អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ លើកឡើងថា ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដែលបានទៅគោរពសពអតីតមេដឹកនាំវៀតណាម លោក Nguyen Phu Trong គឺជាពិធីការទូតធម្មតាក្នុងនាមជាមិត្ត ប៉ុន្តែកាលណាទៅប្រើឱកាសគោរពសពដើម្បីជជែកការងារជាតិជាមួយអ្នកដឹកនាំវៀតណាម សព្វថ្ងៃ នោះក្លាយជារបៀបប្រតិបត្តិខុសកាលៈទេសៈ និងខុសប្រក្រតី។
លោក គឹម សុខ ប្រាប់ The Cambodia Daily នៅថ្ងៃទី២៥ ខែកក្កដា ថា ពេលវេលាគោរពសពផ្ដោតលើការសម្ដែងសមានទុក្ខចំពោះក្រុមគ្រួសារសព និងប្រទេសជាតិនោះ មិនមែនជាឱកាសដែលអាចទៅនិយាយអំពីកិច្ចសហប្រតិបត្តិនៃគម្រោងធំរវាងប្រទេសជាតិមួយ និងជាតិមួយទៀតនោះទេ ពីព្រោះដើម្បីអាចធ្វើការពិភាក្សាគ្នាអំពីជម្រៅកិច្ចការទំនាក់ទំនងបាន ទាល់តែឆ្លងកាត់ការពិភាក្សា និងរៀបចំគម្រោងច្បាស់លាស់ មិនមែននិយាយការងារទាំងកើតទុក្ខដោយគ្មានការព្រាងទុកឡើយ។
លោកអះអាងថា កាលណាលោក ហ៊ុន សែន អាចប្រើពេលខ្លី និងខុសកាលៈទេសៈ ទៅនិយាយសម្រេចការងារជាតិបាន នោះប្រាកដណាស់ការងារពិភាក្សានោះត្រូវបានភាគីវៀតណាម គូសវាសអស់ទៅហើយ ហើយលោក ហ៊ុន សែន ចាំតែធ្វើជាឧបករណ៍ឆ្លើយយល់ព្រមប៉ុណ្ណោះ។
លោក គឹម សុខ ថាលោក ហ៊ុន សែន អាចប្រើឱកាសនោះផ្ដល់កាដូបែកគ្នាមួយជាមួយអតីតមេដឹកនាំវៀតណាម ដែលទើបតែទទួលមរណភាពនោះ នូវគុណូបការៈដែលបានជួយគ្រួសារហ៊ុនឱ្យកាន់អំណាចនៅប្រទេសកម្ពុជា រហូតមកដល់ពេលនេះ ហើយកាដូនោះទំនងជាការពង្រីកវិសាលភាពតំបន់ត្រីកោណអភិវឌ្ឍន៍ឥណ្ឌូចិនតូច CLV របស់វៀតណាម ឱ្យកាន់តែធំ និងការពន្លឿនគម្រោងនេះឱ្យអនុវត្តជាផ្លូវការឆាប់ ព្រមទាំងការសន្យាធ្វើតាមផែនការរបស់វៀតណាម ក្នុងការធ្វើសមាហរណកម្មជនជាតិវៀតណាម ចូលក្នុងសង្គមកម្ពុជាតជំនាន់។
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានដឹកនាំមន្ត្រីជាន់ខ្ពស់មួយក្រុមទៅគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងឆ្លៀតជួបពិភាក្សាការងារជាមួយប្រធានាធិបតីវៀតណាម លោក តូ ឡឹម។
លោក ហ៊ុន សែន ដែលធ្លាប់ត្រូវបានវៀតណាមលើកបន្តុបឲ្យដឹកនាំប្រទេសកម្ពុជា បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៥ ខែកក្កដា នេះថា លោកគឺជាឥស្សរជនបរទេសទី១ ដែលបានទៅអុជធូបឧទ្ទិសដល់វិញ្ញាណក្ខន្ធសពលោក ង្វៀន ភូជុង (Nguyen Phu Trong) បន្ទាប់ពីអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមរូបនេះទទួលមរណភាពកាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤។
ក្រៅពីទៅគោរពវិញ្ញាណក្ខន្ធនោះ លោក ហ៊ុន សែន ក៏បានជួបជាមួយប្រធានាធិបតីរបស់វៀតណាម លោក តូ ឡឹម។ ក្នុងជំនួបនោះ លោក ហ៊ុន សែន និងលោក តូ ឡឹម បានសន្យាពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ក៏ដូចជាកម្ពុជា វៀតណាម ឡាវ។
ក្នុងន័យនេះ ប្រធានរដ្ឋវៀតណាម បានសន្យាថានឹងបន្តនូវភារកិច្ចដែលអគ្គលេខាធិការលោក Nguyen Phu Trong បន្សល់ទុក ក៏ដូចជាការកសាងនូវមិត្តភាពជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា-វៀតណាម និងពង្រឹងពង្រីកបន្ថែមទៀតសម្រាប់មនុស្សជំនាន់ថ្មី។
ភាគីទាំងពីរក៏ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ និងអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទាំងឡាយដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក៕