ​២០១៦ ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា រហូត​ដល់​ឆ្នាំ​២០២៤ ក៏​ទទួល​បាន​តំណែង​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន ថែមទៀត ហើយ​រាល់​ការ​ទទួល​បាន​ទាំងនេះ គឺ​ដោយសារ​មាន​ការ​ទូល​ថ្វាយ​របស់​លោក ហ៊ុន សែន ទៅ​កាន់​ព្រះមហាក្សត្រ​ទាំងអស់៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស