31 C
Phnom Penh

បដិវត្តន៍​របស់​ប្រជាជន​កំពុង​ផ្ទុះ​ខ្លាំង​នៅ​វេណេហ្ស៊ុយអេឡា ដើម្បី​ទាញ​ទម្លាក់​ជន​ផ្ដាច់ការ Maduro ពី​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វេណេហ្ស៊ុយអេឡា ជា​ប្រទេស​មួយ​នៅ​អាមេរិក​ខាងត្បូង។ ប្រទេស​ដែល​ជា​ជង្រុក​ប្រេង​ដ៏​ធំ​មួយ​នេះ​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ជាង ១០​ឆ្នាំ​មក​ហើយ ចាប់តាំងពី​លោក នីកូឡាស ម៉ាឌុយរ៉ូ ឡើង​កាន់​តំណែង​ប្រធានាធិបតី​ជំនួស​ជន​កុម្មុយនីស្ត ហ៊ុងហ្គូ ឆាវេស នៅ​ឆ្នាំ​២០១៣។

លោក ម៉ាឌុយរ៉ូ ពង្រឹង​អំណាច​យ៉ាង​ណែន​ក្នុង​ដៃ​ភ្លាម​ជាមួយ​នឹង​ការ​ចាត់​វិធានការ​បោស​សម្អាត​ក្រុម​ប្រឆាំង។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មាន​ឱកាស​ផ្ដួល​លោក​ពី​អំណាច ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ឬ​ចាត់​វិធានការ​ឱ្យ​រត់​ចោល​ប្រទេស។ ឥឡូវ ប្រទេស​នេះ​បាន​កំពុង​ធ្លាក់​ក្នុង​ការ​បះបោរ​ម្ដង​ទៀត​ហើយ។

ប្រជាជន​រាប់​សែន​នាក់ រួម​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង បាន​ចេញ​តវ៉ា​តាម​ដង​វិថី​នានា​នៅ​រដ្ឋធានី​ការ៉ាកាស និង​ទីក្រុង​ជាច្រើន​នៅ​ទូទាំង​ប្រទេស ប្រឆាំង​នឹង​លោក ម៉ាឌុយរ៉ូ ដែល​ត្រូវ​បាន​ក្រុមប្រឹក្សា​ជាតិ​បោះឆ្នោត​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ប្រកាស​ថា​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ កក្កដា។

ក្រុម​តវ៉ា​បាន​ទាមទារ​ថា បេក្ខជន​ដែល​ឈ្នះ​ឆ្នោត​ពិតប្រាកដ គឺ​លោក Edmundo Gonzalez Urrutia។

ក្រុម​ប្រឆាំង​បាន​ហៅ​លោក ម៉ាឌុយរ៉ូ និង​ក្រុមប្រឹក្សា​ជាតិ​បោះឆ្នោត ថា​បាន​លួច​បន្លំ​ការ​បោះឆ្នោត​ព្រោះ​តែ​មាន​ផែនការ​បំភាន់​តួលេខ​សម្រាប់​លោក ម៉ាឌុយរ៉ូ ខណៈ​ការ​រាប់​សន្លឹក​ឆ្នោត​បាន​ត្រឹមតែ ៨០% ស្រាប់​តែ​លោក ម៉ាឌុយរ៉ូ ប្រកាស​ថា​លោក​ជា​អ្នក​ឈ្នះ​ឆ្នោត ដែល​នាំ​ឱ្យ​ក្រុម​ប្រឆាំង​ប្រកាស​ទាត់​ចោល​លទ្ធផល​បោះឆ្នោត។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន PBS News ការ​តវ៉ា​បាន​ផ្ទុះ​ពេញ​ប្រទេស ហើយ​ក៏​មាន​ផ្ទុះ​កុបកម្ម​វាយ​ប្រតប់​គ្នា​រវាង​កុបករ និង​សមត្ថកិច្ច​ប៉ូលិស ដែល​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស។ កាលពី​ថ្ងៃ​ពុធ ទី​៣១ កក្កដា មនុស្ស ១២​នាក់​ស្លាប់។ បាតុករ​ជិត ៨០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ក្រៅពី​នេះ ក្រុម​បាតុករ​ក៏​បាន​វាយ​ទម្លាក់​រូបសំណាក​ជន​កុម្មុយនីស្ត​ដ៏​កំពូល​បំផុត លោក ហ៊ុងហ្គូ ឆាវេស ដែល​រដ្ឋាភិបាល​លោក ម៉ាឌុយរ៉ូ បាន​ហៅថា​ជា​វីរបុរស​របស់​ខ្លួន។

តែ​ពេលនេះ កម្លាំង​ប្រឆាំង​មិន​ចុះថយ​ឡើយ។ មេដឹកនាំ​បក្ស​ប្រឆាំង ២​រូប​ដ៏​មាន​ប្រជាប្រិយ​បំផុត បាន​ចេញ​មុខ​ដឹកនាំ​ការ​តវ៉ា​នៅ​រដ្ឋធានី​ការ៉ាកាស។ អ្នកស្រី Maria Corina Machado ជា​មេ​ក្រុម​បក្ស​ប្រឆាំង​ដែល​របប​លោក ម៉ាឌុយរ៉ូ ចេញ​ច្បាប់​មិន​ឱ្យ​ឈរឈ្មោះ​បោះឆ្នោត បាន​ឡើង​លើ​រថយន្ត​ជាមួយ​លោក Edmundo Gonzalez Urrutia ដែល​ជា​គូប្រជែង​នឹង​លោក ម៉ាឌុយរ៉ូ។ ពួក​គាត់​បាន​ស្រែក​ប្រឆាំង​នឹង​ជ័យជម្នះ​របស់​លោក ម៉ាឌុយរ៉ូ ដោយ​ហៅថា​ជា​ជោគជ័យ​ក្លែងក្លាយ​កើត​ចេញពី​ការ​លួច​បន្លំ​ការ​បោះឆ្នោត។

មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង ២​រូប​នេះ​នៅតែ​ទាមទារ​ថា លោក ម៉ាឌុយរ៉ូ មិន​ត្រូវ​តោង​អំណាច​ទៀត​នោះ​ទេ។ អ្នកស្រី Maria Corina Machado នៅតែ​សន្យា​នៅ​ជាមួយ​ប្រជាជន​ដែល​ចេញ​មុខ​ប្រឆាំង​នឹង​ជ័យជម្នះ​ក្លែងក្លាយ​របស់​លោក ម៉ាឌុយរ៉ូ ដែល​អ្នកស្រី​ថា​នៅ​ជាមួយ​ប្រជាជន​ដើម្បី​ប្រជាជន។

ប្រទេស​ជាច្រើន​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​បោះឆ្នោត​ជាតិ​វេណេហ្ស៊ុយអេឡា បង្ហាញ​ភាព​ស្មោះត្រង់​ដោយ​គោរព​ឆន្ទៈ​របស់​ប្រជាជន។ ប្រទេស​លោក​ខាងលិច សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​លោក ម៉ាឌុយរ៉ូ ដែល​កំពុង​ប្រើ​ហិង្សា​បង្ក្រាប​អ្នក​តវ៉ា។

រដ្ឋមន្ត្រី​កិច្ចការ​នយោបាយ​ការបរទេស​អឺរ៉ុប លោក Josep Borrell បាន​ទាមទារ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ។ លោក​ទាមទារ​ថា​ការ​រាប់​សន្លឹក​ឆ្នោត​ត្រូវ​បង្ហាញ​ជា​សាធារណៈ បើ​ពុំ​នោះ​ទេ សហភាព​អឺរ៉ុប មិន​ទទួល​យក​លទ្ធផល​បោះឆ្នោត​នេះ​ទេ។ លោក​ព្រមាន​ថា សហភាព​អឺរ៉ុប នឹង​បន្ត​ដាក់​ទណ្ឌកម្ម​ថែម​ទៀត។

ប្រទេស​ប្រេស៊ីល ក៏​ទាមទារ​ឲ្យ​វេណេហ្ស៊ុយអេឡា បង្ហាញ​របាយការណ៍​លម្អិត​ស្ដីពី​ការ​រាប់​សន្លឹក​ឆ្នោត។ ប្រធានាធិបតី​ប្រេស៊ីល លោក លូឡា បាន​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​សម​ភាគី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​ប្រកាន់​ជំហរ​ដូច​គ្នា​ជំរុញ​ឲ្យ​វេណេស៊ុយអេឡា បង្ហាញ​សុក្រឹតភាព​នៃ​លទ្ធផល​បោះឆ្នោត។ ប្រធានាធិបតី​កូឡំប៊ី Gustva Petro បាន​ប្រកាស​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ ប្រឆាំង​ការ​លួច​បន្លំ​ការ​បោះឆ្នោត​ដែល​នាំ​ឱ្យ​តំបន់​អាមេរិក​ឡាទីន​ជួប​វិបត្តិ។

ចំណែក​ក្រុម​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន G-7 ដែល​មាន​ប្រទេស​កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និង​សហរដ្ឋ​អាមេរិក បាន​ទាមទារ​ឱ្យ​សើរើ​សន្លឹកឆ្នោត​ឡើងវិញ។

ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន ចំនួន ៩​ប្រទេស បាន​ទាមទារ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ចំពោះ​មុខ​អ្នក​សង្កេតការណ៍​ឯករាជ្យ។ ជាមួយ​គ្នា​នេះ សមាជិក​ព្រឹទ្ធសភា សហរដ្ឋ​អាមេរិក បាន​ទាមទារ​ឱ្យ​រដ្ឋការ​លោក ចូ បៃដិន ទទួល​ស្គាល់​ថា ជ័យជម្នះ​បាន​ទៅ​លើ​បេក្ខជន​មកពី​បក្ស​ប្រឆាំង។

ប្រតិកម្ម​នឹង​ប្រទេស​ក្នុង​តំបន់ រដ្ឋាភិបាល​លោក ម៉ាឌុយរ៉ូ បាន​ដក​មន្ត្រី​ទូត​របស់​ខ្លួន​ចេញពី​ប្រទេស ៧ នៅ​ក្នុង​តំបន់ ដោយ​ប្រកាស​ផ្តាច់​ទំនាក់ទំនង​ការទូត​ទាំងស្រុង។ ប្រតិកម្ម​របស់​លោក ម៉ាឌុយរ៉ូ បន្ទាប់ពី​ប្រទេស​ប៉េរូ បាន​ទទួលស្គាល់​ថា​បេក្ខជន​បក្ស​ប្រឆាំង​គឺជា​អ្នក​ឈ្នះ​ឆ្នោត។

ទោះជា​យ៉ាងណា លោក ម៉ាឌុយរ៉ូ បាន​ប្ដឹង​ទៅ​កាន់​តុលាការ​កំពូល​ឱ្យ​ធ្វើ​ការ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើង​វិញ​លទ្ធផល​បោះឆ្នោត ដែល​លោក​ថា​ដើម្បី​សម្អាត​ការ​ចោទប្រកាន់​ថា​លោក​ឈ្នះ​ឆ្នោត​កើត​ចេញពី​ការ​បន្លំ​ការ​បោះឆ្នោត។

ក្នុង​ស្ថានភាព​នេះ លោក Vladimir Padrino រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វេណេហ្ស៊ុយអេឡា ប្រកាស​ពី​ភក្ដីភាព​ឥត​ងាករេ​ចំពោះ​លោក ម៉ាឌុយរ៉ូ។ ចំណែក​ប្រធាន​រដ្ឋសភា លោក Jorge Rodriguez បាន​អំពាវនាវ​ឲ្យ​ចាប់​ខ្លួន​មេៗ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ។

តែ​ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ បាន​ហៅ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​នៅ​វេណេហ្ស៊ុយអេឡា កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ កក្កដា ថា​ជា​ការ​វាយ​សំពង​ប្រជាធិបតេយ្យ​ដ៏​ធ្ងន់ធ្ងរ​បំផុត។

លោក ម៉ាឌុយរ៉ូ បាន​ឡើង​កាន់​អំណាច​ប្រធានាធិបតី​មកពី​បក្ស​សង្គម​និយម ជំនួស​លោក ហ៊ុងហ្គូ ឆាវេស នៅ​ឆ្នាំ​២០១៣ ដែល​លោក ឆាវេស ទទួល​មរណភាព​ដោយ​ជំងឺ​មហារីក។ លោក ម៉ាឌុយរ៉ូ ដែល​ក្លាយ​ពី​អ្នក​រត់​តាក់ស៊ី សកម្មជន​សមាគម​អ្នក​រត់​តាក់ស៊ី មក​ក្លាយ​ជា​ប្រធានាធិបតី។

បើ​ប្រជាជន​វេណេហ្ស៊ុយអេឡា មិន​អាច​ទាញ​គាត់​ទម្លាក់​ពី​អំណាច​បាន​ទេ លោក ម៉ាឌុយរ៉ូ នឹង​កាន់​តំណែង​ប្រធានាធិបតី​ដែល​ក្រុម​ប្រឆាំង​ចោទ​ថា​ប្រធានាធិបតី​ក្លែងក្លាយ​កើត​ចេញពី​ការ​បន្លំ​ការ​បោះឆ្នោត នឹង​បន្ត​កាន់​អំណាច ៦​ឆ្នាំ​ទៀត​រហូត​ដល់​ឆ្នាំ​២០៣១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស