31 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​លោក ហ៊ុន ម៉ាណែត លុប​បំបាត់​បនល្បែង​កាស៊ីណូ​ខុស​ច្បាប់​ឱ្យ​អស់​នៅ​ទូទាំង​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត លុប​បំបាត់​ឱ្យ​អស់​នូវ​បនល្បែង​ខុស​ច្បាប់​នៅ​ទូទាំង​ប្រទេស មិនមែន​ហាមឃាត់​មិន​ឱ្យ​មាន​បនល្បែង​កាស៊ីណូ​ត្រឹមតែ​នៅ​ខេត្ត​កែប និង​ខេត្ត​កំពត បែប​នេះ​ទេ ប្រសិនបើ​ចង់​ឱ្យ​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​នូវ​សន្តិសុខ និង​វិស័យ​ផ្សេងៗ ដូចជា​វិស័យ​ទេសចរណ៍ ជាដើម មែន​នោះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ កក្កដា នេះ​ថា អ្នក​ដែល​នៅ​ពីក្រោយ​បនល្បែង​ស៊ីសង​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា គឺ​សុទ្ធសឹងតែ​ជា​បក្ខពួក និង​ជា​សាច់ញាតិ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ទាំងអស់ ដូចជា​បងប្រុស​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ ជាដើម។

លោក គឹម សុខ លើកឡើង​ថា ឧកញ៉ា ហ៊ុន តូ កំពុង​គ្រប់គ្រង​បនល្បែង​ខុស​ច្បាប់​ដែល​កំពុង​រីក​ស្គុសស្គាយ​យ៉ាង​អនាធិបតេយ្យ​នៅ​ខេត្ត​ព្រះសីហនុ និង​បនល្បែង​ស៊ីសង​ខុស​ច្បាប់​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​ផ្សេង​ទៀត ដូចជា ល្បែង​ចាក់​កន្ទុយលេខ ល្បែង​ប្រជល់​មាន់​តាម​អនឡាញ និង​ប្រតិបត្តិការ​ធនាគារ​ងងឹត ជាដើម។ លោក​អះអាង​ថា បើ​ចង់​បង្ក្រាប​ល្បែង​ស៊ីសង ទាល់តែ​លោក ហ៊ុន ម៉ាណែត ហ៊ាន​អនុវត្ត​ច្បាប់​ចាប់​សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន​ដែល​ពាក់ព័ន្ធ​ចូល​គុក ដូចជា​លោក ហ៊ុន តូ ជាដើម។

លោក​ថា នៅ​កម្ពុជា​គ្មាន​ជំនួញ​អបាយមុខ​ណា​មួយ​ទាំង​តូច​ទាំង​ធំ អាច​ដំណើរការ​រលូន​ទៅ​បាន​ក្រៅ​ក្រសែភ្នែក​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ឡើយ ទោះ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ក៏ដោយ កុំ​ថា​ឡើយ​ដល់​ល្បែង​ស៊ីសង​ខុស​ច្បាប់​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា​ហាមឃាត់​មិន​ឱ្យ​មាន​បនល្បែង​កាស៊ីណូ​ក្នុង​ខេត្ត​ចំនួន​ពីរ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២២ កក្កដា បាន​កំណត់​ទីតាំង​ហាមឃាត់​ប្រតិបត្តិការ​បនល្បែង​កាស៊ីណូ​ក្នុង​ខេត្ត​កែប និង​ខេត្ត​កំពត ប៉ុន្តែ​សម្រាប់​តំបន់​ភ្នំ​បូកគោ និង​តំបន់​ច្រក​ព្រែកចាក គឺ​អនុញ្ញាត​ឱ្យ​ប្រតិបត្តិការ​បនល្បែង​កាស៊ីណូ​ដដែល។

អនុក្រឹត្យ​ដដែល​នេះ បញ្ជាក់​ថា ការ​ហាមឃាត់​នេះ​គឺ​ដើម្បី​លើក​កម្ពស់​ការ​វិនិយោគ​ឱ្យ​កាន់តែ​សម្បូរ​បែប​ផ្សេង​ទៀត​លើ​ផ្នែក​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រមទាំង​ដើម្បី​ពង្រឹង​អភិរក្ស​វប្បធម៌ និង​សាសនា ក៏ដូចជា​ការ​ធានា​នូវ​សន្តិសុខ​ឱ្យ​បាន​ល្អ​ប្រសើរ​ផង​ដែរ។

កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២៤ គេហទំព័រ​សារព័ត៌មាន​អន្តរជាតិ Insider Monkey បាន​ចុះផ្សាយ​ថា ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ចំណោម​ប្រទេស​ចំនួន​២០ ដែល​មាន​បនល្បែង​កាស៊ីណូ​ច្រើន​បំផុត​ទាំង​នៅ​លើ​ពិភពលោក និង​ក្នុង​តំបន់​អាស៊ាន។

ជុំវិញ​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា មហាសេដ្ឋី​ស្រុក​ខ្មែរ​មួយ​ចំនួន​បាន​ប្រកប​អាជីវកម្ម​ខាង​វិស័យ​ល្បែង​កាស៊ីណូ​ដែល​មាន​គ្រួសារ​លោក ហ៊ុន សែន នៅ​កាង​ពីក្រោយ រួម​មាន​លោក លី យ៉ុងផាត់ មាន​កាស៊ីណូ​នៅ​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ និង​ខេត្ត​ឧត្ដរមានជ័យ។ ចំណែក​ឧកញ៉ា គិត ម៉េង មាន​កាស៊ីណូ​នៅ​ខេត្ត​ស្វាយរៀង និង​ក្រុមហ៊ុន​អនឡាញ ខណៈ​លោក កុក អាន មាន​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​ស្វាយរៀង និង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ជាដើម។

ចំណែក​លោក ទ្រី ភាព មាន​កាស៊ីណូ​នៅ​ខេត្ត​រតនគិរី ខេត្ត​ឧត្ដរមានជ័យ និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដោយឡែក​លោក សុខ គង់ ក៏​មាន​កាស៊ីណូ​នៅ​តំបន់​ភ្នំ​បូកគោ និង​ខេត្ត​ព្រះសីហនុ​ផង​ដែរ។

ក្រៅពី​មហាសេដ្ឋី​ទាំងនេះ គេ​ក៏​រក​ឃើញ​ផង​ដែរ​ថា លោក ហ៊ុន សែន ឪពុក​នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត ក៏​មាន​ភាគហ៊ុន​ក្នុង​បនល្បែង​កាស៊ីណូ​ណាហ្គា​វើលដ៍​កណ្តាល​ទីក្រុង​ភ្នំពេញ​មួយ​ភាគ​ធំ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស