30 C
Phnom Penh

ផ្ទាំង​ប៉ាណូ​ភាសា​ចិន​ដាក់​លក់​សញ្ជាតិ​ខ្មែរ​ជា​សាធារណៈ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កំពុង​បង្ក​ការ​ភ្ញាក់ផ្អើល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សញ្ជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​ប្រកាស​ដាក់​លក់​លើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ភាសា​ចិន ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កំពុង​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាជន​ថៃ និង​ភ្ញៀវ​ទេសចរ។

ការ​ប្រកាស​ដាក់​លក់​នេះ ធ្វើឡើង​ក្រោម​កិច្ចសន្យា​រយៈពេល​ត្រឹមតែ ៣០​ថ្ងៃ នឹង​ផ្តល់​ឯកជនភាព​សម្រាប់​ព័ត៌មាន​ផ្ទាល់ខ្លួន ខណៈ​តម្លៃ​សេវា​តម្រូវ​ឱ្យ​បង់​តាម​ក្រោយ បន្ទាប់ពី​ទទួល​បាន​សញ្ជាតិ​ថ្មី​រួចរាល់។

កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) របស់​ថៃ បាន​ចុះផ្សាយ​អត្ថបទ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​ផ្ទាំង​ប៉ាណូ​ជា​ភាសា​ចិន​ធំៗ​ក្នុង​ការ​ផ្តល់​សេវា​ធ្វើ​លិខិត​ឆ្លងដែន និង​សញ្ជាតិ​រហ័ស​សម្រាប់​ជនភៀសខ្លួន ដូចជា លិខិត​ឆ្លងដែន និង​សញ្ជាតិ​ឥណ្ឌូនេស៊ី កម្ពុជា តួកគី និង​វ៉ានូអាទូ ត្រូវ​បាន​អាជ្ញាធរ​ថៃ ទម្លាក់​វិញ​ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​ដាក់​តាំង​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​អាទិត្យ។

អាជ្ញាធរ​ថៃ អះអាង​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ចិន នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ហូរ​ចូល​ភ្ញៀវ​ដែល​មាន​បំណង​ជៀសវាង​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ជាពិសេស​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ឧក្រិដ្ឋកម្ម ដូចជា ការ​ក្លែង​បន្លំ​ឯកសារ និង​ការ​បោកប្រាស់​ផ្សេងៗ ជាដើម។

អាជ្ញាធរ​ថៃ ដដែល​នេះ សង្ស័យ​ថា ការ​ផ្តល់​សេវា​នេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ឯកសារ ឬ​ការ​ក្លែង​បន្លំ​ផ្សេង​ទៀត​ដែល​ពួកគេ​មាន​បំណង​បោកប្រាស់​ទ្រព្យសម្បត្តិ​របស់​ភ្ញៀវ​ដែល​ស្វែងរក​សញ្ជាតិ​ថ្មី។

ប្រភព​ដដែល​បញ្ជាក់​ថា នៅ​ពេលនេះ សមត្ថកិច្ច​ថៃ ក៏​កំពុង​ស្វែងរក​ដើម្បី​កំណត់​អត្តសញ្ញាណ​របស់​ម្ចាស់​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​នេះ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

ផ្ទាំង​ប៉ាណូ​ដ៏​ចម្រូងចម្រាស​មួយ ត្រូវ​បាន​ដាក់​តាំង​ផ្សាយ​ពាណិជ្ជកម្ម​ផ្តល់​សេវា​លិខិត​ឆ្លងដែន និង​ស្វែងរក​សញ្ជាតិ​ថ្មី​ក្នុង​ទីក្រុង​បាងកក ដែល​សម្បូរ​ទៅ​ដោយ​ក្រុមហ៊ុន​ចិន។ ផ្ទាំង​ប៉ាណូ​នោះ​បាន​រំលេច​រូបថត​លិខិត​ឆ្លងដែន​របស់​កម្ពុជា ឥណ្ឌូនេស៊ី តួកគី និង​ប្រទេស​វ៉ានូអាទូ លើ​ផ្ទាំង​ប៉ាណូ​ជា​សាធារណៈ ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​ថៃ និង​ភ្ញៀវ​ទេសចរ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ កក្កដា នេះ​ថា ផ្អែក​តាម​ការ​ចុះផ្សាយ​របស់​កាសែត Bangkok Post ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ផ្ទាំង​ប៉ាណូ​ចិន ក្នុង​ការ​លក់​សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យ​ជនបរទេស​បែប​នេះ បង្ហាញ​ថា មិត្ត​ដែកថែប​របស់​រដ្ឋាភិបាល​ខ្មែរ​កំពុង​ធ្វើ​អាជីវកម្ម​លើ​ជាតិ​សាសន៍​ខ្មែរ​យ៉ាង​គឃ្លើន។

លោក គឹម សុខ លើកឡើង​ថា ការ​ផ្សព្វផ្សាយ​ផ្ទាំង​ប៉ាណូ​នេះ គឺ​បង្ហាញ​ពី​ការ​លក់​សញ្ជាតិ​ខ្មែរ​ងាយៗ ថោកៗ និង​ជា​សាធារណៈ ហើយ​ទង្វើ​នេះ គឺ​ស្មើ​នឹង​លក់​ជាតិ​ខ្មែរ​ទាំងមូល​តែម្តង ដែល​មាន​ន័យ​ថា ប្រទេស​កម្ពុជា​កំពុងតែ​ត្រូវ​គេ​ដាក់​លក់​ថោកៗ​ជា​ចំហ​ពី​មិត្ត​ដែកថែប​ដែល​រដ្ឋាភិបាល​កំពុង​សហការ​គ្នា​យ៉ាង​ស្អិតល្មួត​សព្វថ្ងៃ​នេះ។

លោក​ថា ក្រុមហ៊ុន​ចិន​ដែល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះ មិន​ចេះ​តែ​គឃ្លើន​ហ៊ាន​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​លក់​សញ្ជាតិ​ខ្មែរ​បែប​នេះ​ទេ បើ​គ្មាន​សញ្ញា​ណា​មួយ​ពី​មន្ត្រី​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​ដែល​មាន​អំណាច​ថ្នាក់​ក្រោម​យល់ព្រម​នោះ។

លោក គឹម សុខ បន្ថែម​ថា ទម្រាំ​តែ​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​បែប​នេះ ទំនង​ជា​ការ​លក់​សញ្ជាតិ​ខ្មែរ​បែប​នេះ​ត្រូវ​គេ​គប់គិត​គ្នា​រកស៊ី​រាប់​ឆ្នាំ​មក​ហើយ គឺ​តាំងពី​ជំនាន់​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​មក​ម្ល៉េះ។

លោក​ថា កន្លង​មក ក្នុង​របាយការណ៍​ស៊ើបអង្កេត​នានា​ពី​អន្តរជាតិ​អំពី​ជនជាតិ​ចិន​មួយ​ចំនួន​ដែល​មាន​មុខរបរ​មិន​ច្បាស់លាស់​កាន់​ប៉ាសស្ព័រ​ខ្មែរ និង​ក្លាយ​ជា​មន្ត្រី​ធំ​ក្នុង​រដ្ឋាភិបាល​កម្ពុជា​តាំងពី​ជំនាន់​លោក ហ៊ុន សែន រហូត​ដល់​ជំនាន់​លោក ហ៊ុន ម៉ាណែត នា​ពេលនេះ។

អ្នកវិភាគ​រូប​នេះ​សង្ឃឹម​ថា អាជ្ញាធរ​ថៃ អាច​ស៊ើបអង្កេត​រក​ឃើញ​ការពិត និង​បង្ហាញ​ព័ត៌មាន​បច្ចេកទេស​មិន​លាក់លៀម ដែល​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដើម្បី​លាតត្រដាង​អំពើ​បទឧក្រិដ្ឋ​នានា​ដែល​កំពុង​រីក​សុះសាយ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

គេហទំព័រ​អន្តរជាតិ​ឈ្មោះ NUMBEO បាន​ចេញ​ផ្សាយ​ពី​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប្រចាំ​ឆ្នាំ​២០២៤ (Crime index in Southeast Asia – 2024) កាលពី​ថ្ងៃទី​២ ខែ​កក្កដា នេះ​ថា ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​ជា​ប្រទេស​សម្បូរ​ឧក្រិដ្ឋកម្ម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស