ប្រទេសបង់ក្លាដេស នៅថ្ងៃទី២២ ខែកក្កដា នេះ ស្ថិតក្នុងភាពស្ងប់ស្ងាត់បន្តិច ក្រោមបម្រាមគោចរដែលនៅតែចូលជាធរមាននៅរដ្ឋធានីដាកា និងទីក្រុងធំៗរបស់ប្រទេសអាស៊ីខាងត្បូងដ៏ក្រីក្រមួយនេះ។
ភាពស្ងប់ស្ងាត់បន្តិចនេះ ក្រោយពេលតុលាការកំពូលបានចេញដីកាបង្គាប់ឱ្យរដ្ឋាភិបាលទទួលយកដំណោះស្រាយដើម្បីបញ្ចប់កុប្បកម្មរបស់ចលនានិស្សិត និងពលរដ្ឋក្រីក្រ ដែលបានផ្ទុះឡើងជិត ២សប្ដាហ៍មកនេះ។
តុលាការកំពូលប្រទេសបង់ក្លាដេស កាលល្ងាចថ្ងៃអាទិត្យ ទី២១ ខែកក្កដា បានសម្រេចលុបចោលកូតាភាគច្រើនលើការងាររដ្ឋាភិបាល ដែលជាមូលហេតុបង្កឱ្យមានការតវ៉ាទូទាំងប្រទេសដោយនិស្សិត បណ្ដាលឱ្យមនុស្សយ៉ាងតិចណាស់ ១៤៧នាក់ស្លាប់ក្នុងអំពើហិង្សារវាងបាតុករ និងកម្លាំងប៉ូលិសក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកក្កដា នេះ ក្រុមប្រឹក្សាតុលាការកំពូលបានបង្គាប់ថា ៩៣% នៃការងាររដ្ឋាភិបាលនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ត្រូវតែបើកឱ្យបេក្ខជនទូទៅដែលត្រូវបានជ្រើសរើសដោយផ្អែកលើសមត្ថភាព និងគុណសម្បត្តិរបស់ពួកគេ។ ក្រៅពីនេះ តុលាការកំពូល កំណត់សម្រាប់កូនចៅអ្នកតស៊ូក្នុងសង្គ្រាមឆ្នាំ១៩៧១ និងគ្រួសារជនជាតិដើមភាគតិច។
ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងឆ្លើយតបតាមការទាមទាររបស់បាតុករផងដែរ ហើយជាការរុះរើប្រព័ន្ធកូតាឆ្នាំ២០១៨ របស់រដ្ឋាភិបាល ដោយកំណត់កូតាសរុបនៅ ៥៦% សម្រាប់កូនចៅជំនាន់ក្រោយរបស់ក្រុមអ្នកតស៊ូដើម្បីសេរីភាពក្នុងសម័យសង្គ្រាមឆ្នាំ១៩៧១ ដែលបង់ក្លាដេស ទទួលបានឯករាជ្យពីប៉ាគីស្ថាន។
តែធាតុពិត កូនចៅយុទ្ធជននៃសង្គ្រាមដណ្ដើមឯករាជ្យពីប្រទេសប៉ាគីស្ថាន បែរជាមិនអាចទទួលបានការងារធ្វើពីប្រព័ន្ធកូតានេះទេ ដោយបានធ្លាក់ទៅលើកូនចៅអ្នកនយោបាយដែលស្មោះត្រង់នឹងអ្នកស្រី Sheikh Hasina ហើយភាគច្រើនជាកូនគ្រួសារអ្នកមានលុយ និងមានអំណាច។
យោងតាមដីកាបង្គាប់របស់តុលាការកំពូល មានន័យថា តុលាការនេះបានទម្លាក់ចុះ ៥១ភាគរយដែលពីមុនកំណត់ ៥៦ភាគរយសម្រាប់តែកូនចៅអ្នកតស៊ូក្នុងសង្គ្រាមឆ្នាំ១៩៧១។ កូតាការងាររដ្ឋនេះហើយដែលបង្កឱ្យនិស្សិត និងពលរដ្ឋក្រីក្រផ្ទុះបាតុកម្មភ្លូកទឹកភ្លូកដីប្រឆាំងនឹងរដ្ឋាភិបាលរបស់អ្នកស្រី Sheikh Hasina។
ពួកមន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា ក្រុមនិស្សិតនៅតែបន្តតវ៉ារហូតរដ្ឋាភិបាលលើកបម្រាមគោចរទូទាំងប្រទេស និងបើកទ្វារសាកលវិទ្យាល័យឱ្យនិស្សិតចូលរៀនវិញ។ ជាមួយគ្នានេះ ក្រុមចលនានិស្សិត បានទាមទារឱ្យដោះលែងអ្នកតវ៉ាទាំងអស់ដែលអាជ្ញាធរចាប់ឃុំខ្លួន។
ក្រុមនិស្សិតបានដាក់ការកំណត់ ៤៨ម៉ោងចាប់ពីថ្ងៃទី២២ កក្កដា នេះ គឺត្រូវតែដោះលែងអ្នកតវ៉ា និងលើកបម្រាមគោចរទាំងស្រុង ហើយបើពុំនោះទេ នឹងប្រកាសធ្វើការតវ៉ាទ្រង់ទ្រាយធំម្ដងទៀត។ ពួកគេក៏បានប្រកាសថាមិនទាន់ទទួលយកបានទាំងស្រុងទេនូវដំណោះស្រាយដែលទម្លាក់ពីក្រុមប្រឹក្សាតុលាការកំពូល។ តែនៅខណៈនេះ រថពាសដែក និងរថយន្តយោធានៅតែល្បាតតាមដងវិថីនានា ជាពិសេសនៅខាងមុខសាកលវិទ្យាល័យនៅក្រុងដាកា។
អ្នកស្រី Sheikh Hasina បានឡើងកាន់អំណាច ៣អាណត្តិមកហើយតាំងពីឆ្នាំ២០០៩។ ក្រុមសិទ្ធិមនុស្សបានហៅប្រព័ន្ធដឹកនាំរបស់អ្នកស្រី Sheikh Hasina ថាជារបបផ្ដាច់ការ និងរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។
ក្នុងកណ្ដាប់ដៃរបស់អ្នកស្រី Sheikh Hasina ក្រុមប្រឆាំងត្រូវបានវាយបង្ក្រាប និងចាប់ដាក់គុក។ ការបោះឆ្នោតអាណត្តិទី៤ បក្សប្រឆាំងធំៗបានដកខ្លួនពីការប្រកួត ព្រោះមិនទុកចិត្តស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសក្រីក្រមួយនេះ ដែលស្ថិតនៅក្រោមឥទ្ធិពលរបស់បក្សកាន់អំណាច។
នៅក្នុងការតវ៉ារយៈពេលចុងក្រោយនេះ ចលនានិស្សិតបានទាមទារឱ្យអ្នកស្រី Sheikh Hasina ចុះចេញពីតំណែង ដោយចោទរដ្ឋាភិបាលរបស់អ្នកស្រីថាបានប្រព្រឹត្តអំពើពុករលួយក្នុងការជ្រើសរើសមន្ត្រីចូលបម្រើការងារតាមស្ថាប័នរដ្ឋ និងបង្កើតបក្ខពួក គ្រួសារ វណ្ណៈសង្គម៕