35.4 C
Phnom Penh

មេដឹកនាំ​ផ្ដាច់ការ​នៅ​វេណេហ្ស៊ុយអេឡា​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត តែ​បក្ស​ប្រឆាំង​ប្រកាស​ទាត់​ចោល​លទ្ធផល​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា ត្រូវ​បាន​ក្រុមប្រឹក្សា​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​នេះ ប្រកាស​ថា​ជា​បេក្ខជន​ដែល​បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ កក្កដា។

យោង​តាម​ការ​ប្រកាស​របស់​អាជ្ញាធរ​រៀបចំ​ការ​បោះឆ្នោត លោក Nicolas Maduro បាន​សំឡេង​គាំទ្រ​ជាង ៥១​ភាគរយ ហើយ​គូប្រជែង​នឹង​លោក​ជា​មេដឹកនាំ​ក្រុម​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព លោក Edmundo Gonzalez Urrutia បាន​ជាង ៤៤%។ លោក Gonzalez Urrutia ចូល​មក​ជំនួស​មេដឹកនាំ​ក្រុម​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយ គឺ​អ្នកស្រី Maria Corina Machado ដែល​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​ចន្ទ ទី​២៩ ខែ​កក្កដា។

នេះ​គឺ​ជា​អាណត្តិ​ទី​៣ ហើយ សម្រាប់​លោក Maduro ដែល​មាន​វ័យ ៦១​ឆ្នាំ បន្ទាប់ពី​រូបលោក​បាន​ឡើង​កាន់​អំណាច​ដំបូង​កាលពី​ឆ្នាំ​២០១៣។

អំឡុង​ពេល​កាន់​អំណាច លោក Maduro បាន​រង​ការ​ចោទប្រកាន់​អំពី​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​រិះគន់ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​ប្រឆាំង។

ចំណែក​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​នេះ ក៏​មាន​ការ​ចោទប្រកាន់​ផង​ដែរ​អំពី​ការ​សម្លុត​គំរាម​ក្រុម​ប្រឆាំង និង​ក្តី​បារម្ភ​អំពី​ការ​ក្លែងបន្លំ​សន្លឹកឆ្នោត។

ជ័យជម្នះ​របស់​លោក Nicolas Maduro បាន​នាំ​ឱ្យ​មាន​ការ​ចោទ​ភ្លាមៗ​ថា ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​ផ្ដាច់ការ​មួយ​នេះ បាន​រៀបចំ​តួលេខ​នៃ​ការ​បន្លំ​សន្លឹកឆ្នោត​សម្រាប់​ការ​ឈ្នះ​របស់​លោក Maduro រួច​ទៅ​ហើយ បើ​ទោះជា​មុន​ការ​បោះឆ្នោត អង្គការ​ឯករាជ្យ​បាន​ធ្វើ​ការ​ស្ទង់មតិ​ដោយ​រក​ឃើញ​ថា លោក Maduro នៅ​សល់​អ្នក​បោះឆ្នោត​ក្នុង​ដៃ​តែ ៣០% ប៉ុណ្ណោះ ហើយ​បែរ​ជា​ឈ្នះ​ទៅ​រួច។

ប្រទេស​ជាច្រើន​ចាត់ទុក​លទ្ធផល​បោះឆ្នោត​នេះ​មិន​អាច​ជឿ​ទុកចិត្ត​បាន ព្រោះ​ដំណើរ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត បង្ក​ភាព​មិន​ប្រក្រតី​ជាច្រើន​ផ្ទុះ​ឡើង។ មុន​ពេល​បោះឆ្នោត លោក Maduro បាន​គំរាម​អំពី​ការ​ផ្ទុះ​សង្គ្រាម​ស៊ីវិល ហើយ​រដ្ឋាភិបាល​លោក Maduro បាន​ហាមឃាត់​មិន​ឲ្យ​សហគមន៍​អន្តរជាតិ និង​អតីត​ប្រធានាធិបតី​ប្រទេស​ជិតខាង ទៅ​សង្កេតការណ៍​បោះឆ្នោត​ឡើយ។

ក្រុម​ប្រឆាំង​នៅ​វេណេហ្ស៊ុយអេឡា ផ្ទាល់ ក៏​បាន​ប្រកាស​មិន​ទទួលស្គាល់​ជ័យជម្នះ​របស់​លោក Maduro ផង​ដែរ។ ពួកគេ​បាន​ទាត់​ចោល​លទ្ធផល​បោះឆ្នោត។

អង្គការ​វិទ្យាស្ថាន​ស្ទង់មតិ​ក្នុង​ស្រុក និង​អន្តរជាតិ​ដែល​ធ្វើ​ការ​ស្ទង់មតិ​នៅ​មុន​ការ​បោះឆ្នោត​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បង្ហាញ​ថា គណបក្ស​ប្រឆាំង​របស់​លោក Gonzalez Urrutia អាច​នឹង​ឈ្នះ​ឆ្នោត​សំឡេង​ជាង ៦៥% ហើយ​បក្ស​សង្គម​និយម​របស់​លោក Maduro អាច​បាន​សំឡេង​គាំទ្រ​ត្រឹមតែ ១៤% ទៅ ៣១% តែប៉ុណ្ណោះ។

ជ័យជម្នះ​ដែល​អ្នក​សង្កេតការណ៍​អន្តរជាតិ​សង្ស័យ​ថា​បាន​ពី​ការ​បន្លំ​សន្លឹកឆ្នោត ដោយ​កែ​តួលេខ​អ្នក​ចេញ​ទៅ​បោះឆ្នោត​ដែល​មាន ៥៩% ដោយ​ស្ថាប័ន​បោះឆ្នោត បាន​នាំ​ឱ្យ​លោក Maduro អាច​តោង​អំណាច​រយៈពេល ៦​ឆ្នាំ​ទៅ​មុខ​ទៀត។

ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន ៨​ប្រទេស បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​បដិសេធ​លទ្ធផល​បោះឆ្នោត​ហើយ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា គោរព​សំឡេង​ឆ្នោត​ដែល​បញ្ជាក់​ពី​ឆន្ទៈ​របស់​ពលរដ្ឋ។ ប្រទេស​ឈីលី លើកឡើង​ថា លទ្ធផល​បោះឆ្នោត​ដែល​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ក្រោម​ឥទ្ធិពល​របស់​បក្ស​កាន់​អំណាច ចាត់ទុក​ថា​ជា​លទ្ធផល​ដែល​មិន​ជឿ​នោះ​ទេ។ ប្រទេស​ឈីលី ប្រកាស​ថា​មិន​ទទួលស្គាល់​សោះ​ឡើយ។

ប្រទេស​កូស្តារីកា ប្រកាស​ទាត់​ចោល​លទ្ធផល​ឆ្នោត​ទាំងស្រុង និង​ចោទប្រកាន់​លោក Maduro ថា​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត។ ចំណែក​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ថ្លែង​ក្តី​បារម្ភ​ពី​ការ​ងើប​ឡើង​ប្រឆាំង​លទ្ធផល​បោះឆ្នោត។

លោក អង់តូនី ប្ល៊ីងកិន រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ពី​ប្រទេស​ជប៉ុន ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា ផ្សព្វផ្សាយ​លទ្ធផល និង​បញ្ជី​រាប់​សន្លឹក​ឆ្នោត ដើម្បី​ផ្ទៀងផ្ទាត់​បញ្ជាក់​ពី​តម្លាភាព និង​ការ​ទទួល​ខុសត្រូវ​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។ លោក ប្ល៊ីងកិន​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ថា លទ្ធផល​បោះឆ្នោត​នេះ​មិន​បញ្ជាក់​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ​វេណេហ្ស៊ុយអេឡា។

តែ​ផ្ទុយទៅវិញ ប្រទេស​ចិន រុស្ស៊ី អ៊ីរ៉ង់ និង​គុយបា សុទ្ធសឹងតែ​ជា​ប្រទេស​ផ្ដាច់ការ បាន​ថ្លែង​កោត​សរសើរ និង​ចេញ​សារ​អបអរ​សាទរ​លោក Maduro ដែល​បាន​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​អាណត្តិ​ថ្មី​បន្ត​ទៀត។ ប្រទេស​ផ្ដាច់ការ​ទាំងនេះ សន្យា​បន្ត​ពង្រឹង​សហប្រតិបត្តិការ​ជាមួយ​លោក Maduro។

លោក Maduro បាន​សន្យា​ភ្លាមៗ​ថា លោក​នឹង​ធ្វើ​ឱ្យ​របប​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​មាន​យុត្តិធម៌ មាន​សន្តិភាព និង​ស្ថិរភាព រឹងមាំ​ថែម​ទៀត តែ​លោក​មិន​បាន​សន្យា​ធ្វើ​ឱ្យ​មាន​ការ​បង្រួម​បង្រួម​ជាតិ​ជាមួយ​កម្លាំង​ប្រឆាំង​នោះ​ទេ។

ក្រោម​ការ​ដឹកនាំ​រយៈពេល ១២​ឆ្នាំ​របស់​មេដឹកនាំ​ផ្ដាច់ការ​លោក Maduro បាន​ទាញ​ប្រទេស​ដែល​ជា​ជង្រុក​ប្រេង​ដ៏​ធំ​នៃ​ពិភពលោក ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​សង្គម និង​នយោបាយ។ លោក Maduro បាន​រុញ​ប្រទេស​វេណេហ្ស៊ុយអេឡា ធ្លាក់​ក្នុង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​របស់​សហគមន៍​អន្តរជាតិ។

របប​ផ្ដាច់ការ​របស់​លោក Maduro បាន​បណ្ដាល​ឱ្យ​ប្រជាជន​វេណេហ្ស៊ុយអេឡា ប្រមាណ​ជាង ៧​លាន​នាក់ បង្ខំ​ចិត្ត​រត់​ចោល​ប្រទេស​របស់​ខ្លួន ព្រោះ​តែ​ការ​ដឹកនាំ បាន​នាំ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ប្រជាជន និង​ចាប់​អ្នក​រិះគន់​ដាក់​ពន្ធនាគារ​រាប់​រយ​នាក់៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស