33.8 C
Phnom Penh

លោក ដូណាល់ ត្រាំ ថា​នឹង​ជួប​មេ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា ខណៈ​ឯ​ទីក្រុង​ការ៉ាកាស ដោះលែង​អ្នកទោស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា អ្នកស្រី Maria Corina Machado នឹង​មក​ទីក្រុង​វ៉ាស៊ីនតោន នា​សប្តាហ៍​ក្រោយ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Bloomberg ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​មករា ឆ្នាំ​២០២៦។

ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News លោក ត្រាំ បាន​និយាយ​ថា អ្នកស្រី Machado នឹង​មក​ជួប​លោក​នៅ​ទីក្រុង​វ៉ាស៊ីនតោន ដែល​ជា​ការ​លើកដំបូង​បន្ទាប់ពី​ការ​វាយប្រហារ​ពី​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​របស់​អ្នកស្រី ឈាន​ដល់​ចាប់​ខ្លួន​លោក នីកូឡាស ម៉ាឌូរ៉ូ នាំ​ខ្លួន​យក​ទៅ​កាត់ទោស​នៅ​ទីក្រុង​ញូវយ៉ក ក្រោម​បទ​ចោទ​ជនផ្ដាច់ការ​វេណេហ្ស៊ុយអេឡា រូប​នេះ​ជា​មេខ្លោង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន និង​អង្គការ​ភេរវកម្ម​បរទេស។

អ្នកស្រី Machado និយាយ​ថា ចាប់តាំងពី​ខែ​តុលា ឆ្នាំ​២០២៥ មក អ្នកស្រី​មិន​បាន​និយាយ​ទៅ​កាន់​មន្ត្រី​សេតវិមាន​ណា​ម្នាក់ និង​លោក ត្រាំ ផ្ទាល់​នោះ​ទេ តែ​អ្នកស្រី​អបអរ​សាទរ​ជា​ខ្លាំង​ដែល​កងទ័ព​សហរដ្ឋ​អាមេរិក​វាយឆ្មក់​ចូល​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ បាន​ដោយ​ជោគជ័យ ក្រោម​ការ​បញ្ជា​របស់​លោក ត្រាំ។ អ្នកស្រី​អរគុណ​លោក ត្រាំ ដោយ​ចាត់ទុក​ជា​ការ​រំដោះ​ប្រទេស​វេណេហ្ស៊ុយអេឡា ចេញពី​របប​ផ្ដាច់ការ​របស់​លោក ម៉ាឌូរ៉ូ។

ទោះជា​យ៉ាងនេះ​ក្តី របប​លោក ម៉ាឌូរ៉ូ មិន​បាន​ដួល​រលំ​នោះ​ទេ ដែល​នៅ​ខណៈ​នេះ អនុប្រធានាធិបតី​លោក ម៉ាឌូរ៉ូ គឺ​អ្នកស្រី Delcy Rodriguez ត្រូវ​បាន​ចៅក្រម​តុលាការ​កំពូល​ប្រទេស​នេះ​តែងតាំង​ជា​ប្រធានាធិបតី​ស្ដីទី​ជំនួស​លោក ម៉ាឌូរ៉ូ ដែល​កំពុង​ឃុំ​ខ្លួន​ជាមួយ​នឹង​ភរិយា​របស់​គាត់​នៅ​ក្នុង​ពន្ធនាគារ​មួយ​នៅ​ទីក្រុង​ញូវយ៉ក។ ទាំង​លោក ម៉ាឌូរ៉ូ ទាំង​ភរិយា ត្រូវ​រង់ចាំ​ជំនុំ​ជម្រះក្ដី​នៅ​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៦ ពាក់ព័ន្ធ​ការ​ចោទ​ពី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក ថា លោក​និង​ភរិយា​របស់​លោក​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ចូល​សហរដ្ឋ​អាមេរិក​នោះ ហើយ​ថា​លោក ម៉ាឌូរ៉ូ ផ្ទាល់​ជា​មេ​បណ្ដាញ​គ្រឿងញៀន និង​ជា​មេ​អង្គការ​ភេរវកម្ម​បរទេស។

លោក ត្រាំ បាន​ថ្លែង​ក្នុង​ពេល​កំពុង​សហការ​ជាមួយ​នឹង​ប្រធានាធិបតី​ស្ដីទី​នៃ​របប​លោក ម៉ាឌូរ៉ូ គឺ Delcy Rodriguez ដោយ​ព្រមាន​ថា បើ Delcy Rodriguez មិន​ព្រម​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក​គឺ​របប​សេសសល់​ពី​លោក ម៉ាឌូរ៉ូ នឹង​ប្រឈមមុខ​នឹង​ការ​វាយប្រហារ​ម្ដង​ទៀត ហើយ​ចង់​មិន​ចង់ ប្រធានាធិបតី​ស្ដីទី Delcy Rodriguez នឹង​ជួប​វាសនា​អាក្រក់​ជាង​លោក ម៉ាឌូរ៉ូ ទៅ​ទៀត។

លោក ដូណាល់ ត្រាំ បាន​ហៅ​រដ្ឋាភិបាល​របស់​អ្នកស្រី Delcy Rodriguez ជា​រដ្ឋាភិបាល​បណ្ដោះអាសន្ន ប៉ុន្តែ​អ្នកស្រី Machado ចង់​ឱ្យ​លោក ត្រាំ ជួយ​ដំឡើង​រដ្ឋាភិបាល​ថ្មី​របស់​លោក Edmundo González ដែល​ជា​បេក្ខជន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៤។ លោក Edmundo González ជា​ជំនួយការ​របស់​អ្នកស្រី Machado មក​ពី​បក្ស​ប្រជាជន​រួបរួម។

នៅ​ពេល​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​បណ្ដោះអាសន្ន​របស់​អ្នកស្រី Delcy Rodriguez កំពុង​ចាប់ផ្ដើម​ដោះលែង​អ្នកទោស​នយោបាយ​ល្បីៗ​ដែល​ជា​សម្ពន្ធភាព​នឹង​អ្នកស្រី Machado និង​អ្នកទោស​ជា​ជនបរទេស។ ក្នុង​ចំណោម​អ្នកទោស​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ មាន​លោក Enrique Márquez អតីត​បេក្ខជន​ប្រធានាធិបតី និង​លោក​អតីត​សមាជិក​សភា Biagio Pilieri មកពី​បក្ស​ប្រឆាំង​មួយ​ផ្សេង​ទៀត។

គេ​មិន​ដឹង​ថា​អ្នកទោស​មនសិការ​ចំនួន​ប៉ុន្មាន​នាក់​នោះ​ទេ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ ប៉ុន្តែ​យោង​តាម​ក្រុម​អង្គការ​សិទ្ធិមនុស្ស​មួយ​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា Foro Penal ប៉ាន់ប្រមាណ​ថា អ្នកទោស​នយោបាយ​ជាង ៨០០ បាន​កំពុង​ជាប់​ឃុំ​នៅ​ក្រោម​របប​លោក ម៉ាឌូរ៉ូ។

ទោះជា​យ៉ាងណាក្ដី អ្នកស្រី Machado ប្រកាស​សាទរ​ការ​ដោះលែង​អ្នកទោស។ អ្នកស្រី​និយាយ​ថា អយុត្តិធម៌​មិន​ត្រូវ​មាន​ក្នុង​សង្គម​វេណេហ្ស៊ុយអេឡា នោះ​ទេ។ របប​អយុត្តិធម៌​គ្មាន​អមតៈ​ឡើយ។ អ្នកស្រី Corina Machado មិន​ទទួលស្គាល់​អ្នកស្រី Delcy Rodriguez ជា​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា នោះ​ទេ។ អ្នកស្រី​បាន​ស្នើ​ឱ្យ​លោក ត្រាំ ទទួលស្គាល់​បេក្ខជន​តំណែង​ប្រធានាធិបតី​ពី​បក្ស​ប្រជាជន​រួបរួម គឺ​លោក Edmundo González Urrutia អ្នក​ការទូត​ជើងចាស់​ដែល​ឈ្នះ​ការ​បោះឆ្នោត​លើ​លោក ម៉ាឌូរ៉ូ ជា​ប្រធានាធិបតី។ លោក González Urrutia ជា​ដៃស្ដាំ​អ្នកស្រី Machado ខណៈ​អ្នកស្រី​ជា​មេ​បក្ស​ប្រឆាំង​នៃ​បក្ស​ប្រជាជន​រួបរួម។

តាម​អ្នកស្រី​មេ​បក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​នេះ ប្រជាជន​វេណេហ្ស៊ុយអេឡា គឺជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០២៤ ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​ពេល​នោះ​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ បក្ស​ប្រជាជន​រួបរួម ត្រូវ​បាន​រក​ឃើញ​ថា​បាន​ឈ្នះ​ជាង ៩០% នៃ​សន្លឹកឆ្នោត តែ​ត្រូវ​បាន​លោក ម៉ាឌូរ៉ូ ប្លន់​ជ័យជម្នះ​ពី​ប្រជាជន​វេណេហ្ស៊ុយអេឡា៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស