31 C
Phnom Penh

កម្ពុជា​ធ្លាក់​ក្បែរ​បាត​តារាង​ជាមួយ​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ខាង​គាបសង្កត់​សេរីភាព​នយោបាយ​របស់​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ឆ្នាំ​២០២៤ នេះ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៨ ក្នុង​ចំណោម​ប្រទេស​ទាំង​១១ ក្នុង​តំបន់​អាស៊ាន ជា​ប្រទេស​ល្បីល្បាញ​ខាង​ការ​គាបសង្កត់​សេរីភាព​នយោបាយ សេរីភាព​បញ្ចេញមតិ សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​២១ កក្កដា នេះ​ថា ក្នុង​ប្រទេស​អាស៊ាន​ទាំង​១១ ពិន្ទុ​ខាង​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល កម្ពុជា​បាន​ដាំ​ក្បាល​ចុះ​ទៅ​នៅ​ក្បែរ​នឹង​ក្រុម​ប្រទេស​ដែល​ល្បី​ខាង​ការ​ដឹកនាំ​ផ្ដាច់ការ​ទៅវិញ។

លោក មួង ណារ៉េត លើកឡើង​ថា ក្នុង​នាម​ជា​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ កម្ពុជា​គ្មាន​ចំណាត់ថ្នាក់​ល្អ​ដាក់​នឹង​គេ​ទាល់តែសោះ ព្រោះ​កម្ពុជា​បាន​រំកិល​ខ្លួន​ទៅ​នៅ​ក្បែរ​ប្រទេស​ប្រកាន់​របប​កុម្មុយនីស្ត​ផ្ដាច់ការ​ជា​បន្តបន្ទាប់ ស្រប​ពេល​ដែល​ប្រទេស​ខ្លះ​ដែល​មិន​ប្រកាន់​របប​ប្រជាធិបតេយ្យ​ផង​នោះ ក៏​នៅតែ​មាន​ពិន្ទុ​លើ​ប្រទេស​កម្ពុជា​ដែរ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​របាយការណ៍​មួយ​បាន​ចេញ​ផ្សាយ​អំពី​ការ​ដាក់​ពិន្ទុ​លើ​សេរីភាព​នយោបាយ​លើ​ក្រុម​ប្រទេស​ក្នុង​តំបន់​អាស៊ាន កាលពី​ចុង​សប្តាហ៍​នេះ។

អង្គការ Freedom House បាន​ចេញ​ផ្សាយ​ពី​សេរីភាព​នយោបាយ សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ជាង ២០០​ប្រទេស (២១០​ប្រទេស) រួម​ទាំង​ប្រទេស​ចំនួន​១១ ដែល​ជា​សមាជិក​អាស៊ាន កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ។

របាយការណ៍​ដដែល​នេះ​បង្ហាញ​ថា ក្នុង​ចំណោម​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ទាំង​១១ គឺ​ប្រទេស​ទីម័រឡេស មាន​លំហ​សេរីភាព​ខ្ពស់​ជាងគេ គឺ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ខណៈ​ប្រទេស​ហ្វីលីពីន ជាប់​លេខ​២ ប្រទេស​ឥណ្ឌូនេស៊ី ជាប់​លេខ​៣ ចំណែក​ប្រទេស​ម៉ាឡេស៊ី ជាប់​លេខ​៤។ ដោយឡែក​ប្រទេស​សិង្ហបុរី ជាប់​លេខ​៥ ថៃ ជាប់​លេខ​៦ ប្រ៊ុយណេ ជាប់​លេខ​៧ កម្ពុជា​ជាប់​លេខ​៨ លើ​វៀតណាម ដែល​ជាប់​លេខ​៩ ឡាវ ជាប់​លេខ​១០ ហើយ​ភូមា ធ្លាក់​ទៅ​នៅ​បាត​តារាង។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​គណនា​ពិន្ទុ​សេរីភាព​ត្រូវ​បាន​ធ្វើឡើង​ដោយ​កំណត់​សន្ទស្សន៍​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​ក្នុង​ប្រទេស ឬ​តំបន់​សម្រាប់​ឆ្នាំ​២០២៤ នេះ ក្នុង​នោះ​ប្រទេស​ទីម័រឡេស ក្លាយ​ជា​ប្រទេស​ដែល​មាន​សេរីភាព​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ជាមួយ​នឹង​ពិន្ទុ​សន្ទស្សន៍​សេរីភាព​ឈាន​ដល់ ៧០​ពិន្ទុ​ក្នុង​ចំណោម​ពិន្ទុ​សរុប​ចំនួន​១០០។

អង្គការ Freedom House បាន​ចេញ​របាយការណ៍​វាយតម្លៃ​លើ​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​ក្នុង​ប្រទេស និង​ដែនដី​ចំនួន​២១០ កាលពី​ពេល​ថ្មីៗ​នេះ ដោយ​ដាក់​ចំណងជើង​ថា «សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០២៤» ក្នុង​នោះ កម្ពុជា​ជាប់​ប្រទេស​មិន​សេរី ឬ Not Free ដែល​គេ​រក​ឃើញ​ថា មាន​ការ​គាបសង្កត់​លើ​ក្រុម​អ្នក​នយោបាយ​ជំទាស់ និង​មាន​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជាដើម។

អង្គការ Freedom House បាន​ផ្តល់​ពិន្ទុ​សម្រាប់​កម្ពុជា​តែ ៤​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពិន្ទុ​ខ្ពស់​បំផុត ៤០ សម្រាប់​ការ​ចាត់​ថ្នាក់​លើ​កម្រិត​សិទ្ធិ​នយោបាយ ចំណែក​សេរីភាព​សិទ្ធិ​ស៊ីវិល កម្ពុជា​ទទួល​បាន​តែ ១៩ ក្នុង​ចំណោម​ពិន្ទុ​ខ្ពស់​បំផុត ៦០។

សរុប​ជា​រួម ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ​សរុប​ត្រឹមតែ ២៣​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ចំណោម​ពិន្ទុ​ខ្ពស់​បំផុត ១០០ ដែល​បញ្ជាក់​ថា​ប្រទេស​នេះ​ជា​ប្រទេស​មាន​ការ​គាបសង្កត់​សេរីភាព​ខាង​នយោបាយ និង​សេរីភាព​ខាង​ការ​បញ្ចេញមតិ​ធ្ងន់ធ្ងរ។

ជុំវិញ​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ជា​ប្រទេស​ផ្ដាច់ការ​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្ដាច់ការ​ចំនួន ៥ ផ្សេង​ទៀត ដូចជា ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស